រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ៖ វត្តមានរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតបានផ្ដល់ភាពកក់ក្ដៅ ដល់ពលរដ្ឋខ្មែរ
ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងព័ត៌មានលោក ខៀវ កាញារីទ្ធ បានអបអរនិងជូនពរដល់សម្តេចកិត្តិព្រឺទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសដែលសម្ដេចចម្រើនជន្មាយុគម្រប់៦៧ ឈានចូល៦៨ឆ្នាំ នៅ ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ខាងមុខ។ លោករដ្ឋមន្ត្រីបានលើកឡើងថា សម្ដេចកិត្តិព្រឺទ្ធបណ្ឌិតបានដឹកនាំស្ថាប័នកាកបាទក្រហមកម្ពុជា ឆ្ពោះទៅ រកភាពជោគជ័យជាបន្តបន្ទាប់ និងថាវត្ដមានរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតតែងតែផ្ដល់នូវភាពកក់ក្ដៅសម្រាប់ពលរដ្ឋខ្មែរទូទៅ។
ក្នុងសារលិខិតជូនពរគោរពជូនសម្ដេចកិត្តិព្រឺទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន លោករដ្ឋមន្ត្រី ខៀវ កាញារីទ្ធ បានសំដែងនូវការគោរពកោតសរសើរចំពោះការលះបង់របស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតចំពោះការងារមនុស្សធម៌នៅកម្ពុជាដែលបានផ្ដល់ភាពកក់ក្ដៅនិងទីពឹងពំនាក់ដែលមិនអាចខ្វះបានសម្រាប់ប្រជាពលរដ្ឋទូទៅ ជាពិសេសស្ថិតក្នុងកិច្ចទប់ស្កាត់នឹងជម្ងឺកូវីដ-១៩ នាឆ្នាំ២០២១នេះកាកបាទក្រហមកម្ពុជាបានចូលរួមចំណែកយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការចូលរួមជួយដល់ប្រជាពលរដ្ឋដែលមានជីវភាពលំបាក និងកីក្រដែលរងគ្រោះពីជម្ងឺរាតត្បាតនេះ។
ឆ្លៀតក្នុងឱកាសចម្រើនជន្មាយុគម្រប់៦៧ ឈានចូល៦៨ឆ្នាំរបស់សម្ដចកិត្តិព្រឺទ្ធបណ្ឌិត លោករដ្ឋមន្ត្រីបានលើកឡើងថា៖ «ក្នុងនាមថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងព័ត៌មានទាំងមូល និងខ្លួនខ្ញុំផ្ទាល់ ព្រមទាំងភរិយា ខ្ញុំបាទមានក្ដីសោមនស្សរីករាយ និងសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ កែវទាំងបី និងវត្ថុស័ក្កិសិទ្ធិទាំងឡាយក្នុងលោក សូមជួយតាមបីបាច់ថែរក្សា សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត សូមទទួលបាននូវកាយពលមាំមួនបញ្ញាញាណភ្លឺថ្លា ប្រាជ្ញាឈ្លាសវ៉ៃ សុខភាពល្អបរិបូរណ៍ អាយុយឺនយូរ ដើម្បីបន្តដឹកនាំស្ថាប័នកាកបាទក្រហមកម្ពុជាទទួលបានជោគជ័យថ្មីៗបន្ថែមទៀត»។
សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន កើតនៅ ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ១៩៥៤ ជាកូនកសិករក្នុងឃុំរកាខ្នុរ ស្រុកក្រូចឆ្មារ ខេត្តកំពង់ចាម (បច្ចុប្បន្នជាផ្នែកនៃខេត្តត្បូងឃ្មុំ)។ សម្ដេចបានរៀបអាពាហ៍ពិពាហ៍ជាមួយសម្ដេចតេជោ ហ៊ុន សែន នាថ្ងៃទី៥ ខែមករា ឆ្នាំ១៩៧៦ ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ។
សម្ដេចបានក្លាយជាប្រធានកាកបាទក្រហមកម្ពុជានៅ ថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៩៨ ដែលបានបន្តបេសកម្មមនុស្សធម៌ជួយដល់ពលរដ្ឋកម្ពុជារហូតមកដល់បច្ចុប្បន្ន៕