ស្ទឹងត្រែង៖ អនុប្រធានទី១ អាជ្ញាធរមីនកម្ពុជា លោក លី ធុជ កោតសរសើការចូលរួមរបស់ម្ចាស់ជំនួយជាពិសេសអង្គការដែលធ្វើការផ្ទាល់ក្នុងកិច្ចការដោះមីន និងសំណល់ជាតិផ្ទុះនៅកម្ពុជា ដោយថាអ្នកដោះមីន មិនត្រឹមតែបានចូលរួមចំណែកដល់ការជួយសង្រ្គោះអាយុជីវិតរបស់ប្រជាពលរដ្ឋមូលដ្ឋានប៉ុណ្ណោះទេ ថែមទាំងបានបន្សល់ទុកនូវស្នាដៃ ក៏ដូចជាសមិទ្ធិផលដ៏មានតម្លៃសម្រាប់ក្រុមគ្រួសារ និងសង្គមជាតិ។
ថ្លែងក្នុងពេលអញ្ជើញចុះពិនិត្យការងារបោសសម្អាតគ្រាប់បែកចង្កោមរបស់មជ្ឈមណ្ឌល CMAC ក្រោមកិច្ចសហការជាមួយអង្គការ JMAS និងការងារអភិវឌ្ឍសហគមន៍ក្រោយបោសសម្អាតរួច នៅស្រុកសេសាន ខេត្តស្ទឹងត្រែង ក្រោមជំនួយឧបត្តម្ភគាំទ្រពីរាជរដ្ឋាភិបាល និងប្រជាជនជប៉ុន នៅថ្ងៃទី៨ ខែមករានេះ លោក លី ធុជ បានលើកឡើងដោយបានវាយតម្លៃខ្ពស់ចំពោះការឧបត្ថម្ភគាំទ្ររបស់អង្គការ JMAS ដែលបានចូលរួមទាំងការងារបោសសម្អាតមីន និងការអភិវឌ្ឍនៅនឹងកន្លែង ក្នុងគោលដៅធ្វើឲ្យប្រសើរឡើងនូវជីវភាពរស់នៅរបស់ប្រជាពលរដ្ឋមូលដ្ឋានក្រោយបោសសម្អាតរួចប្រកបដោយនិរន្តរភាព ព្រមទាំងបានកោតសរសើរ និងថ្លែងអំណរដល់មជ្ឈមណ្ឌលស៊ីម៉ាក់ ជាពិសេសបងប្អូនអ្នកដោះមីន ដែលបានលះបង់គ្រប់បែបយ៉ាងដើម្បីផ្តល់ដីមានសុវត្ថិភាពជូនពលរដ្ឋកម្ពុជា។ លោកថាស្មាដៃដែលបានធ្វើមកនេះគឺជាសមិទ្ធផលដ៏មានតម្លៃសម្រាប់ក្រុមគ្រួសារ និងសង្គមជាតិ។
ក្រោមកិច្ចសហការជាមួយ CMAC អង្គការ JMAS បានចាប់ផ្តើមគម្រោងរបស់ខ្លួនរយៈពេល ០៣ឆ្នាំ នៅខេត្តស្ទឹងត្រែង ចាប់ពីខែកុម្ភៈ ឆ្នាំ២០២១ ដោយត្រូវចំណាយថវិកាគាំទ្រទាំងការងារបោសសម្អាតគ្រាប់បែកចម្កោម និងការងារអភិវឌ្ឍន៍សហគមន៍ ដូចជាការបណ្តុះបណ្តាលប្រជាពលរដ្ឋអំពីការងារដាំដុះប្រមាណ ៦០ម៉ឺនដុល្លារអាមេរិកក្នុងមួយឆ្នាំ។
អង្គការ JMAS បានចូលរួមឧបត្ថម្ភគាំទ្រដល់ការងារបោសសម្អាតមីន និងការអភិវឌ្ឍសហគមន៍នៅកម្ពុជាចាប់ពីឆ្នាំ២០០២ រួមមាន ការស្តារហេដ្ឋារចនាសម្ព័ន្ធ ការសាងសង់សាលារៀន និងផ្តល់ជំនាញបច្ចេកទេសកសិកម្ម ជាដើម ក្នុងខេត្តចំនួន ០៤ រួមមាន ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តកំពង់ធំ និងខេត្តស្ទឹងត្រែង ហើយបច្ចុប្បន្ននេះការគាំទ្ររបស់ JMAS នៅសល់តែខេត្តបន្ទាយមានជ័យ និងខេត្តស្ទឹងត្រែងប៉ុណ្ណោះ៕