ក្រុមការងារស្រាវជ្រាវប្រទះឃើញព្រះកេសទេវតាក្នុងកំណាយស្រាវជ្រាវនៅខ្លោងទ្វារជ័យ | នាយករដ្ឋមន្ត្រីអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាទៅទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ | សាលាឥណ្ឌាមួយចូលរួមអបអរពិធីចម្រើនព្រះជន្មព្រះមហាក្សត្រកម្ពុជាដោយការចែកអំណោយសប្បុរសធម៌ដល់សិស្សក្រីក្រ | ព្រះមហាក្សត្រត្រាស់បង្គាប់លោក ធូ មណី ឱ្យបន្តតំណែងជាអនុប្រធានសាលាឧទ្ធរណ៍បាត់ដំបងមួយឆ្នាំទៀត |

ក្រសួងបរិស្ថាន UNDP និងស្ថានទូតជប៉ុនជំរុញឱ្យមានសកម្មភាពក្នុងការកាត់បន្ថយការបំពុលប្លាស្ទិកនៅ កម្ពុជា

ភ្នំពេញ៖ រដ្ឋលេខាធិការក្រសួងបរិស្ថាន លោក សៅ សុភាព បានជំរុញដល់គ្រប់ភាគីពាក់ព័ន្ធចូលរួមក្នុងការកាត់បន្ថយផ្លាស្ទិកដើម្បីការពារភាពស្អាត សោភ័ណ្ឌភាពធម្មជាតិ និងភាពចម្រុះនៃប្រទេស។ លោកលើកឡើងបែបនេះក្នុងវេទិការប្លាស្ទិកលើកទី២ ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ ដែលបានត្រូវបានរៀបចំក្រោមប្រធានបទ៖ «ការកំណត់សកម្មភាពអាទិភាពកាត់បន្ថយការបំពុលប្លាស្ទិកនៅកម្ពុជា» ដែលត្រូវបានរៀបចំរួមគ្នារវាងក្រសួងបរិស្ថាន UNDP និងស្ថានទូតជប៉ុនប្រចាំប្រទេសកម្ពុជា។

លោក សៅ សុភាព បានលើកឡើងថាក្នុងឆ្នាំ២០១៨ ក្រសួងបរិស្ថានបានអនុម័តក្របខ័ណ្ឌ 4Rs ដែលមានន័យថាបដិសេធ កាត់បន្ថយ ប្រើប្រាស់ឡើងវិញ និងកែច្នៃឡើងវិញនូវសំណល់ផ្លាស្ទិកដើម្បីកាត់បន្ថយការបំពុលដោយសំណង់រឹងទាំងនេះ។

មានប្រសាសន៍ថា៖ «ការប្រយុទ្ធប្រឆាំងនឹងការបំពុលប្លាស្ទិក មិនមែនជាកិច្ចការដែលងាយស្រួលនោះឡើយ។ ប៉ុន្តែក្រសួងមានការប្តេជ្ញាចិត្តពេញទំហឹង ដើម្បីឱ្យកម្ពុជា ទីក្រុង ផ្លូវទឹក និងតំបន់ទេសភាពនៅកម្ពុជាមានភាពស្អាត និងពុំមានការបំពុលប្លាស្ទិក។ ខ្ញុំសូមអញ្ជើញ និងលើកទឹកចិត្តឱ្យគ្រប់គ្នាដែលមានវត្តមាននៅទីនេះ ចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់យើង ដើម្បីការពារភាពស្អាត សោភ័ណ្ឌភាពធម្មជាតិ និងភាពចម្រុះនៃប្រទេសជាទីស្នេហារបស់យើង» ។

អ្នកតំណាង UNDP ប្រចាំកម្ពុជា លោកស្រី Alissar Chaker មានប្រសាសន៍ថា ការចាត់វិធានការជាបន្ទាន់ក្នុងការប្រយុទ្ធប្រឆាំងនឹងសំណល់ប្លាស្ទិកគឺមានសារៈសំខាន់ដើម្បីជួយដល់ភាពស្អាតនៃបរិស្ថាន ក៏ដូចជាជួយដល់សមុទ្រផងដែរ។ លោកស្រីបញ្ជាក់ថា ការកាត់បន្ថយការបំពុលប្លាស្ទិកគឺជាកិច្ចការរបស់មនុស្សគ្រប់រូប ហើយអ្វីដែលសំខាន់ជាងគេគឺត្រូវមានការប្ដេជ្ញាចិត្តឱ្យបានសកម្មពីក្រុមហ៊ុនធំៗ និងអាជ្ញាធរជាតិក្នុងការអនុវត្តតាមក្របខ័ណ្ឌ 4Rs។

លោកស្រី Alissar Chaker ថា៖ «ការសិក្សានានាព្យាករថា ប្រសិនបើពុំមានការអនុវត្តសកម្មភាពរួមគ្នានោះទេ ត្រឹមឆ្នាំ២០៥០ ប្លាស្ទិកអាចមានចំនួនច្រើនជាងចំនួនត្រីនៅក្នុងសមុទ្រ។ បញ្ហានេះនឹងបង្កផលវិបាកយ៉ាងធ្ងន់ធ្ងរដល់សន្តិសុខស្បៀង និងសេដ្ឋកិច្ច។ ការកាត់បន្ថយការបំពុលប្លាស្ទិក គឺជាកិច្ចការរបស់មនុស្សគ្រប់គ្នា។ វាតម្រូវឱ្យគ្រប់គ្នា ដូចជា បុគ្គល សហគមន៍ និងអាជីវកម្មខ្នាតតូច ជាដើម ខិតខំប្រឹងប្រែង និងផ្លាស់ប្តូរឥរិយាបទ ហើយអ្វីដែលសំខាន់ជាងគេ គឺត្រូវមានការប្តេជ្ញាចិត្តឱ្យបានសកម្មពីក្រុមហ៊ុនធំៗ និងអាជ្ញាធរជាតិក្នុងការអនុវត្តតាមក្របខ័ណ្ឌ 4Rs» ។

ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំប្រទេសកម្ពុជាលោក Mikami Masahiro បាននិយាយថា ការកែប្រែទម្លាប់ប្រចាំថ្ងៃងាយចេញពីការប្រើប្រាស់ប្លាស្ទិកពិតជាមានការពិបាក តែលោកថាការគិតដល់អនាគតនៃពិភពលោកគឺមានសារៈសំខាន់ជាងការពិបាកនៅពេលនេះ។

លោក Mikami Masahiro ថា៖ «ការកាត់បន្ថយឱ្យបានឆាប់រហ័សនូវការប្រើប្រាស់ប្លាស្ទិក បង្កការលំបាកដល់ទម្លាប់ប្រចាំថ្ងៃរបស់យើង ព្រោះយើងធ្លាប់តែទទួលបានភាពងាយស្រួល ជាមួយការប្រើប្រាស់ប្លាស្ទិក។ ប៉ុន្តែ នេះគឺជាពេលដែលយើងទាំងអស់គ្នាចាំបាច់ត្រូវដឹងពីផលវិបាក រយៈពេលវែងមកលើសេដ្ឋកិច្ច បរិស្ថាន និងសុខភាព ដោយសារការបំពុលប្លាស្ទិក និងត្រូវចាត់វិធានការបន្ទាន់ ដើម្បីការពារបរិស្ថាន និងអនាគតរបស់យើង»។

បរិមាណសំណល់ប្លាស្ទិកទូទាំងពិភពលោកបានកើនឡើងដល់៨,៣ពាន់លានតោន ហើយជារៀងរាល់ឆ្នាំប្លាស្ទិកជាង ៨លានតោន ត្រូវហូរចូលទៅក្នុងផ្លូវទឹកដែលបានចាក់ចូលដល់សមុទ្រ ដែលធ្វើឱ្យប៉ះពាល់ដល់ប្រព័ន្ធអេកូឡូស៊ីធម្មជាតិ បង្កគ្រោះថ្នាក់ដល់ជីវិតសត្វព្រៃ និងប៉ះពាល់ដល់សកម្មភាពមុខរបរចិញ្ចឹមជីវិតរបស់មនុស្ស ដូចជាទេសចរណ៍ និងការកម្សាន្ត នេសាទ និងនាវាចរណ៍ជាដើម។

លើសពីនេះ កម្ទេចកម្ទីប្លាស្ទិកនឹងរលាយបន្តិចម្ដងៗនៅពេលត្រូវពន្លឺថ្ងៃទៅជាភាគល្អិតតូចៗធ្វើឲ្យសត្វសមុទ្រ ត្រី និងបក្សីស្លាប់ នៅពេលដែលសត្វទាំងនេះលេបមីក្រូប្លាស្ទិកទាំងនេះចូលក្នុងពោះ ឬនៅពេលសត្វទាំងនេះជាប់ក្នុងវត្ថុ ឬសម្ភារប្លាស្ទិកនានា។ មីក្រូប្លាស្ទិកក៏បង្កការបំពុលក្នុងខ្សែច្រវាក់ផលិតកម្មអាហាររបស់យើងផងដែរ ព្រោះបរិមាណមីក្រូប្លាស្ទិកកើនឡើងបន្តិចម្តងៗ ក្នុងទិន្នផលនេសាទសមុទ្រ៕


ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក