ក្រុមការងារស្រាវជ្រាវប្រទះឃើញព្រះកេសទេវតាក្នុងកំណាយស្រាវជ្រាវនៅខ្លោងទ្វារជ័យ | នាយករដ្ឋមន្ត្រីអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាទៅទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ | សាលាឥណ្ឌាមួយចូលរួមអបអរពិធីចម្រើនព្រះជន្មព្រះមហាក្សត្រកម្ពុជាដោយការចែកអំណោយសប្បុរសធម៌ដល់សិស្សក្រីក្រ | ព្រះមហាក្សត្រត្រាស់បង្គាប់លោក ធូ មណី ឱ្យបន្តតំណែងជាអនុប្រធានសាលាឧទ្ធរណ៍បាត់ដំបងមួយឆ្នាំទៀត |

សម្ដេចតេជោ រំឭកពីហេតុដែលធ្វើឱ្យពលរដ្ឋកម្ពុជាមានសិទ្ធិសេរីភាពដូចបច្ចុប្បន្ន

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានអបអរសាទរខួបលើកទី៧៣ នៃទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ធ្នូ ដោយបានលើកឡើងថា បច្ចុប្បន្នប្រជាពលរដ្ឋខ្មែររស់នៅ និងប្រកបការងារតូចធំ ជ្រើសរើសជំនឿសាសនា និងសិទ្ធិបោះឆ្នោតជ្រើសតាំងមេដឹកនាំដែលខ្លួនពេញចិត្តដោយសេរី ដោយថាអ្វីដែលបានមកដល់ពេលបច្ចុប្បន្ននេះគឺត្រូវបានរំដោះចេញពីបនប្រល័យពូជសាសន៍ ប៉ុល ពត ចាប់តាំងពីថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩មក។

សម្ដេចតេជោ ហ៊ុន សែន បានសរសេរនៅលើហ្វេសបុករបស់សម្ដេច ដោយបានរំឮកពីការបំបិតសិទ្ធិមនុស្សដោយរបបប្រល័យពូជសាសន៍ ប៉ុល ពត ពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩ ពលរដ្ឋមិនមានសិទ្ធិសេរីភាពអ្វីទាំងអស់សូម្បីសិទ្ធិរស់រានមានជីវិត។

សម្ដេចបានសរសេរថា៖ «របបប្រល័យពូជសាសន៍ប៉ុលពតបានដកហូតសិទ្ធិសេរីភាពទាំងអស់ ហើយបានបង្ខំឱ្យពលរដ្ឋទាំងក្មេងចាស់ប្រុសស្រីធ្វើការហួសកម្លាំង ឈឺស្លាប់ដោយគ្មានពេទ្យនិងថ្នាំព្យាបាល ព្រមទាំងបានបណ្ដាលអោយប្រជាពលរដ្ឋជាង៣លាននាក់បានស្លាប់ក្នុងរយៈពេលតែ ៣ឆ្នាំ ៨ខែនិង ២០ថ្ងៃ» ។

សម្ដេចតេជោបន្ថែមថា ក្រោយថ្ងៃរំដោះ៧ មករា ឆ្នាំ១៩៧៩ បានធ្វើឱ្យសិទ្ធិមនុស្សរបស់ពលរដ្ឋកម្ពុជាត្រលប់មកវិញ និងត្រូវបានអនុវត្តន៍ពេញទីនៅប្រទេសកម្ពុជានិងកំពុងធ្វើឱ្យកម្ពុជាកាន់តែរីកចម្រើនជឿនលឿនទៅមុខផងដែរ។

