លោក ឯម ច័ន្ទមករា៖ កម្មវិធី ACCESS របស់អូស្ត្រាលីបានជួយកម្ពុជាឆ្លើយតបបានប្រសើរចំពោះកិច្ចគាំពារជនមានពិការភាព
ភ្នំពេញ៖ រដ្ឋលេខាធិការក្រសួងសង្គមកិច្ច និងជាអគ្គលេខាធិការនៃក្រុមប្រឹក្សាសកម្មភាពជនពិការ លោក ឯម ច័ន្ទមករា ថាអូស្ត្រាលីជាផ្នែកមួយដែលបានជួយលើកស្ទួយស្ថានភាពជនមានពិការភាពនៅ កម្ពុជាតាមរយៈកម្មវិធី ACCESS របស់ខ្លួនតាំងពីឆ្នាំ២០១៨មក។
ថ្លែងក្នុងកិច្ចប្រជុំលើវិស័យពិការភាពជាមួយដៃគូអភិវឌ្ឍតំណាងអង្គការជនមានពិការភាពនិងក្រុមហ៊ុនឯកជន លោក ឯម ច័ន្ទមករា បានលើកឡើងថាសមទ្ឋិផលធំៗជាច្រើនដែលក្រុមប្រឹក្សាសកម្មភាពជនពិការទទួលបានក្រោមការរអនុវត្តកម្មវិធីACCESS ដែលមានដូចជា ការផ្ដល់ប្រឹក្សា គ្រប់គ្រងមណ្ឌលឱ្យបានល្អ កិច្ចគាំពារសង្គមបានប្រសើរ និងផ្តល់ឱកាសរដ្ឋអំណាចក្រោមជាតិនិងអង្គការសង្គមស៊ីវិល ដើម្បីធ្វើកិច្ចការបរិយាបន្នពិការភាពនិងយេនឌ័រ និងបរិយាបន្នពិការភាពក្នុងផែនការវិនិយោគឃុំសង្កាត់ និងពង្រឹងគណនេយ្យភាពសង្គម ក៏ដូចជាជួយដល់ជនរងគ្រោះដោយអំពើហិង្សាឈរលើមូលដ្ឋានយេនឌ័រ សម្រាប់បរិយាបន្នពិការភាពផងដែរ។
លោកបន្ថែមថា ក្រៅពីការជួយទាំងនេះក្រោមកម្មវិធី ACCESS កម្ពុជាបានសម្រេចបាននូវក្របខណ្ឌច្បាប់ គោលនយោបាយ និងផែនការជនពិការ និងបានជួយក្នុងការបែងចែកធនធានរដ្ឋាភិបាលជូនដល់ជនមានពិការភាព ក៏ដូចជាធ្វើឱ្យកម្ពុជាសម្រេចបាននូវឱ្យយន្តការសម្របសម្រួលបានក្នុងវិស័យពិការភាពផងដែរ។
លោកបានថ្លែងថា៖ «ខ្ញុំក៏សូមយកឱកាសនេះថ្លែងអំណរគុណចំពោះ ដៃគូពាក់ព័ន្ធ ទាំងអស់ រួមទាំងរដ្ឋាភិបាលអូស្រ្តាលីដែលបានរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការគាំទ្រការងារពិការភាពទាំងពីមុន ទាំងពេលបច្ចុប្បន្ន និងពេលអនាគត» ។
លោកក៏បានស្នើដល់កម្មវិធីACCESS និងដៃគូពាក់ព័ន្ធជួយយកចិត្តទុកដាក់ដល់អង្គការដែលដឹកនាំដោយជនមានពិការភាពដើម្បីធ្វើយ៉ាងណាដល់អង្គការទាំងអស់នោះមាននិរន្តភាព ដោយសារកន្លងទៅអង្គការមួយចំនួនដែលដឹកនាំដោយជនមានពិការភាពមិនបានទទួលនូវជំនួយទាំងអស់នេះនោះទេ។
បើតាមលោក ឯម ច័ន្ទមករា ក្រោមជំនួយរបស់ ACCESS បានជួយដល់ខេត្តគោលដៅចំនួន៥ ដែលមានដូចជា កំពង់ចាម កំពង់ស្ពឺ សៀមរាប បាត់ដំបង និងត្បូងឃ្មុំ នូវផ្លូវជម្រាលចំនួន២៥កន្លែង បង្កើតជំរឿនជនមានពិការភាពក្នុងឆ្នាំ២០១៩ និងក្នុងការធ្វើជំរឿនសុខភាពថ្នាក់ជាតិឆ្នាំ២០២១ ការបង្កើតប្រព័ន្ធគ្រប់គ្រងព័ត៌មានជនពិការជាតិ ការរៀបចំផែនការប្រចាំឆ្នាំរបស់ក្រុមប្រឹក្សាសកម្មភាពជនពិការលើខេត្តគោលដៅទាំង៥ ក៏ដូចជាក្របខណ្ឌការវិភាគដើម្បីសង្កត់ធ្ងន់លើតម្រូវការក្នុងការបញ្ចូលជនមានពិការភាពនៅក្នុងក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម (NSPPF) ដែលកំពុងត្រូវបានបញ្ចប់។
