ភ្នំពេញ៖ រឿង «កូនប្រុសក្រោមពន្លឺព្រះច័ន្ទពេញបូណ៌មី» ត្រូវបានរៀបចំក្រុងពាលីរៀបចំថតផ្លូវការនៅព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១នេះ ក្រោមអធបតីភាពនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេច តេជោ ហ៊ុន សែន។
រឿង “កូនប្រុសក្រោមពន្លឺព្រះច័ន្ទពេញបូណ៌មី” ជារឿងនិទានបែបប្រវត្តិសាស្រ្ត ដែលនិយាយពីដំណើរជីវិតតស៊ូរបស់សម្ដេចតេជោ ហ៊ុន សែន ដោយបញ្ចូលនូវព្រឹត្តិការណ៍សំខាន់ៗជាច្រើន ក្នុងការស្វែងរកសន្ដិភាពជូនប្រជាពលរដ្ឋកម្ពុជា។ រឿងនេះនឹងត្រូវថតជាខ្សែភាពយន្តភាគ ដោយផលិតកម្មឯកជន ហើយនឹងត្រូវលក់ទៅឲ្យស្ថានីយ៍វិទ្យុ និងទូរទស្សន៍ ដើម្បីចាក់ផ្សាយជាសាធារណៈជូនប្រជាជនបានទស្សនា។
គួររំលឹកថា កន្លងមករឿង “កូនប្រុសក្រោមពន្លឺព្រះច័ន្ទពេញបូណ៌មី” នេះត្រូវបានតាក់តែងនិពន្ធជាល្ខោននិយាយ និងចាក់ផ្សាយនៅ វិទ្យុបាយ័ន ដោយទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ប្រីយមិត្តអ្នកស្ដាប់ទូទាំងប្រទេសជាខ្សែរឿងដែលមានប្រជាប្រិយភាពបំផុត។ រហូតមកដល់ពេលដែលមានការវិវត្តចុងក្រោយប្រជាពលរដ្ឋនិយមប្រើបណ្ដាញសង្គមហ្វេសប៊ុកវិទ្យុបាយ័នក៏បានយករឿងមកផ្សាយឃើញថាបងប្អូនប្រជាពលរដ្ឋអ្នកស្ដាប់ជាច្រើនចូលមកបញ្ចេញមតិ (comment) សុំផលិតជាខ្សែភាពយន្តភាគតែម្ដងទៅ ដើម្បីឲ្យកូនខ្មែរជំនាន់ក្រោយបានទស្សនាផង៕