សម្ដេចតេជោបានបញ្ជាក់ថា៖ «បច្ចុប្បន្ន សិទ្ធិសេរីភាព គឺបានធ្វើឲ្យប្រជាពលរដ្ឋរស់នៅ និងប្រកបការងារតូចធំ ជ្រើសរើសជំនឿសាសនា និងសិទ្ធិបោះឆ្នោតជ្រើសតាំងមេដឹកនាំដែលខ្លួនពេញចិត្តដោយសេរី ហើយសិទ្ធិសេរីភាពក៏បានធ្វើឲ្យកម្ពុជាកាន់តែរីកចម្រើនជឿនលឿនទៅមុខ។ សូមជូនពរបងប្អូនជនរួមជាតិជួបតែសំណាងល្អ និងរីករាយថ្ងៃទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ធ្នូ»។

ក្នុងកិច្ចសម្ភាសន៍ផ្ដាច់មុខជាមួយសារព័ត៌មាន EAC News ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លោក កែវ រ៉េមី បានលើកឡើងថា នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានធ្វើយុទ្ធនាការជួយសង្គ្រោះនូវ«សិទ្ធិរស់រានមានជីវិត»ដែលជាសិទ្ធិសំខាន់ជាងគេបង្អស់ដល់ពលរដ្ឋកម្ពុជាបាន២ដងរួចហើយដែលរួមមាន ការវាយផ្ដួលរំលំរបបខ្មែរក្រហម និងម្ដងទៀតគឺយុទ្ធនាកាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលបានធានានូវសិទ្ធរស់រានមានជីវិតរបស់ពលរដ្ឋខ្មែរជាលើកទី២។

លោក កែវ រ៉េមី លើកឡើងថា៖ «ទីមួយគឺលោក(សម្ដេចតេជោ)មានការយកចិត្តទុកដាក់លើសិទ្ធិរស់រានមានជីវិត សិទ្ធិរស់រានមានជីវិតនេះគឺលោកមានគុណសម្បតិ្ត២ដែលបងប្អូនយើងអត់ចាប់ភ្លឹកគុណសម្បត្តិទី២ទេ ដែលយើងដឹងតែគុណសម្បត្តិទី១គឺទាក់ទងនឹងការរំដោះទាក់ទងនឹងការរំដោះពីរបប ប៉ុល ពត វាលពិឃាតអាហ្នឹងជាគុណសម្បត្តិមួយដែលជួយពលរដ្ឋឱ្យរស់រានមានជីវិតជាលើកទី១ ហើយលើកទី២គឺទាក់ទងនឹងរឿងកូវីដនេះតែម្ដង» ។

មហាសន្និបាតអង្គការសហប្រជាជាតិកាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ១៩៤៨ បានប្រកាសជាសកលដំបូងនៃសិទ្ធិមនុស្ស និងជាសមិទ្ធិផលដ៏សំខាន់ដំបូងបង្អស់របស់អង្គការសហប្រជាជាតិបន្ទាប់ពីបង្កើតឡើងនៅឆ្នាំ១៩៤៥។

សិទ្ធិមនុស្សគឺជាសិទ្ធិដែលមនុស្សត្រូវមានវាជាសិទ្ធិសកល និងចំពោះមនុស្សគ្រប់រូបដោយមិនគិតពីសញ្ជាតិ ភេទ ព័ណ៌សម្បុរ សាសនា ឬស្ថានភាពណាមួយនោះទេ។ សិទ្ធិសំខាន់ៗនៃសិទ្ធិមនុស្សរួមមាន សិទ្ធិរស់រានមានជិវិត សិទ្ធិទទួលបានអាហាររូបត្ថម្ភ សិទ្ធិទទួលបានការអប់រំ សិទ្ធិទទួលបានការងារធ្វើ សិទ្ធិក្នុងការតំហែទាំសុខភាព និងសិទ្ធិសេរីភាព។

កម្ពុជាប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិ១០ធ្នូ ឆ្នាំ២០២១នេះក្រោមប្រធានបទ «រួមគ្នាលើកស្ទួយសិទ្ធិមនុស្សក្រោមបរិបទកូវីដ-១៩» ដែលនឹងប្រារព្ធទៅនៅក្នុងខេត្តកំពង់ចាម៕


ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក