អន្តរជាតិ៖ ក្នុងចំណោមប្រាសាទជាច្រើននៅ តំបន់អាស៊ីដែលត្រូវបានគេហទំព័រ Tourpia បានស្រង់និងបានចាត់ចំណាត់ថ្នាក់បង្ហាញថាប្រាសាទអង្គរវត្ត ដែលមានទីតាំងក្នុងខេត្តសៀមរាប ប្រទេសកម្ពុជាគឺជាប្រាសាទដែលល្បីជាងគេបង្អស់។
ក្នុងគេហទំព័ររបស់ខ្លួន Tourpia បានលើកឡើងថា មានរឿងជាច្រើនដែលធ្វើឱ្យប្រាសាទនេះក្លាយជាប្រាសាទដែលល្បីជាងគេក្នុងពិភពទាក់ទងនឹងស្ថាបត្យកម្ម ការរចនា និងប្រវត្តិសាស្ត្រនៃប្រាសាទដ៏អស្ចារ្យនេះ។
Tourpia បានលើកឡើងថា៖ «ប្រាសាទអង្គរវត្តឈរនៅលើដំបូលរាបស្មើរពីលើកន្លែងផ្សេងទៀតនៃទីក្រុង។ វាត្រូវបានធ្វើឡើងពីសាលចតុកោណចំនួនបីឡើងដល់ប៉មកណ្តាល ដែលមួយកម្រិតខ្ពស់ជាងអគារចុងក្រោយ។ វាជាប្រាសាទតែមួយគត់នៅអង្គរដែលនៅតែជាមជ្ឈមណ្ឌលសាសនាចាប់តាំងពីការស្ថាបនារបស់វាដំបូងជាប្រាសាទហិណ្ឌូបន្ទាប់មកជាប្រាសាទពុទ្ធសាសនា» ។
អង្គរវត្ត មានទីតាំងស្ថិតនៅ ភាគខាងជើងនៃក្រុងសៀមរាប ក្នុងស្រុកសៀមរាប មានចម្ងាយ៧ គ.ម ពីទីរួមខេត្ត។ ត្រូវបានកសាងឡើងនៅសតវត្សទី១២ ដោយព្រះបាទសូរ្យវរ្ម័នទី២ ដែលជាស្នាដៃដ៏ធំចម្បងអស្ចារ្យនិងមានឈ្មោះល្បីល្បាញរន្ទឺសុះសាយ ទៅគ្រប់ទិសទីលើពិភពលោក។
បើតាមលោកហ្សក-សឺដែស ប្រាសាទអង្គរវត្តគឺតំណាងឲ្យពិភពលោក។ ប្រាង្គកណ្តាលតំណាងឲ្យភ្នំព្រះសុមេរុដែលស្ថិតនៅកណ្តាលពិភពលោក។ ប្រាង្គទាំង៥ តំណាងឲ្យកំពូលភ្នំព្រះសុមេរុដែលជាជាយផែនដីនិងគូទឹកព័ទ្ធជុំវិញប្រាសាទគឺជាសមុទ្រដែលព័ទ្ធជុំវិញ។ ប្រាសាទអង្គរវត្តមានឈ្មោះដើមថា ប្រាសាទបរមវិស្ណុលោក។
នៅថ្ងៃទី១២ ខែធ្នូ ដល់ថ្ងៃទី១៦ ខែធ្នូ ខាងមុខអាជ្ញាធរអប្សរានឹងរៀបចំព្រឹត្តិការណ៍មួយរម្លឹកដល់គុណបុព្វការីជន ដែលបានខិតខំកសាង និងថែរក្សារមណីយដ្ឋានអង្គរឱ្យបានគង់វង់មកដល់សព្វថ្ងៃ៕