ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន អនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃជាចំណែកសំខាន់នៃការគ្រប់គ្រង និងអប់រំសីលធម៌
ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច លោកស្រីឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន បានចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី២៩នារសៀលថ្ងៃទី២១ ខែធ្នូ បានវាយតម្លៃខ្ពស់ពីពិធីជួបជុំនៃព្រះសង្ឃប្រចាំឆ្នាំដោយបានលើកឡើងថា មហាសន្និបាតនេះបានរួមចំណែកក្នុងការឆ្លើយតបទៅនឹងបញ្ហាដែលកំពុងកើតមាននាពេលបច្ចុប្បន្នក្នុងជួរព្រះសង្ឃ និងពុទ្ធសាសនិក ព្រមទាំងបានរំលេច ឡើងនូវបទពិសោធន៍ ចំណេះដឹងជាក់ស្ដែង និងយន្ដការថ្មីៗ ដើម្បីរួមចំណែកបង្កើនប្រសិទ្ធិភាពនៃការដឹកនាំ គ្រប់គ្រង និងការអប់រំសីលធម៌ តាមមាគ៌ាព្រះសម្មាសម្ពុទ្ធបរមគ្រូ និងតាមក្រឹតក្រមច្បាប់របស់រដ្ឋ។
លោកស្រីឧបនាយករដ្ឋមន្ត្រីបានចូលរួមចំណែកក្នុងអនុសំវច្ឆរមហាសន្និបាតនេះផងដែរដោយ ស្នើដល់គណៈសង្ឃគ្រប់លំដាប់ថ្នាក់និងអ្នកចូលរួមទាំងអស់ក្នុងមហាសន្និបាតនេះ ចូលរួមឱ្យកាន់តែសកម្មថែមទៀតជាមួយរាជរដ្ឋាភិបាល ធ្វើការផ្សព្វផ្សាយ អប់រំនូវវិធានការនានារបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។ រួមគ្នាអនុវត្ដឲ្យបានតាមច្បាប់រដ្ឋធម្មនុញ្ញ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្ដិដែលមានស្រាប់ដើម្បីសហការជាមួយ រាជរដ្ឋាភិបាល ឱ្យក្លាយទៅជាកម្លាំងចលករដ៏មានសារៈសំខាន់ ក្នុងការអភិវឌ្ឍប្រទេសជាតិ។
ជាងនេះទៅទៀតលោកស្រីឧបនាយករដ្ឋមន្ត្រីបានស្នើដល់ គណៈសង្ឃគ្រប់លំដាប់ថ្នាក់ ព្រមទាំងសាសនាផ្សេងៗទៀតប្រកាន់យកនូវទំនាក់ទំនងនិងកិច្ចសហប្រតិបត្ដិការល្អថែមទៀតជាមួយក្រសួងធម្មការ និងសាសនា មន្ទីរធម្មការ និងសាសនារាជធានី-ខេត្ដ ដើម្បីសហការបំពេញការងារឱ្យកាន់តែមានប្រសិទ្ធភាព និងទទួលបានលទ្ឋផលល្អ ប្រកបដោយការយោគយល់ និងអធ្យាស្រ័យគ្នាទៅវិញទៅមក។ ដោយឡែកក្រសួងធម្មការ និងសាសនា និងគណៈសង្ឃនាយក ត្រូវយកចិត្ដទុកដាក់ពង្រឹងគុណភាពសាលាពុទិ្ឋកសិក្សាគ្រប់កម្រិត ទាំងថ្នាក់ធម្មវិន័យ ឱ្យក្លាយជាថ្នាលបណ្ដុះបណ្ដាលធនធានមនុស្ស ប្រកបដោយគុណភាព ប្រសិទ្ធភាព ផ្នែកព្រះធម៌ ភាសាបាលី សំស្ក្រឹត និងចំណេះដឹងទូទៅ។
អនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃ គឺជាសន្និបាតមន្ត្រីសង្ឃប្រចាំឆ្នាំដើម្បីពិភាក្សាលើប្រធានបទសំខាន់ៗដែលបម្រើដល់ប្រយោជន៍នៃការបង្កើនធ្លុងមហាសាមគ្គីក្នុងជួរព្រះសង្ឃនិងពុទ្ធសាសនិក សម្រាប់ប្រមូលផ្ដុំគំនិតនិងបញ្ញាញាណដ៏ទូលំទូលាយរិះរកវិធានការសមស្របដើម្បីរួមចំណែកកាត់បន្ថយនូវបញ្ហាអវិជ្ជមានមួយចំនួន ដែលជះឥទ្ធិពលមិនល្អដល់ព្រះពុទ្ធសាសនានិងឈោងចាប់យកនូវវិធីសាស្ត្រ បទពិសោធន៍ថ្មីៗ សម្រាប់ដឹកនាំគ្រប់គ្រងព្រះពុទ្ធសាសនា និងចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍប្រទេសជាតិ។
អនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃឆ្នាំ២០២១ជាមហាសន្និបាតមន្រ្តីសង្ឃទូទាំងប្រទេសលើកទី២៩ ដែលបានប្រព្រឹត្តិទៅរយៈពេល២ថ្ងៃគឺចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២១ ខែធ្នូ៕