គណៈរដ្ឋមន្ត្រីយល់ព្រមនិងបញ្ជូនសេចក្ដីព្រាងច្បាប់ស្ដីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េទៅរដ្ឋសភា
ភ្នំពេញ៖ គណៈរដ្ឋមន្ត្រីបានអនុម័តបញ្ជូន «សេចក្ដីព្រាងច្បាប់ស្ដីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ (CKFTA)» ទៅសុំការអនុម័តយល់ព្រមពីស្ថាប័ននីតិប្បញ្ញាត្តិ។
យោងតាមសេចក្ដីប្រកាសព័ត៌មានស្ដីពីលទ្ធផលនៃសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១នេះ ក៏មានសេចក្ដីព្រាងវិសោធនកម្មច្បាប់ទាក់ទងនឹងពាណិជ្ជកម្មចំនួន២ទៀតក៏ត្រូវបានពិនិត្យអនុម័តនៅថ្ងៃនេះផងដែរ រួមមានសេចក្ដីព្រាងច្បាប់ស្ដីពីវិសោធនកម្មច្បាប់ស្ដីពីសហគ្រាសពាណិជ្ជកម្ម និងសេចក្ដីព្រាងច្បាប់ស្ដីពីវិសោធនកម្មច្បាប់ស្ដីពីវិធានពាណិជ្ជកម្មនិងបញ្ជីពាណិជ្ជកម្ម។ សេចក្ដីព្រាងរបាយការណ៍វាយតម្លៃពាក់កណ្ដាលអាណត្តិនៃការអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មឆ្នាំ២០១៥-២០២៥ ក៏ត្រូវបានគណៈរដ្ឋមន្ត្រីពិនិត្យអនុម័តនៅថ្ងៃនេះផងដែរ។
អ្នកនាំពាក្យរាជរដ្ឋាភិបាលលោក ផៃ ស៊ីផាន បានបញ្ជាក់ប្រាប់ EAC News ថាក្រោយពីពិនិត្យនឹងយល់ព្រមពីគណៈរដ្ឋមន្ត្រីរួចហើយច្បាប់ទាំងនេះនឹងត្រូវបញ្ជូនទៅសភាជាតិនៅសប្ដាហ៍ក្រោយ។
កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មលោក ប៉ាន សូរស័ក្កិ បានចុះហត្ថលេខាជាផ្លូវការយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េជាមួយរដ្ឋមន្ត្រីពាណិជ្ជកម្មនៃសាធារណរដ្ឋកូរ៉េលោក YEO Han-Koo។ កម្ពុជារំពឹងថាកិច្ចព្រមព្រៀងសេរីនឹងជំរុញកំណើននៃការនាំចេញ កំណើនផលទុនសរុបក្នុងស្រុក និងកំណើនការងារ ដែលនឹងជួយស្ដារឡើងវិញនូវសេដ្ឋកិច្ចពីផលប៉ះពាល់នៃជំងឺកូវីដ-១៩។
កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ មាន១០ជំពូក និង១៣១មាត្រា ដែលគ្រប់ដណ្ដប់លើពាណិជ្ជកម្មទំនិញរួមមាន ស្ដង់ដារបច្ចេកទេស នីតិវិធីវាយតម្លៃភាពអនុលោម វិធានការអនាម័យនិងភូតគាមអនាម័យ ឧបាស្រ័យពាណិជ្ជកម្ម វិធានដើមកំណើត នីតិវិធីគយនិងកិច្ចសម្រួលពាណិជ្ជកម្ម កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច តម្លាភាព យន្តការដោះស្រាយវិវាទ ការទាមទារសំណង ការរៀបចំស្ថាប័ន និងអវសានប្បញ្ញាត្តិ។