ឯកអគ្គរដ្ឋទូតអាមេរិកចប់អាណត្តិទទួលបានគ្រឿងឥស្សរិយយសសហមេត្រី ថ្នាក់មហាសិរីវឌ្ឍន៍ ពីនាយករដ្ឋមន្ត្រី | ឯកអគ្គរដ្ឋទូតអាមេរិកថាក្រោមការដឹកនាំរបស់សម្ដេចធិបតីទំនាក់ទំនងកម្ពុជា-អាមេរិកបង្ហាញសញ្ញាវិជ្ជមានកាន់តែច្រើន | ឯកអគ្គរាជទូតកាតាចង់ដឹកនាំអ្នកវិនិយោគកាតាមកស្វែងយល់ពីសក្ដានុពលកម្ពុជា | ទូតកាតាជូនបាល់ World Cup ដល់សម្ដេចតេជោ |

លោក កឹម សុខា ទៅគោរពព្រះវិញ្ញាណក្ខន្តសម្ដេចក្រុមព្រះ

ភ្នំពេញ៖ ប្រធានអតីតបក្សសង្គ្រោះជាតិលោក កឹម សុខា ចូលគោរពព្រះវិញ្ញាណក្ខន្ធព្រះសពសម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ នៅដំណាក់ព្រះអង្គ ផ្លូវសម្តេចប៉ាន ស្ថិតក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ នារសៀលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២១។

សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បានយាងចូលទីវង្គតនៅព្រះជន្មាយុ៧៧វស្សា ដោយព្រះរោគាពាធ ក្នុងប្រទេសបារាំងកាលពីព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា។

ព្រះអង្គប្រសូតនៅថ្ងៃទី២ ខែមករា ឆ្នាំ១៩៤៤ គឺជាបុត្រទី២របស់សម្ដេចព្រះនរោត្តម សីហនុ និងអ្នកម្នាង ផាត់ កាញ៉ុល។ ព្រះអង្គធ្លាប់ធ្វើជានាយករដ្ឋមន្ត្រីទី១ ពីឆ្នាំ១៩៩៣ ដល់ឆ្នាំ១៩៩៧ និងបានក្លាយជាប្រធានសភាជាតិពីឆ្នាំ១៩៩៨ ដល់ឆ្នាំ២០០៦។

ព្រះសពរបស់ព្រះអង្គត្រូវបានដាក់តម្កល់ធ្វើបុណ្យតាមប្រពៃណីសាសនា នៅ ព្រះរាជដំណាក់ព្រះអង្គនៅ ផ្លូវសម្ដេចប៉ាន សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១។

ដើម្បីជាការដឹងគុណ និងចូលរួមគោរពវិញ្ញាណក្ខន្ធព្រះអង្គ រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១ ជាថ្ងៃកាន់ទុក្ខជាតិ ដោយតម្រូវឱ្យគ្រប់ក្រសួង ស្ថាប័ន សាលារៀន មន្ទីរពេទ្យរបស់រដ្ឋ ឯកជនទាំងអស់ និងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ គ្រប់ទីវត្តអារាម ព្រមទាំងប្រជាជនទូទាំងប្រទេស ត្រូវបង្ហូតទង់ជាតិត្រឹមពាក់កណ្តាលនៃដងទង់ជាតិ។ ជាមួយគ្នានោះគ្រប់ស្ថានីយ៍វិទ្យុ និងទូរទស្សន៍ជាតិ និងឯកជនទាំងអស់ ត្រូវផ្អាកការសម្ដែង និងចាក់ផ្សាយនូវទស្សនីយភាពផ្សេងៗ ដែលមានលក្ខណៈសប្បាយគគ្រឹកគគ្រេងផងដែរដើម្បីចូលរួមគោរពវិញាណក្ខន្តដល់សម្ដេចក្រុមព្រះ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក