ភ្នំពេញ៖ ឯកសារកិច្ចសហការរវាងក្រសួងនិងស្ថាប័នចំនួន៧នឹងត្រូវចុះហត្ថលេខាក្នុងដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីវៀតណាមលោក ង្វៀន សួនហ៊្វុក មកកម្ពុជានៅថ្ងៃនេះ។
ឯកសារទាំង៧នោះរួមមានផែនការសហប្រតិបត្តិការឆ្នាំ២០២២រវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងនគរបាលនៃសាធាររណរដ្ឋសង្គមនិយមវៀតណាម ផែនការសហការរវាងក្រសួងការពារជាតិរវាងប្រទេសទាំងពីរ។ ឯកសារ២ទៀតគឺទាក់ទងនឹងការងារចម្រុះរវាងប្រទេសទាំងពីររួមមានវិស័យសេដ្ឋកិច្ច វប្បធម៌ និងបច្ចេកវិទ្យា និងកំណត់ហេតុពីព្រំដែនផងដែរ។
ក្រៅពីនេះក៏មានការចុះហត្ថលេខាលើអនុស្សារណៈនិងផែនការសកម្មភាពចំនួន៣ទៀតទាក់ទងនឹង ការសហប្រតិបត្តិការលើវិស័យអប់រំ ការបញ្ចប់ការចរចាបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មតាមព្រំដែន និងផែនការសកម្មភាពសម្រាប់ឆ្នាំ២០២២-២០២៣ រវាងក្រសួងយុត្តិធម៌កម្ពុជានិងវៀតណាម។
ប្រធានាធិបតីនៃសាធារណរដ្ឋសង្គមនិយមវៀតណាមលោក ង្វៀន សួនហ៊្វុក បានមកបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជាហើយនៅព្រឹកថ្ងៃទី២១ ខែធ្នូនេះក្នុងដំណើរទស្សនកិច្ច លោកនឹងចូលគ្រាបបង្គំគាល់ព្រះមហាក្សត្រកម្ពុជា ព្រះសង្ឃរាជទាំងពីរគណៈ និងជួបពិភាក្សាការងារជាមួយសម្ដេចប្រធានព្រឹទ្ធសភា រដ្ឋសភា និងសម្ដេចតេជោនាយករដ្ឋមន្ត្រីផងដែរ។ ក្រៅពីនេះលោកនឹងចូលរួមក្នុងពិធីបញ្ចុះបឋមសិលាអាគាររដ្ឋបាលថ្មីនៅក្នុងវិមានសភា និងចុះហត្ថលេខាលើឯកសារសំខាន់ៗមួយចំនួនផងដែរ។
លោក ង្វៀន សួនហ៊្វុក គឺជាប្រធានាធិបតីវៀតណាមទី១០ ដែលជាតំណែងកំពូលក្នុងប្រព័ន្ធនយោបាយវៀតណាម។ លោកក៏ធ្លាប់ជានាយករដ្ឋមន្ត្រីនៃប្រទេសវៀតណាមពីឆ្នាំ២០១៦ដល់ឆ្នាំ២០២១៕