លោកបន្ថែមថាក្រៅពីនេះក្រោមការជួយរបស់អូស្ត្រាលីបានធ្វើឱ្យការបែងចែកធនធានថវិការបស់រដ្ឋាភិបាល សម្រាប់ការការពារស្ត្រីបានកើន៤៨%ចន្លោះឆ្នាំ២០១៩ និង២០២១ ហើយថវិកាពិការភាពចំពោះការចំណាយមិនមែនបុគ្គលិករបស់ក្រសួងសង្គមកិច្ចបានកើនឡើងដល់ជិត២០%ក្នុងឆ្នាំ២០២១ ខណៈការទម្លាក់ថវិកាជួយជនរងគ្រោះពីជំងឺកូវីដបានជួយដល់ជនមានពិការភាពចំនួន ៦១ ៤២៦នាក់បានទទួលការគាំទ្រពីកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ដែលផ្តល់ជូនគ្រួសារក្រីក្រនិងជនងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩។
បច្ចុប្បន្ន ក្រោមជំនួយACCESS របស់អូស្ត្រាលីបានបង្កើតឱកាសការងារដល់ជនមានពិការភាពសរុបចំនួន ៤ ១៧០នាក់ ក្នុងនោះ ១៥៦នាក់ទទួលបានការងារធ្វើ បុគ្គលិកខ្លួនឯង ២៤៣នាក់ និងស្ត្រី៥៧នាក់ត្រូវបានបណ្ដុះបណ្ដាលឱ្យក្លាយជាសហគ្រិន បន្ថែមក្នុងនោះផងដែរ កម្មវិធី AOKAS ត្រូវបានបង្កើតឡើងដើម្បីជួយសម្រួលដល់ការផ្គូផ្គងការងាររបស់ជនមានពិការភាពដែលបានចុះឈ្មោះជាមួយនិយោជកផ្នែកឯកជនដែលប្រព័ន្ធនេះនឹងក្លាយជាទិន្នន័យយោងឆ្លងជាមួយប្រព័ន្ធ NEA សម្រាប់ឱកាសផ្គូផ្គងការងារកាន់តែប្រសើរ។ ក្រៅពីនោះខ្សែទូរស័ព្ទ Hotline ១២៧០ ក៏ត្រូវបង្កើតឡើងដើម្បីគាំទ្រការទំនាក់ទំនងបន្ថែមទៀតទាក់ទងនឹង COVID-19 ការប្រឹក្សាតាមអ៊ីនធឺណិត និងសេវាកម្មគាំទ្រផ្សេងទៀត រួមទាំងការស្វែងរកឱកាសការងារដល់ជនមានពិការភាពផងដែរ។
កម្មវិធី Australia-Cambodia Cooperation on for Equitable Sustainable Services (ACCESS) Program គឺជាគំនិតផ្តួចផ្តើមរយៈពេល៥ឆ្នាំ (២០១៨-២០២៣) ដែលធ្វើឡើងដោយមានការគាំទ្រផ្នែកហិរញ្ញវត្ថុរបស់រដ្ឋាភិបាលអូស្ត្រាលីដែលបានផ្តល់តាមរយៈនាយកដ្ឋានក្រសួងការបរទេស និងពាណិជ្ជកម្ម (DFAT)។ ក្នុងរយៈពេលបីឆ្នាំចុងក្រោយនេះ អូស្ត្រាលីបានសន្យាផ្តល់ជំនួយចំនួន ១៥លានដុល្លារអូស្ត្រាលីតាមរយៈកម្មវិធី ACCESS ដើម្បីបង្កើននិរន្តរភាព គុណភាព និងរួមបញ្ចូលសេវាកម្មសម្រាប់ជនមានពិការភាព និងសម្រាប់ស្ត្រីដែលរងផលប៉ះពាល់ដោយអំពើហិង្សាផ្អែកលើយេនឌ័រ (GBV)។
ថ្មីៗនេះ រដ្ឋាភិបាលអូស្ត្រាលីមានគម្រោងបន្ថែមទឹកប្រាក់ចំនួន១០លានដុល្លាអូស្ត្រាលីថែមទៀតតាមរយៈកម្មវិធី ACCESS សម្រាប់រយៈពេល ២ឆ្នាំទៀតទៅក្នុងកម្មវិធីរយៈពេល៥ឆ្នាំ(២០១៨-២០២៣) ដើម្បីឆ្លុះរួមចំណែកចំពោះការឆ្លើយតប និងកិច្ចខិតខំប្រឹងប្រែងស្តារឡើងវិញពីផលប៉ះពាល់នៃជំងឺកូវីដ-១៩របស់រដ្ឋាភិបាលកម្ពុជា រួមទាំងអាទិភាពរបស់ខ្លួនលើការការពារសង្គម៕