លោករដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមជាមួយលោកស្រី Anna Wellenstein នាយកប្រចាំតំបន់សម្រាប់ការអនុវត្តសាកលនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាព​ អាសុីបូព៌ា​ និងអាសុីប៉ាសុីហ្វិក​ នៃធនាគារពិភពលោក (WB) | វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | សម្ដេចតេជោចូលរួមរំលែកទុក្ខចំពោះមរណភាពនៃអ្នកមានគុណម្នាក់លើកិច្ចព្រមព្រៀងសន្ដិភាពកម្ពុជា | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព |

សម្ដេចតេជោ ស្នើដល់ពលរដ្ឋកុំឱ្យមានការស្លន់ស្លោចំពោះករណីកូវីដបម្លែងថ្មី «អូមីក្រុង»

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៅ ពលរដ្ឋកុំឱ្យមានការភ័យស្លន់ស្លោចំពោះការរកឃើញនៃករណីឆ្លងមេរោគកូវីដ-១៩ បម្លែងថ្មី «អូមីក្រុង» ដែលបានរកឃើញកាលពីយប់មិញ ដោយជំរុញឱ្យពលរដ្ឋអនុវត្តវិធានការការពារដើម្បីការពារខ្លួនពីជំងឹនេះ។

ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការសណ្ឋាគារ Hyatt Regency នៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១នេះ សម្ដេចតេជោ ហ៊ុន សែន បានសំដែងនូវការមិនពេញចិត្តចំពោះការប្រកាសរបស់អ្នកនាំពាក្យរបស់អង្គការ និងប្រទេសមួយចំនួនដែលបានលើកឡើងដោយបង្ករឱ្យមានការភ័យស្លន់ស្លោដល់ពលរដ្ឋ ខណៈករណីស្លាប់ដោយមេរោគបម្លែងថ្មីនេះមិនមានច្រើនដូចមេរោគបម្លែងថ្មីផងនោះ។

សម្ដេចតេជោ បានបន្ថែមថាការដាក់ចេញវិធានការរាំងខ្ទប់ការហោះហើរដោយការបារម្ភភ័យខ្លាចពេកបង្ករឱ្យខូចខាតដល់ដំណើរសេដ្ឋកិច្ចសង្គមដែលមិនគួរមាននោះទេ តែអ្វីដែលគួរធ្វើនោះគឺការអនុវត្តនូវវិធានការការពារសុខភាព និងវិធានការ៣កុំ ៣ការពារ ឱ្យបានជាប់លាប់។

សម្ដេចតេជោ បានថ្លែងថា៖ «យប់មិញយើងបានរកឃើញអូមីក្រុង១ករណី ខ្ញុំបានតាមដានពីម៉ោង១ល្ងាចរហូតដល់ម៉ោងជាង៨យប់ ទើបព័ត៌មានចេញពីប៉ាស្ទ័រមកហើយលោកជំទាវ យក់ សម្បត្តិ បានរាយការណ៍មកខ្ញុំៗថាប្រកាសភ្លាម។ តែខ្ញុំសុំបញ្ជាក់សុំកុំស្លន់ស្លោ ការប្រុងប្រយ័ត្នត្រូវតែមាន តែកុំស្លន់ស្លោ។ […] ខ្ញុំសូមបញ្ជាក់ថា វ៉ាក់សាំងតែ១មុខមិនគ្រប់គ្រាន់ទេ វិធានការ៣កុំ៣ការពារ នៅតែចំណុចសំខាន់នៃការការពារកូវីដ»។

របាយការណ៍សុខាភិបាលឱ្យដឹងថា ករណីរកឃើញជំងឺកូវីដ-១៩បម្លែងថ្មីច្រើនបំផុតនៅកម្ពុជាគឺជាកូវីដ-១៩ ប្រភេទឌែលតាដែលមាន ជិត២ម៉ឺនករណី អាល់ហ្វា ជិត៧ពាន់ករណី អូមីក្រុង ១ករណី និងប៉ែលតា ១ករណី។

សម្ដេចតេជោ បានបញ្ជាក់ថាថ្វីត្បិតតែជំងឺកូវីដ-១៩គឺជាការបារម្ភ តែអ្វីដែលគួរឱ្យបារម្ភជាងនេះទៀតនោះគឺបញ្ហាសេដ្ឋកិច្ចដែលជាអាយុជីវិតប្រជាពលរដ្ឋទាំងមូល។

សម្ដេចតេជោថា៖ «គ្រាប់បែកអាចសម្លាប់បានមនុស្សម្នាក់ ច្រើននាក់ ឬអាចកម្ទេចបានភូមិមួយ។ នេះជាគ្រាប់បែកពិត! តែបើគ្រាប់បែកសេដ្ឋកិច្ចវាផ្ទុះ បានសេចក្ដីមនុស្សទូទាំងប្រទេសរាប់ទាំងក្មេងទើបកើតក៏ទទួលរងនូវផលប៉ះពាល់។ ព្រោះតែម៉ាក្រូសេដ្ឋកិច្ចបែកហើយ អតិផរណាចាប់ផ្ដើមដែលបានសេចក្ដីថាផលប៉ះពាល់ទាំងអស់»។

កាលពីយប់ថ្ងៃទី១៤ ខែធ្នូ ម្សិលមិញ ក្រសួងសុខាភិបាលបានប្រកាសពីការរកឃើញជំងឺកូវីដ-១៩ បំប្លែងថ្មី អូមីក្រុង លើស្រ្តីជនជាតិខ្មែរម្នាក់អាយុ ២៣ឆ្នាំ រស់នៅក្រុងបាវិត ខេត្តស្វាយរៀង ដែលមានផ្ទៃពោះចំនួន១៥សប្ដាហ៍ បានធ្វើដំណើរតាមជើងហោះហើរចេញពីប្រទេសហ្គាណា (អាហ្រិ្វកខាងលិច) បច្ចុប្បន្នអ្នកជំងឺខាងលើ កំពុងសម្រាកព្យាបាលនៅមជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន ក្នុងរាជធានីភ្នំពេញ៕


ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក