
BREAKING NEWS: សម្ដេចតេជោ បញ្ជាឱ្យប្រមូលអាវុធ និងសម្ភារៈ «យោធាអាមេរិក» ទុកក្នុងឃ្លាំងឬកំទេចចោល
ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាដល់អង្គភាពប្រដាប់អាវុធទាំងអស់ធ្វើការត្រួតពិនិត្យនិងប្រមូលមកវិញជាបន្ទាន់នូវអាវុធ និងសម្ភារៈយោធាអាមេរិកដែលមាននៅកម្ពុជា យកទៅទុកក្នុងឃ្លាំង ឬកំទេចចោលតាមការជាក់ស្ដែង។ ការសម្រេចរបស់សម្ដេចបែបនេះគឺឆ្លើយតបនឹងការរឹតត្បិតរបស់អាមេរិកក្នុងការលក់អាវុធ និងសម្ភារៈដល់ប្រទេសកម្ពុជា។
សម្ដេចតេជោ ហ៊ុន សែន បានសរសេរនៅលើហ្វេសបុករបស់សម្ដេចនារសៀលថ្ងៃទី១០ ខែធ្នូនេះថា អាវុធអាមេរិកជាអាវុធរបស់អ្នកចាញ់ និងជាអាវុធដែលធ្វើឱ្យកម្ពុជាជាប់បំណុលខ្មៅរហូតមកដល់ពេលបច្ចុប្បន្ន។ សម្ដេចបានលើកឡើងបន្ថែមថា ការសម្រេចរបស់សម្ដេចកាលពីឆ្នាំ១៩៩៤ ដែលមិនទិញផ្លាស់ប្ដូរប្រព័ន្ធអាវុធកម្ពុជាទៅទិញអាវុធអាមេរិកគឺពិតជាត្រឹមត្រូវ។
សម្ដេចបញ្ជាក់ថា៖ «តាមចំណាំរបស់ខ្ញុំ អ្នកដែលធ្លាប់ប្រើប្រព័ន្ធអាវុធអាមេរិកជាច្រើន បានចាញ់សង្រ្គាម ដូចជាក្នុងរបបសាធារណខ្មែររបស់ លន់ នល់ ដែលពេលនោះបានប្រើប្រព័ន្ធអាវុធអាមេរិក និងបាននាំចូលអាវុធជាច្រើនមកកម្ពុជា ហើយធ្វើឱ្យកម្ពុជាជាប់បំណុលខ្មៅនេះ រហូតមកដល់បច្ចុប្បន្ននេះ។ ថ្មីៗនេះ ទៀតសោត គឺ អ្នកប្រើប្រព័ន្ធអាវុធអាមេរិក ក៏បានចាញ់សង្រ្គាមនៅអាហ្គានីស្ថាន។ ខ្ញុំមានជំនឿលើភាពក្លាហាន ព្រមទាំងស្មារតី និងទឹកចិត្តប្រយុទ្ធរបស់យុទ្ធជនក្នុងសមរភូមិ ដើម្បីការពារបូរណភាពទឹកដីរបស់កម្ពុជា ជាជាងលើអាវុធតែមួយមុខ» ។
សម្ដេចក៏បានបញ្ចេញសារផងដែរឱ្យរដ្ឋាភិបាលជំនាន់ក្រោយបើចង់បានឯករាជ្យភាពលើវិស័យការពារជាតិ សូមកុំប្រើប្រាស់អាវុធរបស់អាមេរិក។
ទោះបីជាអាវុធរបស់អាមេរិកត្រូវបានគេចាត់ជាអាវុធដែលមានឥទ្ធិពលក្នុងលោកក្ដី តែនៅមានប្រទេស៤ផ្សេងទៀតដែលត្រូវបានគេចាត់ទុកថាជាប្រទេសផលិតអាវុធដែលល្អក្នុងការប្រកូតប្រជែងជាមួយអាមេរិកផងដែរក្នុងនោះមាន រុស្ស៊ី អាល្លឺម៉ង់ អ៊ីស្រាអ៊ែល និងចិន៕