បាងកក : នៅថ្ងៃចន្ទដើមសប្តាហ៍នេះ ថៃបានប្រកាសអំពីករណីចំនួនអ្នកឆ្លងវីរុសកូវីដ-១៩ថ្មី រហូតដល់ ៩,៦៣៥នាក់ ក្នុងនោះមានអ្នកទោសជាប់ពន្ធនាគាររហូតដល់ ៦,៨៥៣នាក់ ត្រូវបានរកឃើញឆ្លងករណីនេះ ដែលរាជរដ្ឋាភិបាលថៃចាត់ទុកថាជាសញ្ញាណអាក្រក់ខ្លាំងនៃការឆ្លងរលកទី៣ក្នុងប្រទេស។
ករណីឆ្លងថ្ងៃនេះបាននាំឱ្យប្រទេសថៃមានអ្នកឆ្លងសរុបរហូតដល់ ១១១,០៨២ករណី។ តាំងពីវីរុសរាតត្បាតក្នុងប្រទេសថៃមានអ្នកស្លាប់សរុបកើនដល់ ៦១៤នាក់ហើយ ដោយរាប់បញ្ចូលទាំងករណីស្លាប់ ២៥នាក់នៅថ្ងៃនេះផងដែរ។
ប្រទេសថៃបានផ្តល់ការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ដល់ប្រជាជនសរុបប្រមាណ ២.២លានដូសហើយ សម្រាប់ក្រុមប្រឈមជួរមុខ និងបុគ្គលដែលងាយរងគ្រោះដោយប្រើប្រាស់វ៉ាក់សាំងចំរុះដូចជា វ៉ាក់សាំងចិន Sinovac , BioNTech និង AstraZeneca ជាដើម។
ចំពោះដំណើរការក្នុងការផ្តល់វ៉ាក់សាំងជូនប្រជាពលរដ្ឋធម្មតាទូទៅវិញ ថៃកំពុងសិក្សានិងផលិតវ៉ាក់សាំងប្រភេទ AstraZeneca ដោយរោងចក្រក្នុងស្រុកផ្ទាល់តែម្តង ដោយនឹងចាប់ផ្តើមចាក់ឱ្យប្រជាជននៅក្នុងខែមិថុនានេះ។
នាយករដ្ឋមន្រ្តីថៃលោក ប្រាយុទ្ធ ចាន់អូចា គ្រោងដាក់គោលដៅចាក់វ៉ាក់សាំងលើមនុស្សពេញវ័យឱ្យបានយ៉ាងហោច ៧០ភាគរយ នៃចំនួនប្រជាជនសរុបជាង ៦៦លាននាក់៕