កំពង់ស្ពឺ៖ អភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង បានឱ្យ EAC News ដឹងថាពេលនេះអាជ្ញាធរបានបន្តព័ទ្ធរោងចក្រដំណាប់ស្វាយមួយកន្លែងដែលមានទីតាំងនៅក្នុងឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដែលសង្ស័យថាមានការផលិតគ្រឿងញៀន បន្ទាប់ពីមានការបង្ក្រាបគ្រឿងញៀនទ្រង់ទ្រាយធំមួយកាលពីម្សិលមិញដែលមានជាប់ពាក់ព័ន្ធនឹងរោងចក្រដំណាប់ស្វាយនេះ។
លោក វ៉ី សំណាង ឱ្យដឹងថា រោងចក្រដំណាប់ស្វាយ រីចហ្វាម អេស៊ា ឯ.ក ដែលមានទីតាំងក្នុងឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ត្រូវបានសមត្ថកិច្ចបន្តឡោមព័ទ្ធ ឆែកឆេររក ភស្ភុតាងបន្ថែមពាក់ព័ន្ធនឹងការផលិតចែកចាយគ្រឿងញៀន។ លោកបន្ថែមថា រោងចក្រនេះបានបើកដំណើរជាយូរមកហើយដោយផលិតដំណាប់ស្វាយធម្មតា តែទើបតែប្រមាណ ២ខែចុងក្រោយនេះត្រូវបានសមត្ថកិច្ចសង្កេតឃើញពីភាពមិនប្រក្រតីនៃការផលិតនិងស៊ើបដឹងជាបន្តបន្ទាប់ មុនឈានដល់ការបង្ក្រាបទ្រង់ទ្រាយធំកាលពីម្សិលមិញ។
កាលពីម្សិលមិញសមត្ថកិច្ចថ្នាក់ជាតិបានបង្ក្រាបឧក្រិដ្ឋកម្មគ្រឿងញៀនមួយដែលឈានដល់ការបាញ់តទល់គ្នារវាងសមត្ថកិច្ច និងឧក្រិដ្ឋជនដែលបណ្ដាលឱ្យឧក្រិដ្ឋជនជាជនជាតិចិនតៃវ៉ាន់ម្នាក់ស្លាប់ ចាប់បាន២នាក់ និងចាប់យកគ្រឿងញៀនប្រភេទខេតាមីនចំនួន ១ ៤៨០គីឡូក្រាម ហើយក៏ឈានដល់ការចុះឆែកឆេរដល់រោងចក្រខាងលើផងដែរ៕