មនុស្សរស់នៅកម្ពុជាជាង២លាននាក់បានទទួលការចាក់វ៉ាក់សាំងការពារកូវីដ-១៩ គិតត្រឹមថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១
ភ្នំពេញ : មនុស្សសរុបចំនួន ២ ១៣៤ ៨៧១នាក់ដែលរស់នៅក្នុងប្រទេសកម្ពុជាបានទទួលការចាក់វ៉ាក់សាំងការពារវីរុសកូវីដ-១៩លើកទី១ ខណៈអ្នកបានចាក់វ៉ាក់សាំងលើកទី២បានសរុបចំនួន ១ ១៤៨ ០២២នាក់។ នេះបើតាមរបាយការណ៍អ្នកដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ទូទាំងប្រទេស (រួមទាំងក្រសួងការពារជាតិ) ពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១ដែលផ្តល់ដោយអនុគណៈកម្មការតាមដាននិងវាយតម្លៃនៃគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ក្នុងក្របខណ្ឌទូទាំងប្រទេស។
បើតាមរបាយការណ៍ដែលផ្តល់ដោយលោស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌិន នៅថ្ងៃសៅរ៍ ទី១៥ ខែឧសភានេះ លទ្ធផលនៃការចាក់វ៉ាក់សាំងធៀបនឹងគោលដៅ១០លាននាក់ដែលជាគោលបំណងរបស់នាយករដ្ឋមន្ត្រីកម្ពុជា ឥឡូវនេះគឺសម្រេចបានការចាក់វ៉ាក់សាំងជូនប្រជាជនទាំងខ្មែរនិងបរទេសដែលរស់នៅកម្ពុជាបានចំនួនសរុបចំនួន ២០.៦៧%ហើយ។
វ៉ាក់សាំងដែលបានប្រើប្រាស់សម្រាប់ការចាក់ជូនប្រជាជននោះរួមមាន៖ វ៉ាក់សាំងម៉ាកស៉ីណូហ្វាមបានចាក់លើកទី១សរុបចំនួន ៩១០ ១៤៥ដូស ខណៈចាក់លើកទី២អស់ ៥៣៩ ៧១៨ដូស។ វ៉ាកសាំងម៉ាក Covishield (AstraZeneca) បានចាក់លើកទី១សរុបចំនួន ១៦១ ០២០ដូស ខណៈចាក់លើកទី២អស់ ៤១ ៨៩១ដូស និងវ៉ាក់សាំងម៉ាកស៉ីណូវ៉ាក់បានចាក់លើកទី១សរុបចំនួន ១ ០៦៣ ៧០៦ដូស ខណៈចាក់លើកទី២អស់ ៥៦៦ ៤១៣ដូស៕