រដ្ឋមន្ត្រីការបរទេសជប៉ុន មកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា | សហភាពពលកម្មជាតិកម្ពុជាដាក់ញត្តិស្នើឱ្យស្ថានទូតអាមេរិកនៅកម្ពុជាពិនិត្យមើលរបាយការណ៍ញុះញ៉ង់របស់អង្គការសង់ត្រាល់ដែលធ្វើឱ្យខូចប្រយោជន៍កម្មករខ្មែរ | តម្លៃសាំង និងម៉ាស៊ូត ឡើងថ្លៃ ៥០រៀល ចាប់ពីថ្ងៃទី១-១០ ខែកក្កដា | កម្ពុជាបង្កើតក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារនិងផ្សព្វផ្សាយទេសចរណ៍កម្ពុជាផ្លូវការ |

បារាំងសន្យាបង្កើនទំហំឥណទានជួយស្ដារសេដ្ឋកិច្ចនិងការអភិវឌ្ឍន៍ដល់កម្ពុជាបន្ថែមទៀត

ភ្នំពេញ៖ ឯកអគ្គរដ្ឋទូតបារាំងលោក ហ្សាក់ ប៉ឺឡេ បានបញ្ជាក់ប្រាប់រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុកម្ពុជាថារដ្ឋាភិបាលបារាំងនឹងបង្កើនទំហំឥណទានសម្បទាន និងខិតខំជួយគៀរគហិរញ្ញប្បទានឥតសំណងពីសហគមអឺរ៉ុប និងពីប្រភពផ្សេងទៀតសម្រាប់រួមចំណែកអភិវឌ្ឍ និងស្តារសេដ្ឋកិច្ចកម្ពុជា បន្ទាប់ពីវិបត្តិកូវីដ-១៩ ស្របតាមគោលនយោបាយ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិរបស់កម្ពុជា។

ថ្លែងក្នុងជំនួបជាមួយរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុលោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន នៅរសៀលថ្ងៃទី១៥ ខែធ្នូ ម្សិលមិញលោក ហ្សាក់ ប៉ឺឡេ បានថ្លែងថា កម្ពុជានិងបារាំងមានទំនាក់ទំនងយូរអង្វែងមកហើយពិសេសកិច្ចសហការប្រតិបត្តិការអភិវឌ្ឍន៍ក្រោមគម្រោងAFD។ លោកបន្ថែមថាកិច្ចសហការនេះបានចូលរួមជួយដល់មហិច្ចតាអភិវឌ្ឍន៍របស់ប្រធានាធិបតីបារាំង Emmanuel Macron ដើម្បីចូលរួមអភិវឌ្ឍន៍ខឿនសេដ្ឋកិច្ចរបស់ប្រទេសកំពុងអភិវឌ្ឍន៍ដែលមានដូចជាកម្ពុជាផងដែរ។

លោកសន្យាថានាថ្ងៃខាងមុខរដ្ឋាភិបាលបារាំងនឹងបង្កើនទំហំឥណទានបន្ថែមទៀតដល់កម្ពុជាដើម្បីរួមចំណែកអភិវឌ្ឍ និងស្ដារសេដ្ឋកិច្ចកម្ពុជាបន្ទាប់ពីវិបត្តិកូវីដ-១៩ ស្របតាមគោលនយោបាយជាតិកម្ពុជាដែលកំពុងអនុវត្តន៍។

ឧបនាយករដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចលោក អូន ព័ន្ធមុនីរ័ត្ន ថ្លែងថាសាធារណរដ្ឋបារាំងបានចូលរួមចំណែកក្នុងការអភិវឌ្ឍន៍ដល់សេដ្ឋកិច្ច-សង្គមកម្ពុជា ស្ទើរគ្រប់វិស័យ ជាពិសេស ក្នុងវិស័យសុខាភិបាល ទឹកស្អាត អគ្គិសនី កសិកម្ម អប់រំ និងគម្រោងវិនិយោគសាធារណៈជាច្រើនចាប់តាំងពីមានកិច្ចព្រមព្រៀងសន្ដិភាពក្រុងប៉ារីសមក។

លោកបានអរគុណចំពោះរដ្ឋាភិបាលបារាំងនិងប្រជាជនបារាំងដែលបានបន្តគាំទ្រ ទាំងជំនាញបច្ចេកទេស និងទាំងហិរញ្ញវត្ថុ ក៏ដូចជាបានផ្តល់នូវកិច្ចសហប្រតិបត្តិការល្អជាមួយកម្ពុជានាពេលកន្លងទៅ ហើយបានស្នើឲ្យបារាំងបន្តជួយសម្របសម្រួលទាក់ទាញអ្នកវិនិយោគគិនបារាំង និងអឺរ៉ុប មកវិនិយោគនៅកម្ពុជាឲ្យបានច្រើនបន្ថែមទៀត។

នៅក្នុងឆ្នាំ២០២១នេះ បារាំង-កម្ពុជា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទានសហប្រតិបត្តិការចំនួនពីរ មានទឹកប្រាក់សរុបប្រមាណ ២០,៣០ លានអឺរ៉ូ ដើម្បីគាំទ្រដល់ការអភិវឌ្ឍវិស័យ កសិកម្ម ទឹក និងការប្រយុទ្ធប្រឆាំងនឹងបម្រែបម្រួលអាកាសធាតុ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក