វ៉ាក់សាំងដូសជំរុញនឹងចាក់ដល់កុមារនិងយុវវ័យអាយុចាប់ពី១២ដល់ក្រោម១៨ឆ្នាំពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២២
ភ្នំពេញ៖ រដ្ឋាភិបាលនឹងចាប់ផ្ដើមចាក់វ៉ាក់សាំងកូវីដ-១៩ស៊ីណូវ៉ាក់ ជូនដល់ពលរដ្ឋដែលមានអាយុពី១២ឆ្នាំដល់ក្រោម១៨ឆ្នាំដោយផ្ដើមចេញពីរាជធានីភ្នំពេញ ខេត្តកណ្ដាល ខេត្តព្រះសីហនុ ខេត្តកោះកុង ចាប់ពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២២។
ក្រសួងក៏បានបញ្ជាក់បន្ថែមថានៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ នឹងបន្តនៅខេត្តផ្សេងទៀតដែលបានភ្ជាប់នៅក្នុងតារាង។ សម្រាប់កូនចៅមន្ត្រីថ្នាក់ដឹកនាំរាជរដ្ឋាភិបាល រដ្ឋសភា ព្រឹទ្ធសភា និងសមាជិករដ្ឋាភិបាលដែលមានតួនាទីចាប់ពីរដ្ឋលេខាធិការឬឋានៈស្មើរដ្ឋលេខាធិការអាចទៅចាក់វ៉ាក់សាំងបាននៅមន្ទីរពេទ្យកាល់ម៉ែត ខណៈកូនចៅឥស្សរជនដែលមានតួនាទីពីអគ្គនាយករង ដល់អនរដ្ឋលេខាធិការឬមានឋានៈស្មើ សូមទៅចាក់នៅមន្ទីរពេទ្យអង្គឌួង។
ការចាក់វ៉ាក់សាំងដូសជំរុញក៏នឹងចាក់ជូនកូនចៅមន្ត្រីរាជការចាប់ពីតួនាទីប្រធាននាយកដ្ឋានចុះនៅតាមមន្ទីរពេទ្យកុមារជាតិ មជ្ឈមណ្ឌលជាតិគាំពារមាតានិងទារក មន្ទីរពេទ្យគន្ធបុប្ផា ខណៈកូនចៅឧញ៉ា មន្ត្រីអង្គការសហប្រជាជាតិ ស្ថានទូត និងបុគ្គលិកអង្គការជាតិ អន្តរជាតិ សូមអញ្ជើញទៅចាក់នៅមន្ទីរពេទ្យកាល់ម៉ែតចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២។
ចំពោះកូនចៅមន្រ្តីរាជការ និងពលរដ្ឋទូទៅនឹងត្រូវទៅចាក់នៅតាមទីតាំងដែលរដ្ឋបាលរាជធានីខេត្តទាំង២៥ រៀបចំជូនតាមក្រោយ។
ចំពោះឯកសារដែលត្រូវភ្ជាប់មកជាមួយរួមមាន កាតចាក់វ៉ាក់សាំងកូវីដ-១៩ អត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរឬឯកសារដែលប្រើប្រាស់ក្នុងការចុះឈ្មោះចាក់វ៉ាក់សាំងដូសទី១ និងប័ណ្ណសំគាល់ខ្លួនមន្ត្រីរាជការរបស់ឱពុកម្ដាយ។
ក្រសួងសុខាភិបាលបានបញ្ជាក់ក្នុងលិខិតនោះផងដែរថា៖ «សូមមេត្តាចូលរួម ដោយនាំកូនចៅ ចៅទួត កូន ក្មួយ ដែលមានអាយុចាប់ពី១២ឆ្នាំ ដល់អាយុក្រោម១៨ឆ្នាំ ដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី១ និងដូសទី២រួច ហើយមានគម្លាតរយៈពេលចាប់ពី៤ខែឡើង បន្ទាប់ពីចាក់វ៉ាក់សាំងដូសទី២ សូមអញ្ជើញទៅចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញ ឬដូសទី៣ នៅតាមទីតាំង តាមកាលបរិច្ឆេទដែលបានកំណត់ឱ្យបានគ្រប់គ្នា ដើម្បីបង្កើនភាពស៊ាំទប់ទល់នឹងការឆ្លងរីរាលដាលនៃជំងឺកូវីដ-១៩ ជាពិសេសវីរុសបំប្លែងខ្លួនថ្មីប្រភេទដែលតា និងវីរុសបំប្លែងថ្មីប្រភេទអូមីក្រុងដែលកំពុងចរាចរយ៉ាងសកម្មនាពេលបច្ចុប្បន្ននេះ» ។