បាត់ដំបង៖ កូនឈើលិចទឹកជាង៥ពាន់ដើមត្រូវបានអាជ្ញាធរខេត្តបាត់ដំបងរៀបចំដាំឡើងវិញក្នុងដីអភិរក្សតំបន់៣ ចំណុចក្រពើស្គម ស្ថិតក្នុងឃុំព្រៃចាស់ ស្រុកឯកភ្នំ ខេត្តបាត់ដំបង នាព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១នេះ។
អភិបាលខេត្តបាត់ដំបងលោក សុខ លូ បានបញ្ជាក់ថា ក្នុងចំណោមកូនឈើទាំង៥ពាន់ដើមនេះមានដើមឬស្សីចំនួន១ពាន់ដើម ហើយក្រៅពីនោះគឺជាដើមរាំង និងដើមសណ្ដាន់។
ការដាំដើមឈើលិចទឹកឡើងវិញនេះគឺធ្វើឡើងបន្ទាប់ពីមានមានប្រតិបត្តិការទ្រង់ទ្រាយធំមួយនៅខេត្តជុំវិញបឹងទន្លេសាប ដែលរួមមាន ខេត្តពោធិសាត់ បាត់ដំបង សៀមរាប កំពង់ធំ កំពង់ឆ្នាំង និងបន្ទាយមានជ័យ តាមបញ្ជារបស់សម្ដេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី២៨ ខែវិច្ឆិកា បន្ទាប់ពីសម្ដេចបានទទួលរបាយការណ៍ពីរាជបណ្ឌិតសភាកម្ពុជាដែលរកឃើញថាមានសកម្មភាពទន្ទ្រានដីបឹងទន្លេសាបយ៉ាងច្រើន ដែលធ្វើឱ្យប៉ះពាល់ដល់ប្រព័ន្ធអេកូឡូស៊ីនៃបឹងធម្មជាតិដ៏ធំមួយនេះ។
ខេត្តបាត់ដំបងត្រូវបាន ក្រុមការងារថ្នាក់ជាតិរកឃើញថាមានការកាប់ទន្ទ្រានព្រៃលិចទឹកបឹងទន្លេសាបជាង១ម៉ឺន២ពាន់ហិកតា៕