កម្ពុជា-វៀតណាម ពន្លឿនការទទួលស្គាល់លិខិតឆ្លងដែន វិញ្ញាបនបត្រចាក់វ៉ាក់សាំងកូវីដ-១៩ និងជំរុញពាណិជ្ជកម្ម ការវិនិយោគនៃប្រទេសទាំងពីរបន្ថែម
ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន និងប្រធានាធិបតីវៀតណាមលោក ង្វៀន សួនហ៊្វុក បានព្រមព្រៀងគ្នាពន្លឿនការពិភាក្សាទទួលស្គាល់លើលិខិតឆ្លងដែន និងវិញ្ញាបនបត្រចាក់វ៉ាក់សាំងកូវីដ-១៩ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាជននៃប្រទេសទាំងពីរ ក៏ដូចជាសម្រួលដល់ការធ្វើពាណិជ្ជកម្មនៃប្រទេសទាំងពីរ។
ជំនួយការសម្ដេចតេជោ ហ៊ុន សែន គឺលោក អ៊ាង សុផល្លែត បានថ្លែងប្រាប់អ្នកសារព័ត៌មានបន្ទាប់ពីជំនួបរវាងសម្ដេចតេជោ ហ៊ុន សែន ជាមួយប្រធានាធិបតីវៀតណាមលោក ង្វៀន សួនហ៊្វុក នៅរសៀលនេះឱ្យដឹងថាទាំងសម្ដេចតេជោនិងប្រធានាធិបតីវៀតណាមបានសំដែងនូវការពេញចិត្តចំពោះមិត្តភាពរវាងប្រទេសទាំងពីរដែលសម្រេចបាន និងបានព្រមព្រៀងគ្នាក្នុងការជំរុញពាណិជ្ជកម្មនិងការវិនិយោគនៃប្រទេសទាំងពីរបន្ថែម។
លើសពីនេះទៀតដើម្បីសម្រួលដល់ការឆ្លងដែន និងពាណិជ្ជកម្ម ភាគីទាំងពីរបានព្រមព្រៀងគ្នាក្នុងការពន្លឿនការទទួលស្គាល់វិញ្ញាបនបត្រចាក់វ៉ាក់សាំងកូវីដ-១៩ផងដែរ។
លោក អ៊ាង សុផល្លែត បានប្រាប់ថា៖ «ភាគីទាំងពីរក៏បានព្រមព្រៀងគ្នាផងដែរក្នុងការពន្លឿនការចុះហត្ថលេខាស្ដីពីពាណិជ្ជកម្មតាមព្រំដែន។ ភាគីទាំងពីរក៏បានឯកភាពគ្នាថែមទៀតក្នុងការពន្លឿនកិច្ចពិភាក្សាឆ្ពោះទៅកាន់ការទទួលស្គាល់គ្នាទៅវិញទៅមកលើលិខិតឆ្លងដែន និងវិញ្ញាបនបត្រចាក់វ៉ាក់សាំងដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាជនទាំងសងខាងផង សម្រួលដល់ការធ្វើពាណិជ្ជកម្មរវាងប្រជាជនប្រទេសទាំងពីរផង» ។
គួរបញ្ជាក់ផងដែរថាក្រោយកិច្ចប្រជុំរវាងប្រមុខរាជរដ្ឋាភិបាល និងរដ្ឋាភិបាលនៃប្រទេសទាំងពីរក៏បានចុះហត្ថលេខាលើឯកសារចំនួន៧ដែល ទាក់ទងនឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីលើកិច្ចការពារជាតិ និងសន្ដិសុខផ្ទៃក្នុង ការអប់រំ យុត្តិធម៌ ការងារលើវិស័យសេដ្ឋកិច្ច វប្បធម៌ បច្ចេកវិទ្យា និងកំណត់ហេតុពីព្រំដែន ក៏ដូចជាការបញ្ចប់ការចរចារបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មតាមព្រំដែនផងដែរ។
នៅចុងឆ្នាំនេះប្រទេសកម្ពុជាគ្រោងបើកច្រកទ្វារព្រំដែនជាមួយប្រទេសថៃ ខណៈរាជាណាចក្រក្បែរខាងនេះបានដាក់ប្រទេសកម្ពុជាជាប្រទេសដែលមានសុវត្ថិភាពក្នុងការចេញចូលប្រទេសខ្លួនផងដែរ។
ចំណែកឯកាលពីម្សិលមិញ អនុរដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋសង្គមនិយមវៀតណាមលោក Nguyen Minh Vu ក៏បានស្នើសុំដល់ក្រសួងមហាផ្ទៃកម្ពុជាពិនិត្យលទ្ធភាពរៀបចំបើកច្រកទ្វារព្រំដែនមួយចំនួនឡើងវិញផងដែរ។ ទោះជាយ៉ាងណារដ្ឋលេខាធិការក្រសួងមហាផ្ទៃលោក សុខ ផល បានជម្រាបទៅវិញថាក្រសួងបានទទួលយកសំណើរ ហើយនិងពិនិត្យមើល និងប្រជុំពិភាក្សាឱ្យបានគ្រប់ជ្រុងជ្រោយបន្ថែមទៀត ដើម្បីដាក់ជូនរាជរដ្ឋាភិបាលកម្ពុជាពិនិត្យ និងសម្រេចបន្ត៕
PHOTO: Kok Ky