ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |
ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

គណបក្សហ៊្វុនស៊ិនប៉ិចនឹងធ្វើសមាជជ្រើសរើសព្រះអង្គម្ចាស់ចក្រាវុធជាប្រធានបក្សនាខែមករាខាងមុខ

ភ្នំពេញ៖ គណបក្សហ៊្វុនស៊ិនប៉ិចគ្រោងធ្វើសមាជបក្សនៅក្នុងអំឡុងខែមករាខាងមុខ ដើម្បីជ្រើសរើសប្រធានថ្មីក៏ដូចជាធ្វើស្របទៅនឹងលក្ខខន្តិកៈរបស់គណបក្សដែលបានដាក់ទៅក្រសួងមហាផ្ទៃ។

អ្នកនាំពាក្យគណបក្សហ៊្វុនស៊ិនប៉ិចលោក ញឿន រ៉ាដែន បានឱ្យ EAC News ដឹងថាបេក្ខភាពតែមួយរួបគឺសម្ដេចនរោត្តម ចក្រាវុធ នឹងត្រូវសមាជប្រជុំជ្រើសរើសជាប្រធានបក្សបន្ទាប់ពីសម្ដេចក្រុមព្រះដែលបានសោយព្រះទិវង្គត។ លោកបន្ថែមថា ការជ្រើសរើសព្រះអង្គ ចក្រាវុធ ជាប្រធានបក្សក៏ជាការធ្វើឱ្យស្របតាមព្រះរាជតំរិះរបស់សម្ដេចក្រុមព្រះនៅពេលដែលព្រះអង្គនៅមានព្រះជន្មផងដែរ។

លោកថា៖ «យើងដឹងហើយថាមុននឹងសោយព្រះទិវង្គតសម្ដេចក្រុមព្រះ បានផ្ទេរសិទ្ធិឱ្យ ព្រះអង្គចក្រាវុធ ជាប្រធានស្ដីទី។ ហើយយើងធ្វើនេះក៏ឱ្យស្របតាមព្រះរាជតំរិះរបស់សម្រេចក្រុមព្រះផងដែរ» ។

ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ គឺជាបុត្រច្បងរបស់សម្ដេចក្រុមព្រះនរោត្តម រណឬទ្ធិ។ ព្រះអង្គត្រូវបានសម្ដេចក្រុមព្រះតែងតាំងជាប្រធានស្ដីទីគណបក្សហ៊្វុនស៊ិនប៉ិចកាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៨ ក្នុងពេលដែលសម្ដេចក្រុមព្រះ នរោត្តម រណឬទ្ធិ សម្រាកព្យាបាលព្រះកាយនៅក្រៅប្រទេស។

អនុប្រធានគណបក្សខ្មែររួបរួមជាតិលោក អ៊ុ សុមន្ថា បានប្រាប់ EAC News ថាការគណបក្សលោកនៅតែមានបំណងរួបរួមជាមួយគណបក្សហ៊្វុនស៊ិនប៉ិចដដែល តែលោកហាក់បីដូចជាមិនមានជំនឿថាអាចរួបរួមបាននោះទេប្រសិនជាសម្ដេចនរោត្តម ចក្រាវុធ ត្រូវបានជ្រើសរើសជាប្រធានបក្សបន្តនោះ។

លោកថា៖ «បើសិនជាធ្វើសមាជ ហើយបើ ព្រះអង្គចក្រាវុធ ធ្វើជាប្រធាន។ ខ្មែររួបរួមជាតិហាក់ពិបាកក្នុងការចូលរួមជាមួយដោយសារជំហរព្រះអង្គ» ។

នាយកប្រតិបត្តិគណៈកម្មាធិការអព្យាក្រឹត និងយុត្តិធម៌ដើម្បីបោះឆ្នោតដោយសេរី និងត្រឹមត្រូវនៅកម្ពុជាលោក សំ គន្ធាមី ថាការឡើងមកធ្វើជាប្រធានបក្សហ៊្វុនស៊ិនប៉ិចរបស់ព្រះអង្គចក្រាវុធអាចនឹងជួបបញ្ហាច្រើនដោយសារកេរ្តិ៍ឈ្មោះព្រះអង្គមិនទាន់ត្រូវបានគេស្គាល់ច្រើន ហើយផ្ទៃក្នុងបក្សហាក់មិនទាន់រឹងមាំឡើងវិញនៅឡើយ។

លោកថា៖ «ព្រះអង្គអាចមាន Challenge ច្រើនទាំងផ្ទៃក្នុងបក្ស និងជាមួយបក្សដទៃ ហើយទាំងនៅតាមសហគមន៍ផងដែរ។ [...] ដូច្នេះហើយការធ្វើឱ្យបក្សមានប្រជាប្រិយភាពឡើងវិញក៏មិនទាន់ដឹងច្បាស់ដែរ» ។

អ្នកវិភាគនយោបាយលោកបណ្ឌិត សេង សារី បានប្រាប់ EAC News ថាការធ្វើសមាជជ្រើសរើសប្រធានគណបក្សថ្មីនេះមិនអាចធ្វើឱ្យប្រជាប្រិយភាពគណបក្សឡើងវិញនោះទេ ដោយសារតែការបែកបាក់ ហើយប្រជាប្រិយភាពក្នុងចំណោមពលរដ្ឋកាន់តែតិច។ ទោះជាយ៉ាងណាលោកថា គណបក្សនេះអាចធ្វើឱ្យមានប្រជាប្រិយភាពឡើងវិញ តាមរយៈការឈឺឆ្អាលបញ្ហាសង្គម និងសុខទុក្ខពលរដ្ឋ។

លោកថា៖ «ចាប់ផ្ដើមសកម្មនៅក្នុងការធ្វើនយោបាយ ចាប់ផ្ដើមឈឺឆ្អាលសុខទុក្ខប្រជាពលរដ្ឋ ចូលរួមចំណែកក្នុងការដោះស្រាយបញ្ហារបស់ពលរដ្ឋក្នុងនាមជាគណបក្សរាជានិយម។ ខ្ញុំគិតថាបន្ដិចម្ដងៗគាត់នឹងកសាងកេរ្តិ៍ឈ្មោះឡើងវិញបាន។ ទោះបីបក្សនេះកេរ្តិ៍ឈ្មោះគាត់ក្លាយទៅជាអតីតកាលក៏ប៉ុន្ដែពលរដ្ឋនៅសំឡឹងគាត់នៅឡើយ ពលរដ្ឋនៅតែចង់ឃើញគណបក្សរាជានិយមបន្តមានវត្ដមានក្នុងនយោបាយខ្មែរ» ។

គណបក្សហ្វ៊ុនស៊ិនប៉ិច មានឬសគល់ចេញពីការតស៊ូរបស់សម្ដេចព្រះ នរោត្តម សីហនុ បន្ទាប់ពីការដួលរលំនៃរបបកម្ពុជាប្រជាធិបតេយ្យ។ ក្រោយកិច្ចព្រមព្រៀងក្រុងប៉ារីស ២៣ តុលា ឆ្នាំ១៩៩១ គណបក្សនេះក្រោមការដឹកនាំរបស់សម្ដេចក្រុមព្រះ នរោត្តម រណឬទ្ធិ បានចូលរួមក្នុងការបោះឆ្នោតឆ្នាំ១៩៩៣ ដែលមានការអាសនៈ៥៨អាសនៈក្នុងចំណោម១២០អាសនៈ។

ទោះជាយ៉ាងណាជម្លោះផ្ទៃក្នុងរបស់គណបក្សនេះបានធ្វើឱ្យបក្សកាន់តែខ្សោយទៅៗរហូតបាត់បង់អាសនៈជាបន្តបន្ទាប់។ ទទួលបាន៤៣អាសនៈនៅក្នុងការបោះឆ្នោតឆ្នាំ១៩៩៨ ឈ្នះបាន២៦អាសនៈនៅក្នុងការបោះឆ្នោតឆ្នាំ២០០៣ និង២អាសនៈនៅឆ្នាំ២០០៨ ក្រោយមកនៅក្នុងការបោះឆ្នោតឆ្នាំ២០១៣ និង២០១៨ចុងក្រោយគឺមិនទទួលបានអាសនៈណាមួយនោះទេ៕


ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក