កូនស្រីនិងកូនប្រសារឧកញ៉ា ហេង សៀ ពិតជាបានជួលមនុស្សពីរនាក់ដើម្បីថតសម្ដែងត្រាប់អង្គហេតុនៃជម្លោះ…ពិតប្រាកដមែន
ភ្នំពេញ : ឈ្មោះ ឃន ឈុនតារា និងឈ្មោះ តាំង គីមហៀង ពិតជាបានជ្រើសរើសមនុស្សពីរនាក់ គឺស្រីម្នាក់និងបុរសម្នាក់ដែលមានលក្ខណៈភិនភាគប្រហាក់ប្រហែលកញ្ញា មាន ពេជ្រ (ពិធីការិនីទូរទស្សន៍MYTV) និងឈ្មោះ ហេង សៀ ដើម្បីថតសម្ដែងត្រាប់អង្គហេតុនៃជម្លោះ ដែលកើតមានឡើងរវាងកញ្ញា មាន ពេជ្ររីតា និងឈ្មោះ ហេង សៀ ក្នុងរថយន្តកើតហេតុពិតប្រាកដមែន ព្រមទាំងមានវីដេអូនៃការធ្វើត្រាប់អង្គហេតុក្នុងរថយន្តនេះជាភស្ដុតាងសំអាង ប៉ុន្តែពុំមានភស្តុតាងណាមួយអំពីការផលិតជាវីដេអូឃ្លីបអាសអាភាស ឬរូបភាពអាសអាភាស ដែលត្រូវបានចែកចាយក្នុងបណ្តាញសង្គមឡើយ។ នេះបើតាមសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃចន្ទ ទី១៧ ខែឧសភា ឆ្នាំ២០២១ ដែលតុលាកាបានធ្វើការស៊ើបអង្កេតរយៈពេល ០៤ថ្ងៃកន្លងទៅនេះ។
រូបថតអនុស្សាវរីយ៍ឈ្មោះ ឃន ឈុនតារា និងតាំង គីមហៀងកន្លងមក
អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានឱ្យដឹងទៀតថា ឈ្មោះ ឃន ឈុនតារា (កូនប្រសារឧកញ៉ា ហេង សៀ) ភេទប្រុស អាយុ ៣២ឆ្នាំ បានឆ្លើយបញ្ជាក់ជូនសមត្ថកិច្ចថា ខ្លួនគាត់ក៏បានទទួលរូបភាពអាសអាភាសដែលមានប្រភពមិនច្បាស់លាស់តាមណ្ដាញសង្គម និងបានចករំលែករូបភាព ទាំងនេះតាមប្រព័ន្ឋ WhatsApp និងTelegram ឱ្យមនុស្សចំនួន ០៧នាក់។ ករណីនេះ សាមីខ្លួនបានធ្វើលិខិតសុំអភ័យទោស និងសន្យាថានឹងមិនឱ្យករណីនេះកើតមានជាថ្មីទៀតឡើយ។
អយ្យការរាជធានីភ្នំពេញ បានទទួលពិនិត្យយ៉ាងម៉ត់ចត់នូវលទ្ធផនការស៊ើបអង្កេតករណីខាងលើនេះនិងបានសម្រេចដោះលែងឈ្មោះ ឃន ឈុនតារា និងឈ្មោះតាំង គីមហៀង និងសម្រេចបន្តការស៊ើបអង្កេត ស្រាវជ្រាវប្រភពនៃការផលិតរូបភាពអាសអាភាស ដែលត្រូវបានចែកចាយលើបណ្ដាញសង្គមដែលអំពើផលិតរូបភាព អាសអាភាសដើម្បីចែកចាយជាសាធារណៈនេះ គឺជាអំពីធ្វើអោយប៉ះពាល់ដល់ប្រពៃណីខ្មែរ សីលធម៌សង្គមនិងសេចក្តីថ្លៃថ្នូររបស់ស្ត្រី និងដែលត្រូវផ្តន្ទាទោសតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។
អយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានដឹកនាំ និងសម្របសម្រួលការងារជាមួយមន្ត្រីនគរបាលយុត្តិធម៌ ដើម្បីបើកការស៊ើបអង្កេតស្រាវជ្រាវស្វែងរកការពិតក្នុងរឿងនេះដោយអនុវត្តស្របតាមក្រមនីតិវិធីព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងបានចាត់នីតិវិធីលើមនុស្សមួយចំនួន ដើម្បីធ្វើការសាកសួរនិងប្រមូលព័ត៌មាន៕