ខេត្តបាត់ដំបង សម្រេចបិទខ្ទប់ជាបណ្តោះអាសន្នទីតាំងផ្ទះចំនួន៤ ស្ថិតនៅក្នុងឃុំបាសាក់ ស្រុករុក្ខគិរី
បាត់ដំបង : ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១ រដ្ឋបាលខេត្តបាត់ដំបងបានសម្រេចការបិទខ្ទប់ជាបណ្តោះអាសន្នទីតាំងផ្ទះចំនួន៤ ស្ថិតនៅក្នុងឃុំបាសាក់ ស្រុករុក្ខគិរី ក្រោយពីបានរកឃើញឈ្មោះ សឿង សុខមាន ភេទស្រី អាយុ១៩ឆ្នាំ ដែលមកពីរាជធានីភ្នំពេញ និងពាក់ព័ន្ធទីតាំងផ្ទះចំនួន៤ខ្នង នៅក្នុងភូមិ ឃុំ ខាងលើមានជំងឺកូវីដ-១៩។
រដ្ឋបាលខេត្ត បានអំពាវនាវដល់ប្រជាពលរដ្ឋដែលបានប៉ះពាល់ដោយផ្ទាល់ សូមរួសរាន់មកជួបក្រុមគ្រូពេទ្យ និងធ្វើចត្តាឡីស័ក ដើម្បីយកសំណាកទៅពិនិត្យ និងអ្នកប៉ះពាល់ដោយប្រយោលជាមួយអ្នកវិជ្ជមានជំងឺកូវីដ-១៩ សូមរួសរាន់ធ្វើចត្តាឡីស័កតាមផ្ទះក្នុងក្រុមគ្រួសាររៀងៗខ្លួនដោយមិនត្រូវពាក់ព័ន្ធនិងប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាត។
រដ្ឋបាលខេត្តបាត់ដំបង បានបន្តថានាយករដ្ឋបាលសាលាខេត្ត ស្នងការដ្ឋាននគរបាលខេត្ត បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងខេត្ត អភិបាលនៃគណៈអភិបាលស្រុករុក្ខគិរី ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត ប្រធានមន្ទីរ អង្គភាពជំនាញជុំវិញខេត្ត ត្រូវទទួលបន្ទុកអនុវត្តសេចក្ដីសម្រេចនេះឱ្យមានប្រសិទ្ធភាព៕