វេទិការនិពន្ធនាយកសារព័ត៌មានកម្ពុជា កត់សម្ពាល់ពីសារសំខាន់របស់សារព័ត៌មានក្នុងការជួយទប់ស្កាត់មេរោគរាតត្បាត
ភ្នំពេញ៖ វេទិការនិពន្ធនាយក ដែលមានការចូលរួមពីនិពន្ធនាយក ចាងហ្វាង តំណាងសមាគម និងជាអ្នកដឹកនាំសារព័ត៌មានចំនួន៤៦ស្ថាប័នបានកត់សម្គាល់ពីសារសំខាន់របស់សារព័ត៌មានក្នុងការជួបទប់ស្កាត់ការរាលដាលនៃជំងឺរាតត្បាតប្រចាំសតវត្សរ៍ និងបានលើកឡើងថាពីសារៈសំខាន់របស់សារព័ត៌មានដល់សាធារណជន និងអាជ្ញាធរផងដែរ។
វេទិកានិពន្ធនាយកលើកទី១៨ នៅថ្ងៃទី១១ ខែធ្នូនេះ បានសម្រេចរួមគ្នានូវសេចក្ដីថ្លែងការរួមចំនួន១៣ចំណុចដែលរួមមាន ការទទួលស្គាល់ពីផលប៉ះពាល់នៃជំងឺកូវីដ-១៩ស្ទើគ្រប់វិស័យក្នុងពិភពលោករួមទាំងវិស័យសារព័ត៌មានផងដែរ ដែលប៉ះពាល់ទាំងការងារ សុខភាព និងចំណូលរបស់ស្ថាប័នព័ត៌មាន។ ទោះជាយ៉ាងណាឆ្លងកាត់បទពិសោធន៍នេះបានបង្ហាញថាអ្នកសារព័ត៌មានកាន់តែមានភាពរឹងមាំ ទាំងបទពិសោធន៍ ការប្រើប្រាស់បច្ចេកវិទ្យា និងការបត់បែនរបស់អ្នកសារព័ត៌មានក្នុងពេលដែលប្រឈមនៃវិបត្តិកូវីដ-១៩។
ក្នុងសេចក្ដីថ្លែងការរួមនោះបានលើកឡើងថា៖ «អ្នកសារព័ត៌មានទទួលបានបទពិសោធន៍យ៉ាងច្រើនក្នុងការបំពេញការងារក្នុងស្ថានភាពលំបាកជាពិសេសក្នុងពេលបិទខ្ទប់។ ស្ថានភាពនេះធ្វើឱ្យអ្នកសារព័ត៌មានកាន់តែមានភាពរឹងមាំនិងអាចធ្វើការបានគ្រប់កាលៈទេសៈបើទោះបីជាខ្លួននៅមួយកន្លែងមិនអាចចេញទៅណាបានក៏ដោយ» ។
ក្នុងសេចក្ដីថ្លែងការណ៍រួមនេះក៏បានបង្ហាញផងដែរនូវគុណសម្បត្តិនៃព័ត៌មានពិតដែលបានជួបទប់ស្កាត់ការរាលដាលនៃជំងឹរាតត្បាតសកលកូវីដ-១៩ផងដែរ។
វេទិកានេះក៏សំណូមពរដល់ថ្នាក់ដឺកនាំគ្រប់ក្រសួងស្ថាប័ន និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ សម្រួលកិច្ចការដល់អ្នកសារព័ត៌មានឱ្យអនុវត្តសិទ្ធិសេរីភាព និងវិជ្ជាជីវៈរបស់ខ្លួន ជាមួយគ្នានឹងការអំពាវនាវដល់និយោជកក្នុងវិស័យព័ត៌មានទាំងអស់ បន្តការអត់ធ្មត់និងយោគយល់ចំពោះស្ថានការណ៍ដ៏លំបាកនៃជំងឹកូវីដ-១៩ មិនគួរកាត់ប្រាក់បៀវត្សរ៍ ឬបញ្ឈប់បុគ្គលិកពីការងារឡើយ។
ជាចុងក្រោយវេទិកានិពន្ធនាយកប្រចាំឆ្នាំនេះ បានអរគុណដល់នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ដែលបានចាត់ទុកអ្នកសារព័ត៌មានជាក្រុមអាទិភាពក្នុងការទទួលបានវ៉ាក់សាំងមុនគេផងដែរ។
វេទិការនិពន្ធនាយកសារព័ត៌មានកម្ពុជាគឺជាវេទិកាដ៏ធំប្រចាំដែលរៀបចំដោយក្លិបអ្នកកាសែតកម្ពុជា ដែលចូលរួមដោយនិពន្ធនាយក ចាងហ្វាង តំណាងសមាគម និងជាអ្នកដឹកនាំសារព័ត៌មានមកពីអង្គភាពផ្សេងដើម្បីចូលរួមពិភាក្សាផ្ដល់យោបល់ ចែករំលែកបទពិសោធន៍ និងទុក្ខលំបាកដើម្បីស្វែងរកដំណោះស្រាយ។
វេទិការនេះក៏មានការចូលរួមជាអធិបតីរបស់រដ្ឋមន្ត្រីក្រសួងព័ត៌មានលោក ខៀវ កាញារីទ្ធ ដើម្បីថ្លែងសារគន្លឹះនិងលើកទឹកចិត្តផងដែរ៕