ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

អាជីវករផ្សារមួយនៅបាត់ដំបងប្រមូលផ្តុំនៅទីស្នាក់ការរដ្ឋសភាមណ្ឌលខេត្តបាត់ដំបងស្នើសុំលក់ដូរកន្លែងចាស់

បាត់ដំបង៖ អាជីវករផ្សារបឹងឈូកក្នុងខេត្តបាត់ដំបងប្រមាណជិត ៤០០នាក់បានមកប្រមូលផ្តុំគ្នានៅទីស្នាក់ការរដ្ឋសភាមណ្ឌលខេត្តបាត់ដំបង ស្ថិតក្នុងសង្កាត់ព្រែកព្រះស្ដេច ក្រុងបាត់ដំបង ដើម្បីស្នើសុំអន្តរាគមន៍ជួយអោយពួកគាត់បានលក់ដូរកន្លែងចាស់ដដែលដោយមិនប្តូរទៅទីតាំងថ្មី។

អាជីវករលក់បន្លែម្នាក់អ្នកស្រី ស៊ឹម សុខ បានប្រាប់ឲ្យដឹងថា ពួកគេមកប្រមូលផ្ដុំនេះដើម្បីស្នើសុំដល់ប្រធានទីស្នាក់ការរដ្ឋសភាមណ្ឌលខេត្តបាត់ដំបង ជួយអន្តរាគមន៍ដល់ពួកគាត់ដើម្បីបានលក់ដូរម្ហូបអាហារ បន្លែផ្លែឈើ ត្រីសាច់ នៅជុំវិញបរិវេណផ្សារបឹងឈូកដដែល ដោយមិនប្តូរទៅទីតាំងថ្មីតាមការរៀបចំរបស់ក្រុមការងារផ្សារឡើយ ។

អាជីវករដដែលបានបន្ថែមថា ការឱ្យទៅលក់ដូរកន្លែងផ្សេងនឹងធ្វើឱ្យពួកគាត់ខាតបង់នូវចំណូលដែលធ្លាប់លក់បាន។

អ្នកស្រីថា៖ «បើទៅលក់នៅលើទីតាំងថ្មីក្បែរចំណតរថយន្តគឺលក់មិនសូវដាច់ទេ ហើយការរៀបចំកន្លែងថ្មីឲ្យអាជីវករលក់នេះទៀតសោត កន្លែងលក់មានទំហំតូចត្រឹម ១.២ម៉ែត្រ រីឯទីតាំងចាស់នៅផ្សារបឹងឈូកមានទំហំធំជាង ១.៨ម៉ែត្រងាយស្រួលរៀបចំដាក់តាំងទំនិញលក់ដូរបានច្រើន»។

អ្នកលក់ចេកចៀន លោក ឈួង សំអាង ក៏បានអោយដឹងដែរថា រូបគាត់ធ្លាប់លក់ដូរនៅផ្សារបឹងឈូករយ:ពេល ១៥ឆ្នាំកន្លងមកហើយ ហើយរូបគាត់ក៏ដូចជាអាជីវករជាង៥០០នាក់ផ្សេងទៀតដែលមានបញ្ហាដូចគ្នា សុំសំណូមពរដល់ថ្នាក់ដឹកនាំទាំងអស់ពិសេស អ្នកតំណាងរាស្ត្រមណ្ឌលខេត្តបាត់ដំបងលោក ច័ន្ទ សុផល ជួយអន្តរាគមន៍សម្រួលដោះស្រាយអោយពួកគាត់បានលក់ដូរនៅទីតាំងចាស់ដើម្បីជាមុខរបរប្រចាំថ្ងៃគ្រាន់បានចិញ្ចឹមជីវិតទ្រទ្រង់ជីវភាពគ្រួសារ ព្រោះក្រុមការងារគណ:កម្មការខេត្តដែលចុះទៅរៀបចំចំពោះមុខពួកគាត់មិនអាចទទួលយកបានឡើយ។

ចំពោះការស្នើសុំនេះមន្ត្រីទីស្នាក់ការរដ្ឋសភាមណ្ឌលខេត្តបាត់ដំបង បានណែនាំឱ្យអាជីវករទាំងអស់អនុវត្តតាមច្បាប់រដ្ឋបាល ដោយតម្រូវឲ្យក្រុមអ្នកលក់ដូរដែលមានបញ្ហាមិនចុះសម្រុងគ្នា ចូលដាក់ពាក្យបណ្តឹង ព្រមទាំងភ្ជាប់ឯកសារស្នាមផ្តិតមេដៃ ដើម្បីក្រុមការងារបញ្ជូនបន្តទៅដល់ថ្នាក់ជាតិជួយដោះស្រាយ។

កាលពីថ្ងៃទី២៤ ខែវិច្ឆិកា អាជីវករផ្សារបឹងឈូកបានតវ៉ាជាលើកទី២រួចមកហើយស្នើឱ្យរដ្ឋបាលខេត្តបាត់ដំបងមានដំណោះស្រាយលើបញ្ជារើទីតាំងលក់របស់ពួកគេ ទោះជាយ៉ាងណាអភិបាលខេត្តបាត់ដំបង់លោក សុខ លូ បានចេញមកដោះស្រាយដោយស្នើឱ្យអាជីវករអាចលក់ជាបណ្ដោះអាសន្នសិនតែត្រូវរៀបចំសណ្ឋាប់ធ្នាប់តាមផ្លូវឱ្យបានល្អ និងរង់ចាំក្រុមការងារខេត្តដោះស្រាយ។

ការតវ៉ាជាបន្តបន្ទាប់នេះគឺបន្ទាប់ពីរដ្ឋបាលខេត្តបាត់ដំបងសម្រេចឱ្យអាជីវករដែលលក់នៅតាមផ្លូវជុំវិញផ្សារបឹងឈូក និងតំបន់ផ្សារបឹងឈូករើទីតាំងលក់ទៅកន្លែងផ្សេងដើម្បីរៀបចំសណ្ដាប់ធ្នាប់របៀបរយនៅតំបន់ផ្សារនោះ៕ 



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក