ភ្នំពេញ៖ គេហទំព័រ Xvideos, Dood, Quip, Baraag, Theporndude, 8kun, xnxx, xnxx2 និង Porn-images-xxx ត្រូវដាក់ក្នុងបញ្ជីនៃការរាំងខ្ទប់របស់រដ្ឋាភិបាលកម្ពុជាបន្ទាប់ពីរកឃើញថាគេហទំព័រនិងយូអអិលទាំងនេះ បានបង្ហោះរូបភាពនិងវីដេអូអាសអាភាសកុមារ។
ក្នុងសេចក្ដីប្រកាសព័ត៌មានចុះថ្ងៃទី១៣ ខែធ្នូនេះ និយ័តករទូរគមនាគមន៍កម្ពុជាបានលើកឡើងថា៖ «ន.ទ.ក នឹងបន្តសហការជាមួយក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ អាជ្ញាធរពាក់ព័ន្ធ និងប្រតិបត្តិករទូរគមនាគមន៍ទាំងអស់ ដើម្បីលុបបំបាត់រាល់គេហទំព័រនិងយូអអិលដែលបង្ហោះរូបអាសអាភាសកុមារតាមប្រព័ន្ធអនឡាញដែលកម្មភាពនេះបានជំរុញនិងបង្កឱ្យកើតមានអាជីវកម្មពេស្យាកម្ម និងការជួញដូរមនុស្សដែលបង្កនូវការឈឺចាប់ទាំងផ្លូវកាយនិងផ្លូវចិត្តដល់ជនរងគ្រោះ ព្រមទាំងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សណ្ដាប់ធ្នាប់សាធារណៈ និងសេចក្ដីថ្លៃថ្នូរបស់ប្រទេសជាតិ» ។
បន្ថែមលើសពីនេះ និយ័តករទូរគមនាគមន៍ក៏អំពាវនាវដល់សាធារណជនឱ្យចូលរួមរាយការណ៍មកខ្លួនតាមរយៈលេខទូរស័ព្ទ ៦៧៨៩ ឬតាមបណ្ដាញសង្គម Facebook និយ័តករទូរគមនាគមន៍កម្ពុជា-Telecommunication Regulator of Cambodia ពីគេហទំព័រ ឬយូអអិលណាមួយដែលបានបង្ហោះរូបភាពនិងវីដេអូអាសអាភាសកុមារតាមប្រព័ន្ធអនឡាញផងដែរ៕