ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោម ស ខេង បានបញ្ជាឱ្យក្រសួងចាប់ផ្ដើមពិនិត្យស្វែងរកមន្ត្រីនគរបាលណាដែលមិនទាន់បានរៀនវិជ្ជាជីវៈនគរបាលឱ្យទៅ សិក្សាឡើងវិញ ក៏ដូចជាធ្វើការត្រួតពិនិត្យលើភាពមិនប្រក្រតីនៃការតម្លើងឋានន្តរស័ក្កិ ព្រមទាំងបញ្ជាឱ្យមានការចុះអធិការកិច្ចនៅ ប៉ុស្តិ៍នគរបាលផងដែរ។
ថ្លែងក្នុងពិធីបញ្ចុះបឋមសិលាសាងសង់អគារសិក្សាក្នុងបរិវេណវិទ្យាល័យព្រះមុនីវង្ស ស្ថិតនៅក្រុងបាត់ដំបង ខេត្តបាត់ដំបង នៅ ព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១ សម្ដេចក្រឡាហោម ស ខេង បានបញ្ជាក់ថា ការងារជាមន្ត្រីនគរបាលគឺចាំបាច់ក្នុងយល់ដឹងពីច្បាប់ និងមានសីលធម៌វិជ្ជាជីវៈជាមន្ត្រីនគរបាលត្រឹមត្រូវ។ សម្ដេចបញ្ជាក់ថា នៅពេលនេះក្រសួងកំពុងពិនិត្យស្រង់ចំនួនមន្ត្រីនគរបាលចាប់ពីអនុប្រធានការិយាល័យរហូតដល់អគ្គស្នងការរងដែលមិនបានបញ្ចប់ការសិក្សាពីបណ្ឌិតសភាវិជ្ជាជីវៈនគរបាលឱ្យទៅទទួលបានការបណ្ដុះបណ្ដាលឡើងវិញ បន្ថែមជាមួយការធ្វើសវនកម្មចំពោះភាពមិនប្រក្រតីនៃការតម្លើងឋាន្តរស័ក្កិផងដែរ។
ចំពោះការពិនិត្យលើប៉ុស្ត៍នគរបាលវិញ សម្ដេចក្រឡាហោមបានបញ្ជាឱ្យពិនិត្យចុះពិនិត្យពីក្របខណ្ឌ សីលធម៌វិជ្ជាជីវៈមន្ត្រី និងការបំពាក់ឧបករណ៍នៅ តាមប៉ុសិ៍ត៍មូលដ្ឋានផងដែរ។
សម្ដេចថ្លែងថា៖ «នេះបានហៅ ថាកំណែទម្រង់ព្រោះយើងមិនអាចនិយាយតែមាត់កំណែទម្រង់ៗ តែវាអត់ឃើញអីជាផ្លែជាផ្កា អត់ឃើញអីជាក់ស្ដែងមិនបានទេ! កំណែទម្រង់ក្នុងន័យអី? គឺក្នុងន័យថាមិចដើម្បីការពារសុវត្ថិភាពជូនប្រជាពលរដ្ឋ ឱ្យគាត់មានភាពកក់ក្ដៅនគរបាលគឺជានគរបាលរបស់ប្រជាជនកុំឱ្យជាសត្រូវរបស់ប្រជាជន។ ជាកូនចៅ ប្រជាពលរដ្ឋបានន័យថាធ្វើយ៉ាងមិចឱ្យប្រជាពលរដ្ឋលោកពេញចិត្តលោកជឿទុកចិត្តលើបេសកម្មរបស់នគរបាល»។
យោងតាមលក្ខន្តិកៈដោយឡែកនៃក្របខ័ណ្ឌមន្ត្រីនគរបាលជាតិនៃកម្ពុជា មន្ត្រីនគរបាលជាតិកម្ពុជាមានភារៈកិច្ចក្នុងការថែរក្សា ការពារសន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈ សុវត្ថិភាព និងស្ថេរភាពសង្គម ដើម្បីបំរើប្រយោជន៍របស់ប្រទេសជាតិ និងប្រជាជន ត្រូវមានការគោរពវិន័យម៉ឺងម៉ាត់ មានភក្ដីភាពចំពោះជាតិ សាសនា ព្រះមហាក្សត្រ និងអង់អាចក្លាហាន ហ៊ានធ្វើពលីកម្មនៅ គ្រប់កាលៈទេសៈទាំងអស់ចំពោះមាតុភូមិ។
មន្ត្រីនគរបាលជាតិទាំងអស់ត្រូវធ្វើការប្រលងជ្រើសរើសទៅ តាមចំនួនដែលកំណត់ដោយរាជរដ្ឋាភិបាល បន្ទាប់ពីប្រឡងជាប់បេក្ខជនទាំងអស់នឹងត្រូវទទួលបានបណ្ដុះបណ្ដាលដោយក្រសួងមហាផ្ទៃមុននឹងត្រូវតាំងស៊ប់ជាក្នុងក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា៕