ភ្នំពេញ៖ បុរសជនជាតិចិនម្នាក់និងស្ត្រីវៀតណាមម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចតាមចាប់ខ្លួនបាននៅរាជធានីភ្នំពេញ កាលពីថ្ងៃត្រង់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ ពាក់ព័ន្ធនឹងករណីឃាតកម្មបាញ់សម្លាប់ជនជាតិចិនម្នាក់នៅក្នុងខេត្តព្រះសីហនុកាលពីដើមខែធ្នូ។
បុរសជនជាតិចិនមានឈ្មោះ LI HONGBO ហៅប៉ូប៉ូ និងស្ត្រីជនជាតិវៀតណាមឈ្មោះ មី ពៅ ត្រូវចាប់ខ្លួននៅផ្ទះមួយកន្លែងក្នុងបុរីប៉េងហួតបឹងស្នោរ ក្នុងភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បន្ទាប់ពីរត់គេចពីការតាមចាប់ខ្លួនពីខេត្តព្រះសីហនុ។
បច្ចុប្បន្នអ្នកទាំងពីរត្រូវបានបញ្ជូនខ្លួនទៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុដើម្បីកសាងសំណុំរឿងបន្តនីតិវិធីច្បាប់។
គួររំលឹកដែរថា នៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង១៣និង៣០នាទី ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានទទួលព័ត៌មានពី ប៉ុស្តិ៍នគរបាលសង្កាត់លេខ៤ថា មានបុរសជនជាតិចិនម្នាក់ ឈ្មោះ JIKE MUNAI ត្រូវបានគេបាញ់សម្លាប់ នៅចំណុចក្នុងបុរី BLUE SKY ផ្ទះលេខA252 ជាន់ផ្ទាល់ដី ស្ថិតក្នុងក្រុមទី២២ ភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ។ សមត្ថកិច្ចយើងបានឃើញ សាកសពបុរសជនជាតិចិនម្នាក់ បានដេកស្លាប់នៅក្បែរសាឡុងពូក និងមានស្នាមឈាមហូរ លើកម្រាលឥដ្ឋ ហើយមានស្នាមរបួសត្រូវចុងភ្លៅធ្លាយទាំងសងខាង និងមានសំបកគ្រាប់កាទុស ចំនួន០៣គ្រាប់។
ឆ្លងតាមការស៊ើបអង្កេតកម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ JIKE MUNAI (ស្លាប់) មិនមែនជាអ្នកជួលផ្ទះកើតហេតុនោះទេ។ ដោយឡែកភាគីជួលផ្ទះកើតហេតុមាន ឈ្មោះ មី ពៅ ភេទស្រី មានស្រុកកំណើតឃុំឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី និងមិត្តប្រុសជាជនជាតិចិន (មិនស្គាល់អត្តសញ្ញាណ) ក្រោយពីកើតហេតុរួចបានរត់គេចខ្លួន៕