ក្រុមការងារស្រាវជ្រាវប្រទះឃើញព្រះកេសទេវតាក្នុងកំណាយស្រាវជ្រាវនៅខ្លោងទ្វារជ័យ | នាយករដ្ឋមន្ត្រីអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាទៅទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ | សាលាឥណ្ឌាមួយចូលរួមអបអរពិធីចម្រើនព្រះជន្មព្រះមហាក្សត្រកម្ពុជាដោយការចែកអំណោយសប្បុរសធម៌ដល់សិស្សក្រីក្រ | ព្រះមហាក្សត្រត្រាស់បង្គាប់លោក ធូ មណី ឱ្យបន្តតំណែងជាអនុប្រធានសាលាឧទ្ធរណ៍បាត់ដំបងមួយឆ្នាំទៀត |

សម្ដេចតេជោ អំពាវនាវឱ្យមានការផ្សព្វផ្សាយពីស៊ីហ្គេមនិងអាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣ឱ្យបានកាន់តែច្រើន

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានអំពាវនាវដល់អាជ្ញាធរទូទាំងប្រទេស ស្ថានទូតខ្មែរនៅបរទេស និងស្ថាប័នជាតិទាំងអស់ចូលរួមផ្សព្វផ្សាយដល់ពលរដ្ឋ និងមិត្តបរទេសគ្រប់លទ្ធភាពដែលអាចធ្វើទៅបានដើម្បីជំរុញចលនាគាំទ្រទាំងជាតិ និងអន្តរជាតិឱ្យបានផុលផុស។

ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ ពហុកីឡដ្ឋានជាតិមរតកតេជោ នៅព្រឹកនេះ សម្ដេចតេជោ ហ៊ុន សែន បានជំរុញឱ្យអ្នកពាក់ព័ន្ធរួមទាំងស្ថានទូត និងស្ថានតំណាងកម្ពុជានៅក្រៅប្រទេសទាំងអស់ត្រូវចូលរួមក្នុងយុទ្ធនាការនៃការផ្សព្វផ្សាយដោយប្រើប្រាស់គ្រប់វេទិកា សវនាការជាមួយទ្វេភាគី ពហុភាគី គ្រប់លទ្ធភាពទាំងអស់ដើម្បីស្វែងរកការគាំទ្រ និងឧបត្ថមចំពោះការរៀបចំរបស់កម្ពុជានៅឆ្នាំ២០២៣ខាងមុខ។

សម្ដេចតេជោបានថ្លែងយ៉ាងដូច្នេះថា៖ «ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ស្ថានទូត ស្ថានតំណាងនៅក្រៅប្រទេស និងក្រសួង ស្ថាប័ននានា ត្រូវចូលរួមយុទ្ធនាការ ការទូតនិងកិច្ចការបរទេសកីឡាដោយដាក់របៀបវារៈនៃការផ្សព្វផ្សាយរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេមនិងអាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣ ជាលើកដំបូង ដោយប្រើប្រាស់គ្រប់វេទិកា សវនាការ ជាមួយទ្វេរភាគីពហុភាគីក្នុងឱកាសផ្សព្វផ្សាយដោយផ្ទាល់ដើម្បីស្វែងរកការឧបត្ថមគាំទ្រជាលក្ខណៈអន្តរជាតិ»។

លើសពីនេះសម្ដេចក៏ជំរុញទៅបណ្ដាអ្នកមុខ អ្នកការ លោកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា និងក្រុមហ៊ុននានាឱ្យចូលរួមឧបត្ថម្ភដើម្បីធ្វើយ៉ាងណាឱ្យការរៀបចំការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣ ប្រព្រឹត្តិទៅដោយជោគជ័យផងដែរ។

សម្ដេចតេជោ លើកឡើងថា ការប្រកួតកីឡាតំបន់ក្នុងឆ្នាំ២០២៣ខាងមុខមាត់ជាតិ ដូច្នេះត្រូវប្រើប្រាស់ឱកាសនេះធ្វើយ៉ាងណាលើកកម្ពស់មុខមាត់ឱ្យកាន់តែល្បីនៅឆាកអន្តរជាតិ និងត្រូវមានការទទួលខុសត្រូវខ្ពស់ក្នុងការរៀបចំ។ សម្ដេចថារហូតមកដល់ពេលនេះកម្ពុជាបានបង្កកលុយប្រមាណ ៤២លានដុល្លាររួចហើយនិងត្រៀមបង្កបន្ថែមដើម្បីត្រៀមរៀបចំការប្រកួតកីឡាមួយនេះ។

សម្ដេចតេជោថា៖ «ការប្រកួតកីឡាមួយមិនមែនគ្រាន់តែអញ្ជើញតែកីឡាករមកគឺគ្រប់គ្រាន់នោះទេ យើងត្រូវមានថវិការដើម្បីទទួលកីឡាករ កីឡាការិនី មករៀបចំបម្រើដល់ការប្រកួតរបស់យើង។ ហើយយើងក៏នឹងបន្តវហ្វឹកហាត់ឱ្យបានហ្មតចត់រាប់ទាំងការផ្ដល់អនុសាសន៍របស់ខ្ញុំនៅពេលមុនរាប់ទាំងការថតនៅលើផ្ទៃ ព្រោះការប្រកួតរបស់យើងគឺមិនមែនមានត្រឹមតែមួយមុខទេ។ ការប្រកួតរបស់យើងមានច្រើនមុខដូច្នេះស្ថានីយទូរទស្សន៍នានាត្រូវទទួលបានឧទាហរណ៍ ត្រូវទទួលបានផ្សព្វផ្សាយផ្នែកណាខ្លះដើម្បីឱ្យគេមានផ្នែកថតអំពីបញ្ហានេះ ត្រូវយកចិត្តទុកដាក់លើការផ្សព្វផ្សាយណាតាមកម្រិតដែលអាចធ្វើទៅរួច។ មិនមែនថាអាចធ្វើទៅបានទេ! ត្រូវតែធ្វើឱ្យបាន»។

ការប្រកួតកីឡាស៊ីហ្គេមដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនឹងប្រព្រឹត្តិទៅនៅខែឧសភា ឆ្នាំ២០២៣ ដែលនឹងរៀបចំនៅពហុកីឡដ្ឋានជាតិមរតកតេជោដែលជាអំណាយរបស់សាធារណរដ្ឋប្រជាមានិតចិន ក្នុងតម្លៃប្រមាណ ១៦០លានដុល្លារអាមេរិក។

សម្ដេចតេជោ បានថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវពហុកីឡដ្ឋានជាតិនេះថា ជាផ្លែផ្កានៃទំនាក់ទំនងមិត្តភាពរវាងកម្ពុជានិងចិនហើយក៏បង្ហាញពីទឹកចិត្តដ៏ធំធេងរបស់ប្រជាជនចិនចំពោះប្រជាជនកម្ពុជាផងដែរ។

សម្ដេចតេជោ ហ៊ុន សែន ថា៖ «អាគារនេះតម្លៃវិនិយោគធំហើយ អាគារធំហើយ ប៉ុន្ដែអ្វីដែលធំជាងនេះគឺទឹកចិត្តដ៏សប្បុរសរបស់មិត្តចិនបានផ្ដល់សម្រាប់ប្រជាជនកម្ពុជាដ៏អភ័ព្ទរបស់យើង» ។

សម្ដេចតេជោបានថ្លែងការជំនួយពីសាធារណរដ្ឋប្រជាមានិតចិនមិនត្រឹមតែជួយដល់សង្គមសេដ្ឋកិច្ចរបស់កម្ពុជាប៉ុណ្ណោះទេ ក៏បានជួយដល់ការរក្សាឯករាជ្យ អធិបតេយ្យភាពខាងនយោបាយរបស់កម្ពុជាផងដែរ។ សម្ដេចតេជោ សង្ឃឹមថានឹងគ្មានសម្ពាធណាមួយមកលើកម្ពុជានោះទេដោយគ្រាន់តែប្រទេសកម្ពុជាមានសេរីភាពក្នុងការធ្វើទំនាក់ទំនងជាមួយប្រទេសចិន។

ឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសកម្ពុជាលោក វ៉ាង វិនធាន បានថ្លែងក្នុងពិធីនេះផងដែរថាជំនួយកសាងពហុកីឡដ្ឋានជាតិមរតកតេជោ ជាជំនួយធំបំផុតរបស់ចិនមកដល់កម្ពុជាដែលក្លាយជាតំណាងមួយយ៉ាងសំខាន់ដែលបង្ហាញពីទំនាក់ទំនងរវាងប្រទេសចិននិងកម្ពុជា។

លោកបន្ថែមថា៖ «ប្រទេសចិនគាំទ្រកម្ពុជាយ៉ាងមាំមួននៅក្នុងការស្ដារនូវមាគ៌ាអភិវឌ្ឍន៍ដែលសមស្របនឹងលក្ខខន្តជាតិរបស់ខ្លួនហើយរីករាយនៅក្នុងការផ្ដល់ជំនួយអភិវឌ្ឍន៍ក្នុងការកសាងជាតិនៅក្នុងប្រទេសកម្ពុជាតាមលទ្ធភាពដែលអាចធ្វើទៅបាន។ មនុស្សជាច្រើនបានប្រៀបធៀបពហុកីឡដ្ឋានជាតិមរតកតេជោ ដែលមានរូបរាងដូចជាសំពៅ ដូចជានាវានៃចំណងមិត្តភាពរវាងចិននិងកម្ពុជា។ នាវាមួយនេះបានដឹកនូវចំណងមិត្តភាពរវាងប្រជាជនចិនជូនចំពោះប្រជាជនកម្ពុជាពុះពាររាល់ឧបសគ្គ និងបោះជំហានទៅមុខនៅក្នុងអនាគតដ៏ត្រចះត្រចង់សម្រាប់ចំណងមិត្តភាពកាន់តែច្រើននិងយូរអង្វែងសម្រាប់អ្នកជំនាន់ក្រោយ»។

ការសម្ពោធពហុកីឡដ្ឋានជាតិមរតកតេជោនាពេលនេះក៏នឹងរាប់ថយក្រោយចំនួន ៥០២ថ្ងៃនៃការមកដល់នូវកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

នៅថ្ងៃសម្ពោធដាក់ឱ្យប្រើប្រាស់នេះរដ្ឋាភិបាលក៏បើកឱ្យប្រជាពលរដ្ឋចូលទស្សនាក្នុងពហុកីឡាដ្ឋានដោយសេរី ខណៈពេលយប់នឹងមានការបាញ់កាំជ្រួចអបអរផងដែរ។

អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះគឺការសម្ពោធដាក់ឱ្យប្រើប្រាស់អាគារពហុកីឡដ្ឋានជាតិមរតកតេជោនាថ្ងៃនេះ ជាព្រឹត្តិការណ៍ដែលមានជួបជុំគ្នាក្នុងទ្រង់ទ្រាយធំជាលើកដំបូងបន្ទាប់ពីកម្ពុជាបើកប្រទេសឡើងវិញកាលពីថ្ងៃទី១ ខែវិច្ឆិកា កន្លងទៅ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក