ភ្នំពេញ៖ រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងសុខាភិបាលលោកស្រី ឱ វណ្ណឌីន បានជំរុញដល់ពលរដ្ឋឲ្យមានវិធានការឲ្យរក្សានូវវិធានការ ៣ការពារ ៣កុំ បូករួមនឹងការចាក់វ៉ាក់សាំងកូវីដ-១៩ ដើម្បីការពារភាពធ្ងន់ធ្ងន់នៃជំងឺ ឬការស្លាប់បាត់បង់ជីវិតដោយជំងឺកូវីដ-១៩ ជាពិសេសកូវីដបម្លែងថ្មី «អូមីក្រុង» ។
លោកស្រី ឱ វណ្ណឌីន បានលើកនៅថ្ងៃនេះថា៖ «ខ្ញុំយល់ឃេីញថា ឆ្នាំ២០២២ នឹងជាឆ្នាំដែលវីរុសអូមីក្រុងដេីរហេីរពេញពិភពលោក រួមទាំងកម្ពុជាផងដែរ។ ដូច្នេះត្រូវមានការប្រុងប្រយ័ត្នជានិច្ច និងត្រៀមលក្ខណ:ក្នុងការឆ្លេីយតបទៅនឹងការផ្ទុះការរាតត្បាតជាយថាហេតុណាមួយ» ។
រហូតមកដល់ថ្ងៃនេះក្រសួងសុខាភិបាលបានប្រកាសពីការរកឃើញករណីផ្ទុកជំងឺកូវីតបម្លែងថ្មីអូមីក្រុងចំនួន៤ករណីហើយ ដែលមានស្ត្រីខ្មែរ៣នាក់ និងបុរសជនបរទេសម្នាក់។
ថ្លែងក្នុងពិធីសម្ពោធ ពហុកីឡដ្ឋានជាតិមរតកតេជោនៅព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា រដ្ឋាភិបាលនៅតែបន្តចាក់វ៉ាក់សាំងដល់ពលរដ្ឋដែលជាកិច្ចការចម្បងក្នុងការរក្សាជីវិតរបស់ប្រជាពលរដ្ឋ ខណៈសម្ដេចក៏ជំរុញដល់ពលរដ្ឋប្រើប្រាស់របៀបរស់នៅប្រក្រតីភាពតាមរបៀបថ្មីដើម្បី ការពារខ្លួនពីជំងឺកូវីដ-១៩។
សម្ដេចតេជោ ក៏បានអំពាវនាវដល់ពលរដ្ឋកុំឱ្យស្លន់ស្លោចំពោះការរកឃើញជំងឺកូវីដ-១៩ បំប្លែងថ្មី អូមីក្រុង ដោយថាមេរោគបំប្លែងថ្មីនេះមិនទាន់មានករណីណាបង្ហាញពីការសម្លាប់មនុស្សដូចមេរោគបំប្លែងដែលតា និងអាល់ហ្វានោះទេ ដោយសម្ដេចជំរុញដល់ពលរដ្ឋឱ្យរក្សាវិធានការការពារខ្លួនជាជាងស្លន់ស្លោ៕