បន្ទាយមានជ័យ៖ កុកស ខ្វែកយប់ (ខ្វែកធំ) កុកក្រកក កៀលខ្យង ក្រង៉ ទុង ក្អែកទឹក ត្រយ៉ង សត្វស្មោញ ដែលជាសត្វកម្រជិតដាច់ពូជនៅក្នុងប្រទេសកម្ពុជារួមនឹងសត្វផ្សេងៗជាច្រើនប្រភេទទៀត បានបន្តវត្តមាន និងកើនឡើងជាលំដាប់ក្នុងតំបន់ធម្មជាតិ «រហាសកេសអាវៀន» ក្នុងឃុំឈ្នួរមានជ័យ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។
បើតាមការបញ្ជាក់ឱ្យដឹងពីលោក ខុង ប៊ុន ប្រធានតំបន់ការពារធម្មជាតិរហាលកេសអាវៀន បានឱ្យEAC News ដឹងថាក្នុងរយៈពេល៤ឆ្នាំមកនេះ ក្រោមការអភិរក្សនិងស្ដារចំនួនសត្វស្លាបនិងត្រីក្នុងតំបន់ការពារបានរកឃើញវត្តមាននៃសត្វស្លាបជាច្រើនជាបន្តបន្ទាប់ ដែលផ្តល់នូវទស្សនីយភាពនិងជីវិតធម្មជាតិរបស់សត្វកាន់តែសំបូរបែបក្នុងដែនអភិរក្សមួយនេះ។
លោកជំរុញដល់ពលរដ្ឋឱ្យមកលេងកម្សាន្តក្នុងដែនជំរកនេះផងដែរនៅពេលដែលតំបន់ធម្មជាតិនេះបើកឱ្យទស្សនាឡើងវិញនៅដើមឆ្នាំ២០២២ខាងមុខ។
តំបន់ធម្មជាតិរហាលកេសអាវៀន មានផ្ទៃដីទឹកប្រមាណជា៥ហិកតា ដោយមួយផ្នែកទៀតនៅជាប់គ្នាដីព្រៃលិចទឹកមានផ្ទៃដីប្រមាណ២៣ហិកតា ស្ថិតក្នុងឃុំឈ្នួរមានជ័យ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ៕