ក្រុមការងារស្រាវជ្រាវប្រទះឃើញព្រះកេសទេវតាក្នុងកំណាយស្រាវជ្រាវនៅខ្លោងទ្វារជ័យ | នាយករដ្ឋមន្ត្រីអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាទៅទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ | សាលាឥណ្ឌាមួយចូលរួមអបអរពិធីចម្រើនព្រះជន្មព្រះមហាក្សត្រកម្ពុជាដោយការចែកអំណោយសប្បុរសធម៌ដល់សិស្សក្រីក្រ | ព្រះមហាក្សត្រត្រាស់បង្គាប់លោក ធូ មណី ឱ្យបន្តតំណែងជាអនុប្រធានសាលាឧទ្ធរណ៍បាត់ដំបងមួយឆ្នាំទៀត |

មជ្ឈមណ្ឌលជាតិជនពិការកម្ពុជាគ្រោងបញ្ចប់ការសាងសង់នៅចុងឆ្នាំ ២០២២

កណ្ដាល៖ មជ្ឈមណ្ឌលជាតិជនពិការកម្ពុជា ដែលស្ថិតនៅទីតាំងឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្តាល គ្រោងនឹងបញ្ចប់ការសាងសង់នៅខុងឆ្នាំ ២០២២ខាងមុខ។ បច្ចុប្បន្នមជ្ឈមណ្ឌលនេះ គឺស្ថិតក្រោមការសាងសង់ ដោយសម្រេចបានប្រមាណ ជាង៤០%ហើយ។

នាព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២១ នេះ រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាលោក វង សូត រួមទាំងថ្នាក់ដឹកនាំក្រសួង បានចុះមកពិនិត្យដំណើរការសាងសង់មជ្ឈមណ្ឌល និងបាននាំមកនូវអំណោយជូនកម្មការកំពុងសាងសង់មួយចំនួនផងដែរ។

ផ្អែកតាមរបាយការណ៍ មជ្ឈមណ្ឌលនេះគឺសម្រចការសាងសង់បានប្រមាណជាង ៤០% ហើយតាមគម្រោងនឹងអាចបញ្ចប់ក្នុងចុងឆ្នាំ ២០២២ខាងមុខ។

គម្រោងសាងសង់មជ្ឈមណ្ឌលជាតិជនពិការកម្ពុជា គឺជាគម្រោងដែលផ្តួចផ្តើមដោយលោករដ្ឋមន្ត្រី វង សូត មានគោលដៅប្រមូលផ្តុំការផ្តល់សេវាជូនជនមានពិការភាព ប្រកបដោយ ស្តង់ដារបច្ចេកទេសខ្ពស់ បម្រើឱ្យវិស័យពិការភាព ស្របតាមតំរូវការរបស់បងប្អូនមានពិការភាព ដែលមានទីតាំងស្ថិត នៅលើផ្ទៃដីទំហំជាង ៦ហិកតា។

គម្រោងសាងសង់ខាងលើនេះ រួមមាន៖ អាគារពាណិជ្ជកម្ម ទីចាត់ការ អាគារដ្ឋបាល អាគារស្តារនីតិសម្បទា ទីលានបាល់ទាត់ វេទិកា សាលមហោស្រព អាហារដ្ឋាន អាគារស្នាក់នៅ អាងហែលទឹក រោងសិប្បកម្ម អាគារដ្ឋបាល រោងចក្រ អាគារការិយាល័យ សិប្បកម្ម ផលិតទឹកបរិសុទ្ធ ស្រះទឹក និងសួនកុមារ។

ក្នុងការចុះពិនិត្យគម្រោងខាងលើ លោករដ្ឋមន្ត្រីបានស្នើដល់ក្រុមហ៊ុនដែលទទួលការសាងសង់ ត្រូវសាងសង់សំណង់អគារឱ្យមានគុណភាពខ្ពស់ ធ្វើយ៉ាងណាអនុវត្តឱ្យ បានត្រឹមត្រូវតាមបទដ្ឋាន និងស្តង់ដារ ដែលបានព្រមព្រៀងគ្នា ដើម្បីធានាគុណប្រយោជន៍ប្រើប្រាស់យូរអង្វែងក្នុងការ បម្រើឱ្យវិស័យពិការភាពនៅកម្ពុជា។

ជាការកត់សម្គាល់ ការកសាងមជ្ឈមណ្ឌលជាតិជនពិការកម្ពុជា ជាសមិទ្ធផលថ្មីមួយទៀតសម្រាប់វិស័យសង្គមកិច្ច បន្ទាប់ពីមជ្ឈមណ្ឌល ថែទាំ និងស្តារនីតិសម្បទាជនវិបល្លាសស្មារតី និងមជ្ឈមណ្ឌលយុវនីតិសម្បទា ដែលស្ថិតនៅស្រុកកណ្តាលស្ទឹង ខេត្ត កណ្តាល៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក