ព្រះសីហនុ៖ អាជ្ញាធរខេត្តព្រះសីហនុរៀបចំថតវីដេអូផ្សព្វផ្សាយគោលដៅទេសចរណ៍បង្ហាញទៅកាន់ពិភពលោក ដើម្បីទាក់ទាញភ្ញៀវទេសចរក៏ដូចជាអ្នកវិនិយោគមកទស្សនានិងវិនិយោគនៅក្នុងខេត្តជាប់សមុទ្រមួយនេះ។
នៅក្នុងកិច្ចប្រជុំស្ដីពីការរៀបចំថតវីដេអូផ្សព្វផ្សាយគោលដៅទេសចរណ៍ខេត្តព្រះសីហនុកាលពីថ្ងៃច័ន្ទ ម្សិលមិញ អភិបាលរងខេត្តព្រះសីហនុ លោក ម៉ាង ស៊ីណេត ថាការថតវីដេអូផ្សព្វផ្សាយគោលដៅទេសចរណ៍ខេត្តព្រះសីហនុនេះ ដោយសារខេត្តព្រះសីហនុ ជាខេត្តមួយដែលដើរតួនាទីសំខាន់ផ្នែកសេដ្ឋកិច្ចនិងទេសចរណ៍ ដែលគួរតែបង្ហាញពីសក្តានុពលនិងគោលដៅទេសចរណ៍របស់ខេត្តដល់ភ្ញៀវទេសចរនិងអ្នកវិភាគឱ្យកាន់តែច្រើនតាមដែលអាចធ្វើទៅបាន។
លោកអភិបាលរងបានបន្តថា ក្រៅពីបង្ហាញបង្ហាញពីសក្តានុពលធម្មជាតិរបស់ខេត្តព្រះសីហនុ និងការអភិវឌ្ឍទេសចរណ៍ប្រកបដោយប្រសិទ្ធភាព គុណភាព និងនិរន្តរភាព ការផ្សព្វផ្សាយនេះក៏នឹងរួមចំណែកការពារ និងថែរក្សាធនធានធម្មជាតិ វប្បធម៌ និងទំនៀមទម្លាប់ ដែលជាមូលដ្ឋានបម្រើឱ្យវិស័យទេសចរណ៍និងចូលរួមកាត់បន្ថយភាពក្រីក្រផងដែរ។
បើតាមលោក ម៉ាង ស៊ីណេត ការថតវីដេអូផ្សព្វផ្សាយនេះក៏នឹងរួមបញ្ចូលនូវការបង្ហាញពីការធានាលើកកម្ពស់គុណភាពសេវាកម្មទេសចរណ៍នៅក្នុងប្រទេសកម្ពុជា ពិសេសសេវាកម្មទេសចរណ៍ក្នុងខេត្តព្រះសីហនុតាមរយៈការបង្កើតប្រព័ន្ធធានាគុណភាព ដោយផ្តល់សន្តិសុខ សុវត្ថិភាព ផាសុកភាព និងបង្កើនការពេញចិត្តដល់ភ្ញៀវទេសចរ៕