លោករដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមជាមួយលោកស្រី Anna Wellenstein នាយកប្រចាំតំបន់សម្រាប់ការអនុវត្តសាកលនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាព​ អាសុីបូព៌ា​ និងអាសុីប៉ាសុីហ្វិក​ នៃធនាគារពិភពលោក (WB) | វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | សម្ដេចតេជោចូលរួមរំលែកទុក្ខចំពោះមរណភាពនៃអ្នកមានគុណម្នាក់លើកិច្ចព្រមព្រៀងសន្ដិភាពកម្ពុជា | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព |

មន្ត្រីនគរបាលនៃស្នងការដ្ឋានខេត្តកំពង់ឆ្នាំង២នាក់ដែលពាក់ព័ន្ធនឹងការរំលោភដីបឹងទន្លេសាបត្រូវបានតុលាការឃុំខ្លួន

ភ្នំពេញ៖ ស្នងការរងខេត្តកំពង់ឆ្នាំង លោក ឧត្តមសេនីយ៍ត្រី ស៊ុំ សុជាតិ និងនាយការិយាល័យអន្ដរាគមន៍ លោកវរសេនីយ៍ឯក កែវ ណារុន ត្រូវបានតុលាការរាជធានីភ្នំពេញសម្រេចឃុំខ្លួននៅថ្ងៃទី១៩ ធ្នូនេះ ពាក់ព័ន្ធការកាន់កាប់ព្រៃលិចទឹកបឹងទន្លេសាប និងបទល្មើសពុករលួយមួយចំនួនទៀត។

យោងតាមដីកាបង្គាប់ឱ្យឃុំខ្លួនចំនួន២ដាច់ដោយឡែកពីគ្នា ចៅក្រមនៃសាលាដំបូងរាជធានីភ្នំពេញលោក កូយ សៅ បានបង្គាប់ឱ្យសមត្ថកិច្ចនាំអ្នកទាំងពីរទៅឃុំខ្លួននៅពន្ធនាគារ (ម១) ដើម្បីបន្តនីតិវិធីច្បាប់។

លោក ស៊ុំ សុជាតិ ត្រូវចោទប្រកាន់ពីបទ បំផ្លាញ និងគៃបំបាត់ បទហ៊ុមព័ទ្ធកាន់កាប់ដីព្រៃលិចទឹក បទមិនប្រកាសទ្រព្យសម្បត្តិ និងបំណុល និងបទសម្អាតប្រាក់ ប្រព្រឹត្តនៅចំណុចដែនព្រៃលិចទឹកនៃតំបន់៣ នៃបឹងទន្លេសាបក្នុងភូមិសាស្ត្រភូមិកង្កែប និងភូមិធ្លក ឃុំច្រណូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង កាលពីអំឡុងឆ្នាំ២០១៧ ដល់ឆ្នាំ២០២១ ជាបទល្មើសព្រហ្មទណ្ឌ និងផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ៦០៨ នៃក្រមព្រហ្មទណ្ឌ និងមាត្រា ៨៨ នៃច្បាប់ស្តីពីជលផល និងមាត្រា ៣២, មាត្រា ៣៨ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ និងមាត្រា ៣ថ្មី, មាត្រា ២៨ថ្មី១ នៃច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្ដីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម។

ចំណែកលោក កែវ ណារុន ត្រូវចោទប្រកាន់ពីបទបំផ្លាញ និងគៃបំបាត់ បទហ៊ុមព័ទ្ធកាន់កាប់ដីព្រៃលិចទឹក និងបទមិនប្រកាសទ្រព្យសម្បត្តិ និងបំណុល ប្រព្រឹត្តនៅចំណុចដែនព្រៃលិចទឹកនៃតំបន់៣ នៃបឹងទន្លេសាបក្នុងភូមិសាស្ត្រភូមិកង្កែប ឃុំច្រណូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង កាលពីអំឡុងឆ្នាំ២០១៧ ដល់ឆ្នាំ២០២១ ជាបទល្មើសព្រហ្មទណ្ឌ និងផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ៦០៨ នៃក្រម ព្រហ្មទណ្ឌ និងមាត្រា ៩៨ នៃច្បាប់ស្តីពីជលផល និងមាត្រា ៣២, មាត្រា ៣៨ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ។

អ្នកទាំងពីរនាក់នេះត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយឃាត់ខ្លួនកាលពីយប់ថ្ងៃទី១៦ ខែធ្នូកន្លងទៅពាក់ព័ន្ធនឹងការទន្ទ្រានព្រៃលិចទឹកបងទន្លេសាបនៅតំបន់៣ ខេត្តកំពង់ឆ្នាំង។

គួររម្លឹកផងដែរថា កាលពីថ្ងៃទី២៨ ខែវិច្ឆិកា នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាឱ្យអាជ្ញាធរពាក់ព័ន្ធចុះស្រាវជ្រាវនិងបង្ក្រាបជនល្មើសទន្ទ្រានដីទឹកបឹងទន្លេសាប យកមកអនុវត្តន៍ទោស និងឱ្យអង្គភាពប្រឆាំងអំពើពុករលួយបើកការស៊ើបអង្កេតផងដែរ។ ការចេញវិធានការក្ដៅរបស់សម្ដេចតេជោនៅពេលនេះគឺបន្ទាប់ពីសម្ដេចតេជោទទួលបានរបាយការណ៍ពីប្រធានរាជបណ្ឌិត្យសភាកម្ពុជាលោកបណ្ឌិត សុខ ទូច ពាក់ព័ន្ធនឹងការកាប់ទន្ទ្រាននិងឈូសឆាយដីលុបបឹងទន្លេសាបដែលមាននៅក្នុងខេត្តបាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង សៀមរាប កំពង់ធំ និងបន្ទាយមានជ័យ។

កាលពីថ្ងៃទី១៦ ខែធ្នូ ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានប្រកាសថា រាជរដ្ឋាភិបាលកម្ពុជាប្ដូរផ្ដាច់ចំពោះយុទ្ទនាការការពារបឹងទន្លេសាបឱ្យបានជាដាច់ខាត ដោយបន្តចាត់វិធានការទប់ស្កាត់និងបង្ក្រាបចំពោះការលួចកាប់បំផ្លាញព្រៃលិចទឹកនិងតំបន់ស្នូលផ្ទៃបឹងទន្លេសាប និងការវាទទីទន្ទ្រានដីរដ្ឋក្នុងដែនព្រៃលិចទឹកនៃតំបន់និងទន្លេសាបព្រមទាំងដកហូតយកមកវិញនូវដែនព្រៃលិចទឹកទាំងឡាយដែលកាន់កាប់ដោយខុសច្បាប់៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក