សៀមរាប៖ មន្ដ្រីជំនាញ បានអះអាងថា ក្រុមការងារកំពុងតែមមាញឹកកាត់ទម្លាក់ និងតបណ្ដាញខ្សែកាបអ៊ុបទិកឡើងវិញ នៅតាមផ្លូវសំខាន់ៗមួយចំនួន ក្នុងក្រុងសៀមរាប ដើម្បីធ្វើយ៉ាងណានឹងលែងឱ្យមាននៅលើអាកាសទៀតហើយចាប់ពីឆ្នាំ២០២៣ខាងមុខតទៅ ដោយបណ្ដាញខ្សែនោះបានបង្វែរដាក់ចូលក្នុងបំពុងកប់ក្រោមដីវិញ។
លោក សុខ សីហា ប្រធានមន្ទីរប្រៃសនីយ៍និងទូរគមនាគមន៍ខេត្ដសៀមរាបបានឲ្យដឹងកាលពីថ្ងៃទី១៦ ខែឧសភានេះថាបច្ចុប្បន្ននេះ ក្រុមការងារពាក់ព័ន្ធរួមមាន អង្គភាពអគ្គិសនី, រដ្ឋករទឹក និងក្រុមការងារសាងសង់ផ្លូវ៣៨ខ្សែក្នុងក្រុងសៀមរាបបានសហការគ្នាកំពុងមមាញឹកតបណ្ដាញខ្សែកាបទាំងអស់ដាក់ចូលក្នុងបំពុងកប់ក្រោមដីនៅតាមផ្លូវសំខាន់ៗមួយចំនួនដើម្បីធ្វើយ៉ាងណាលែងអោយមានខ្សែកាបទាំងអស់មាននៅលើអាកាសបន្ដទៀត ប៉ុន្ដែដោយឡែកផ្លូវតូចៗនៅតែមានដដែល។
លោកមានប្រសាសន៍ថា ការកាត់ខ្សែកាបដាក់ក្នុងបំពុងកប់ក្រោមដីនេះ បានធ្វើឡើងចាប់ពីចុងឆ្នាំ២០១៨ដល់បច្ចុប្បន្ននេះបានកប់ខ្សែកាបក្រោមដីតាមបណ្ដោយផ្លូវសំខាន់ៗនៅក្នុងក្រុងសៀមរាបបានជាង១៤ផ្លូវដែលមានប្រវែងជាង៧០គម។
ប្រធានមន្ទីរប្រៃសនីយ៍និងទូរគមនាគមន៍ខេត្ដសៀមរាបបន្តថា គម្រោងនេះនឹងបន្ដអនុវត្ដកាត់ខ្សែពីលើអាកាសនេះទៅដាក់ក្នុងបំពង់កប់ក្រោមដីនៅតាមផ្លូវសំខាន់ៗទាំងនោះឲ្យរួចរាល់នៅឆ្នាំ២០២៣ ស្របតាមគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៨ខ្សែដែលជាផ្លូវកំពុងកែលម្អរនៅក្នុងក្រុងសៀមរាប។
បើទោះបីការដាក់ខ្សែកាបអ៊ុបទិកនេះមិនឲ្យមានលើអាកាសក្ដី ប៉ុន្ដែអាចនៅមានដាក់ក្នុងបំពុងភ្ជាប់ជាមួយនឹងបង្គោលភ្លើងអគ្គីសនីដើម្បីងាយស្រួលអ្នកជំនាញតបណ្ដាញចូលផ្ទះប្រជាពលរដ្ឋ។ លោកសីហាបន្តថា ការរៀបចំអោយមានខ្សែកាបអ៊ុបទិកនៅក្រោមដីនេះដើម្បីឲ្យនៅលើផ្លូវមានសោភ័ណ្ណភាព និងសុវត្ថិភាព សណ្ដាប់ធ្នាប់ល្អនៅក្នុងក្រុងទេសចរណ៍មួយនេះ ។
លោក សុខ សីហា បានអោយដឹងដែរថា នៅក្នុងខេត្ដសៀមរាបមានក្រុមហ៊ុនអ៉ិនធឺណិតចំនួន ១១ក្រុមហ៊ុន។ ក្រុមហ៊ុនដែលបានទទួលអាជ្ញាប័ណ្ណដាក់បំពង់ទីបក្រោមដីចំនួន២ក្រុមហ៊ុន រួមមាន ទូរគមនគមន៍ កម្ពុជា TC របស់រដ្ឋ និងក្រុមហ៊ុន ស៊ីហ្វុក CFOCN។
បើតាមប្រធានមន្ទីរប្រៃសនីយ៍និងទូរគមនាគមន៍ខេត្ដសៀមរាប ផ្លូវដែលបានកាត់ទម្លាក់បណ្ដាញខ្សែកាបដើម្បីរៀបចំឲ្យមានសោភណ្ឌភាព និងសណ្ដាប់ធ្នាប់ល្អ មានផ្លូវ លោកតាណឺយ, ផ្លូវជុំវិញផប់ស្ទ្រីត, ផ្លូវហ្សាឌឺហ្គោល, ផ្លូវ៦០ម៉ែត្រ, ផ្លូវកូម៉ៃ, ផ្លូវ៧មករា, ផ្លូវជាតិលេខ៦ ចាប់ពីព្រំប្រទល់រដ្ឋបាលស្រុកពួក ដល់ស្រុកប្រាសាទបាគង ផ្លូវស៊ីវុត្ថា និងផ្លូវសំខាន់ៗមួយចំនួនទៀតស្ថិតនៅក្នុងក្រុងទេសចរណ៍អង្គរ។
លោកសីហា ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋអោយមានការយោគយល់ ចំពោះការប៉ះពាល់នៅពេលអ្នកជំនាញជីកកាយដីដាក់ខ្សែកាបអ៊ុបទិកនៅខាងមុខលំនៅឋានរបស់ពួកគាត់ផងដែរ៕