សម្ដេចតេជោ កោតសរសើរអ្នកសារព័ត៌មានដែលបានចូលរួមប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយដែលបង្កើតឡើងដោយក្រុមឱកាសនិយម
ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ដល់អ្នកសារព័ត៌មាន និងស្ថាប័នសារព័ត៌មានទាំងអស់ដែលបានរួមចំណែកក្នុងការប្រយុទ្ធប្រឆាំងព័ត៌មានមិនពិត និងក្លែងក្លាយដែលបង្កើតឡើងដោយក្រុមឱកាសនិយមទាក់ទងនឹងវ៉ាក់សាំងការពារជំងឺកូវីដ-១៩ វាយប្រហារមកលើរាជរដ្ឋាភិបាលកម្ពុជា។
ក្នុងសារលិខិតក្នុងឱកាសវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា ស្ដីពី កូវីដ-១៩៖ បញ្ហាប្រឈមនិងឱកាសសម្រាប់អ្នកសារព័ត៌មាន នាថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២១នេះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថាដោយកោតសរសើរចំពោះអ្នកសារព័ត៌មាន និងស្ថាប័នព័តមានទាំងអស់ដែលបានចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការអនុវត្តគោលនយោបាយផ្ដល់វ៉ាក់សាំងកូវីដ-១៩ ជូនពលរដ្ឋ ក៏ដូចជាការប្រយុទ្ធប្រឆាំងកាត់ផ្ដាច់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ក្នុងសហគមន៍បានទទួលជោគជ័យជាបន្តបន្ទាប់ តាមរយៈការផ្ដល់នូវព័ត៌មានពិតនិងរហ័សដល់ប្រជាពលរដ្ឋឱ្យបានដឹង។
សម្ដេចតេជោ បន្ថែមទៀតថាការផ្ដល់ព័ត៌មានពិតនិងរហ័សនេះក៏បានជួយដល់រាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយដែលបង្កើតដោយក្រុមឱកាសនិយមទាក់ទងនឹងការបំផុសមិនឱ្យពលរដ្ឋទៅចាក់វ៉ាក់សាំងផងដែរ។
សម្ដេចបានលើកឡើងថា៖ «សកម្មភាពទាំងនេះជាការប្រឆាំងនឹងការរស់ឡើងវិញរបស់ប្រជាជនកម្ពុជាដែលមិនអាំចអត់ឱនឱ្យបាន ហើយត្រូវបានឆ្លើយតបបានទាន់ពេលវេលានិងមានប្រសិទ្ធភាពពីសំណាក់រាជរដ្ឋាភិបាលនិងស្ថាប័នសារព័ត៌មានរបស់យើងដែលធ្វើឱ្យឧបាយកលបោកប្រាស់របស់ពួកគេត្រូវទទួលបរាជ័យជាបន្តបន្ទាប់។ កិច្ចសហការដ៏ល្អនេះធ្វើឱ្យរាជរដ្ឋាភិបាលប្ដេជ្ញាចិត្តក្នុងការលើកកម្ពស់ភាពជាដៃគូរវាងរាជរដ្ឋាភិបាលកកម្ពុជា ជាមួយស្ថាប័នព័ត៌មានដើម្បីរក្សាសុខសន្ដិភាពនិងការអភិវឌ្ឍប្រទេសជាតិរបស់យើង» ។
តាមរយៈភាពជោគជ័យនៃការផ្សព្វផ្សាយព័ត៌មានពិតនៅកម្ពុជា បានធ្វើឱ្យកម្ពុជាសម្រេចជោគជ័យក្នុងការចាក់វ៉ាក់សាំងជូនពលរដ្ឋដែលធ្វើឱ្យកម្ពុជាទទួលបានចំណាត់ថ្នាក់លេខ១នៅអាស៊ី និងលេខ៥នៅលើសកលលោកក្នុងការចាក់វ៉ាក់សាំងបានច្រើនជាងគេ។ ជោគជ័យនេះហើយបានធ្វើឱ្យកម្ពុជាបើកប្រទេសឡើងវិញលើគ្រប់វិស័យកាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១កន្លងទៅ ដែលធ្វើឱ្យកម្ពុជាមានលទ្ធភាពស្ដារសេដ្ឋកិច្ច និងសង្គមឡើងវិញពីវិបត្តិកូវីដ-១៩៕