ក្រុមការងារស្រាវជ្រាវប្រទះឃើញព្រះកេសទេវតាក្នុងកំណាយស្រាវជ្រាវនៅខ្លោងទ្វារជ័យ | នាយករដ្ឋមន្ត្រីអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាទៅទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ | សាលាឥណ្ឌាមួយចូលរួមអបអរពិធីចម្រើនព្រះជន្មព្រះមហាក្សត្រកម្ពុជាដោយការចែកអំណោយសប្បុរសធម៌ដល់សិស្សក្រីក្រ | ព្រះមហាក្សត្រត្រាស់បង្គាប់លោក ធូ មណី ឱ្យបន្តតំណែងជាអនុប្រធានសាលាឧទ្ធរណ៍បាត់ដំបងមួយឆ្នាំទៀត |

ជនមានពិការភាពដោយគ្រាប់មីននឹងទទួលបានការងារក្នុងវិស័យកាត់ដេរកាន់តែច្រើន ក្រោយCMAAចុះMOUជាមួយសមាគមរោងចក្រកាត់ដេរ

ភ្នំពេញ៖ ជនដែលងាយរងគ្រោះពីគ្រាប់មីន ពិសេសជនមានពិការភាពដោយសារមីន នឹងត្រូវវិទ្យាស្ថានបណ្ឌុះបណ្ដាលវិស័យកាត់ដេរផ្ដល់វគ្គបណ្ដុះបណ្ដាល ផ្នែកកាត់ដេរ ដើម្បីឱ្យពួកគេមានជំនាញដែលអាចបើកអាជីវកម្មដោយខ្លួនឯង ឬចូលធ្វើការក្នុងវិស័យកាត់ដេរបាន។

កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ អាជ្ញាធរមីនកម្ពុជា បានចុះអនុស្សារណៈយោគយល់គ្នាជាមួយវិទ្យាស្ថានបណ្ដុះបណ្ដាលសម្លៀកបំពាក់កម្ពុជា ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការនិងផ្លាស់ប្ដូរលើការកសាងសមត្ថភាពក្នុងវិស័យទាំងពីរ។

ថ្លែងក្នុងពិធីចុះអនុស្សារណៈនេះអនុប្រធានទី១នៃអាជ្ញាធរមីនកម្ពុជាលោក លី ធុជ បានលើកឡើងថា ឧស្សាហកម្មកាត់ដេរបានរួមចំណែកក្នុងការផ្ដល់ទីផ្សារដ៏ធំដល់កម្មករដែលមិនមានជំនាញ ជាពិសេសប្រជាជនមកពីតំបន់ជនបទ ដែលជួយដល់ការអភិវឌ្ឍន៍ប្រទេសកម្ពុជាជាលំដាប់។ លោកបន្ថែមថាការចុះអនុស្សារណៈនេះនឹងជួយឱ្យវិស័យកាត់ដេរកាន់តែចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការបង្កើតការងារដល់ជនមានពិការភាពដោយគ្រាប់មីន ក៏ដូចជាចូលរួមក្នុងការប្រយុទ្ធប្រឆាំងនឹងបញ្ហាមីននិងគ្រាប់មិនទាន់ផ្ទុះនៅ កម្ពុជា។

លោកថា៖ «អ្នក (សមាគមន៍រោងចក្រកាត់ដេរ) មិនត្រឹមតែផលិតសម្លៀកបំពាក់ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាក្តីសង្ឃឹម និងក្តីសុបិនសម្រាប់ប្រជាជនកម្ពុជារាប់លាននាក់ផងដែរ» ។

វិស័យកាត់ដេរបានបង្កើតការងារដល់ពលរដ្ឋខ្មែរជាង៧០ម៉ឺននាក់នៅក្នុងឆ្នាំ២០១៩ និងបានឱ្យកម្ពុជាសម្រេចការនាំចេញបានជាង៧ពាន់លានដុល្លារ។

