ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បានជម្រាបដល់រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈថារដ្ឋាភិបាលនៅតែបន្តផ្អាកការជ្រើសរើសមន្ត្រីក្របខ័ណ្ឌថ្មី និងរក្សាកម្រិតនៃប្រាក់បៀវត្សសម្រាប់មន្ត្រីរាជការស្មើនឹងឆ្នាំ២០២១ដដែល។
ក្នុងលិខិតជម្រាបដល់រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈចុះថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១ ឱ្យដឹងថា ដើម្បីអាចឱ្យរាជរដ្ឋាភិបាលអាចសន្សំថវិកាសម្រាប់ការបន្តការងារអន្តរគមន៍ផ្នែកសុខាភិបាល និងសង្គមក្នុងពេលមានការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ រដ្ឋាភិបាលនិងមិនអនុញ្ញាតឱ្យជ្រើសរើសមន្ត្រីក្របខ័ណ្ឌថ្មីជំនួសអ្នកចូលនិវត្តន៍ឡើយ លើកលែងតែក្រសួងមហាផ្ទៃ និងក្រសួងសុខាភិបាលដែលអាចមានគោលការណ៍ដោយឡែក។
រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចក៏បញ្ជាក់ផងដែរថា ដោយរក្សាកម្រិតបៀវត្សមន្ត្រីរាជការស្មើនឹងឆ្នាំ២០២១ដដែល តែអនុញ្ញាតឱ្យរៀបចំដំឡើងបៀវត្សតាមឋានន្តរស័ក្កិ និងថ្នាក់សម្រាប់ឆ្នាំ២០២២ តែមិនអនុញ្ញាតឱ្យគិតត្រឡប់ក្រោយតាំងពីឆ្នាំ២០២១នោះទេ។
នេះជាការបន្តផ្អាក៣ឆ្នាំជាប់គ្នាហើយនៃការជ្រើសរើសមន្ត្រីសាធារណៈរបស់កម្ពុជាបន្ទាប់ពីមានការផ្ទុះរាលដាលនៃការឆ្លងជំងឺកូវីដ-១៩ តាំងពីឆ្នាំ២០២០មក៕