ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជាកំពុងពិនិត្យលើលទ្ធភាពនៃការប្រែក្លាយផ្លូវរថភ្លើងដែលមានបច្ចុប្បន្នអភិវឌ្ឍន៍ឱ្យទៅជាផ្លូវរថភ្លើងល្បឿនលឿនចាប់ពីខេត្តព្រះសីហនុ មកភ្នំពេញ និងឆ្ពោះទៅក្រុងប៉ោយប៉ែតនៃខេត្តបន្ទាយមានជ័យ បន្ថែមលើពីនេះទៀតក៏នឹងបន្ថែមខ្សែផ្លូវដែកថ្មីពីក្រុងប៉ោយប៉ែតទៅសៀមរាបឆ្ពោះទៅខេត្តកំពង់ធំនិងរាជធានីភ្នំពេញ និងខ្សែផ្លូវដែកតភ្ជាប់ពីរាជធានីភ្នំពេញទៅក្រុងបាវិត ព្រំដែនវៀតណាមផងដែរដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍និងបង្កើនសមត្ថភាពដឹកជញ្ជូនរបស់កម្ពុជា។
នេះបើតាមសេចក្ដីប្រកាសពីលទ្ធផលនៃកិច្ចប្រជុំគណៈរដ្ឋមន្ត្រីដែលដឹកនាំដោយនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន កាលពីព្រឹកថ្ងៃទី១៦ ខែធ្នូនេះ។
ផ្លូវដែកកម្ពុជាចាប់ផ្តើមសាងសង់ដំបូងក្នុងទសវត្សរិ៍ឆ្នាំ១៩៣០ ដល់ឆ្នាំ១៩៤០។ ផ្លូវដែកកម្ពុជាមានចំនួន ២ខ្សែ គឺ ខ្សែភាគខាងជើង និងខ្សែភាគខាងត្បូង ដែលមានប្រវែងសរុប ៦៥០គីឡូម៉ែត្រ ដែលតភ្ជាប់ពីក្រុងប៉ោយប៉ែតទៅរាជធានីភ្នំពេញ និងចេញពីរាជធានីភ្នំពេញទៅខេត្តព្រះសីហនុ។ ផ្លូវដែកទាំងពីរខ្សែនេះ ត្រូវបានទទួល រងការខ្ទេចខ្ទាំយ៉ាងធ្ងន់ធ្ងរ ហើយផ្នែកខ្លះត្រូវបានបំផ្លាញទាំងស្រុងដោយរបបកម្ពុជាប្រជាធិបតេយ្យ។
បច្ចុប្បន្នផ្លូវដែកទាំងពីរខ្សែត្រូវបានសាងសង់និងជួសជុលដាក់ឱ្យប្រើប្រាស់ឡើងវិញតាមរយៈ ការសហការរវាងក្រសួងសាធារណការនិងដឹកជញ្ជូន និងក្រុមហ៊ុនរ៉ូយ៉ាល់រេលវេកម្ពុជា៕