ប្រធានសមាគមរោងចក្រកាត់ដេរនៅកម្ពុជាឧកញ៉ា វ៉ាន់ សូអៀង បានថ្លែងថា អស់រយៈពេលជាង២០ឆ្នាំមកហើយ ដែលអាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកម្ចាត់មីន និងសង្គ្រោះជនពិការដោយសារមីនបានសម្រេចសមិទ្ធផលគួរឲ្យកត់សម្គាល់ដោយផ្ទៃដីរាប់ពាន់គីឡូម៉ែត្រការ៉េត្រូវបានបោសសម្អាតនិងដាក់ឲ្យប្រើប្រាស់សម្រាប់ផលិតកម្មសេដ្ឋកិច្ចនិងសង្គម។ ជនរងគ្រោះដោយសារមីនក៏ត្រូវបានជួយសង្គ្រោះយ៉ាងល្អផងដែរ។

លោកបន្ថែមថា ដោយមើលឃើញភាពសកម្មទាំងនេះហើយទើបសមាគមរោងចក្រកាត់ដេរចង់រួមចំណែកតាមវិធីណាមួយដល់ជោគជ័យបន្ថែមទៀតរបស់អាជ្ញាធរមីននាពេលអនាគតជាពិសេសការសម្រេចបាននូវចក្ខុវិស័យឆ្នាំ២០២៥របស់អាជ្ញាធរមីន។

លោកថា៖ «ធនធានមនុស្សគឺជាទ្រព្យដ៏មានតម្លៃបំផុតសម្រាប់គ្រប់អង្គការ ស្ថានប័ន ដូច្នេះការកសាងសមត្ថភាពជាប់ជានិច្ចគឺមានសារៈសំខាន់បំផុត និងជាផ្នែកមួយដែលអ្នកគ្រប់គ្រងមិនអាចមើលរំលងបាន។ យើងដឹងហើយថា ការបណ្តុះបណ្តាលត្រូវចំណាយថវិកា ប៉ុន្តែ ការមិនទទួលការបណ្តុះបណ្តាលរឹតតែធ្វើឲ្យយើងចំណាយច្រើនជាងនេះ ដោយសារកម្មករនិយោជិតដែលមិនទទួលបានការបណ្តុះបណ្តាលធ្វើការងារមិនមានប្រសិទ្ធភាពនិងប្រសិទ្ធផល។ ព្រឹត្តិការណ៍ថ្ងៃនេះបង្ហាញអំពីការពិចារណាយ៉ាងខ្លាំងរបស់ថ្នាក់ដឹកនាំនៃអាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកម្ចាត់មីន និងសង្គ្រោះជនពិការដោយសារមីនក្នុងការអភិវឌ្ឍសមត្ថភាពបុគ្គលិកសម្រាប់ជោគជ័យរយៈពេលវែង» ។

ចាប់ពីខែមករា ឆ្នាំ១៩៧៩ ដល់ខែកក្កដា ឆ្នាំ២០២១ មានជនរងគ្រោះដោយសារយុទ្ធភណ្ឌគ្រឿងផ្ទុះចំនួន ៦៤ ៩៥០នាក់ ដែលបានកត់ត្រាដោយមន្ត្រី-បុគ្គលិកប្រមូលទិន្នន័យរបស់ការិយាល័យ CMVIS។ ក្នុងចំណោមជនរងគ្រោះចំនួន ៦៤ ៩៥០នាក់ រួមមាន ជនរងគ្រោះដោយសារមីន ៥១ ១៤២នាក់(៧៩%) និងសំណល់ជាតិផ្ទុះពីសង្គ្រាម ១៣ ៨០៨នាក់(២១%)។

ជនរងគ្រោះស្លាប់ ១៩ ៨០៦នាក់(៣០% របួស ៣៦ ០៧៧នាក់(៥៦%) និងពិការអវៈយវៈ ៩ ០៦៧នាក់(១៤%)៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក