
BREAKING NEWS: សម្ដេចតេជោនឹងធ្វើដំណើរទៅ ធ្វើទស្សនកិច្ចនៅ ប្រទេសមីយ៉ានម៉ានៅ ដើមខែក្រោយចំពេលដែលកម្ពុជាក្លាយជាប្រធានអាស៊ានប្ដូរវេន
ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នឹងធ្វើដំណើរទៅ ទស្សនកិច្ចនៅប្រទេសមីយ៉ានម៉ានៅថ្ងៃទី៧ និង៨ ខែមករា ឆ្នាំ២០២២ តាមការអញ្ជើញរបស់លោក មីន អ៊ុងឡាំង ។ នេះបើតាមការបញ្ជាក់របស់ជំនួយការរបស់សម្ដេចតេជោ គឺលោក អ៊ាង សុផលែ្លត។
បន្ទាប់ពីជំនួបរវាងសម្ដេចតេជោ ហ៊ុន សែន និងរដ្ឋមន្ត្រីការបរទេសនៃរបបសឹកភូមាលោក វុនណា មួងវីន (Wunna Maung Lwin) ជំនួយការរបស់សម្ដេចតេជោ គឺលោក អ៊ាង សុផលែ្លត បានថ្លែងប្រាប់អ្នកសារព័ត៌មានថា លោក វុនណា មួងវីន បានយកលិខិតមួយច្បាប់ដែលជាលិខិតអញ្ជើញប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ទៅធ្វើទស្សនកិច្ចនៅប្រទេសមីយ៉ាន់ម៉ាដោយផ្ទាល់នៅថ្ងៃទី៧ និង៨ ខែមករា ឆ្នាំ២០២២។ ជាការឆ្លើយតបសម្ដេចតេជោ បានទទួលយកនឹងសន្យាថានឹងអញ្ជើញទៅដោយផ្ទាល់ផងដែរ។
ថ្លែងកាលពីថ្ងៃទី២ ធ្នូ កន្លងទៅ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ប្រកាសថាសម្ដេចត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើដំណើរទៅប្រទេសមីយ៉ានម៉ានាពេលខាងមុខ ដោយសម្ដេចលើកឡើងថាការទុកឱ្យមីយ៉ានម៉ា នៅក្រៅពីអាស៊ានគឺធ្វើឱ្យបាត់បង់នូវជន្ទល់របស់អាស៊ានដែលតាំងពីដើមមកមាន ១០ប្រទេស ហើយក៏ដូចជាមិនគោរពនូវធម្មនុញ្ញអាស៊ានផងដែរ។
សម្ដេចបានលើកឡើងថា៖ «ធម្មនុញ្ញអាស៊ានអត់មានតម្រូវឱ្យដេញសមាជិកណាមួយចេញទេ។ នេះគ្រាន់តែជាការបង្ហើបការគិតគូរខ្លះរបស់អនាគតប្រធានអាស៊ាន។ […] បើផ្ទះខ្លួនឯងរៀបចំមិនបាន តើអ្វីជាសាមគ្គីភាពអាស៊ាន ជាមជ្ឈភាពអាស៊ាន នេះជាអ្វីដែលខ្ញុំនិយាយជាមួយជប៉ុន និងឥណ្ឌូនេស៊ី»។
ប្រទេសកម្ពុជានឹងត្រូវក្លាយជាប្រធានប្ដូរវេនអាស៊ាននៅឆ្នាំ២០២២ខាងមុខ ដែលនឹងមានបញ្ហាជាច្រើនដែលកម្ពុជាត្រូវដឹកនាំដោះស្រាយទាំងក្នុងតំបន់និងពិភពលោក។ កម្ពុជាធ្លាប់ធ្វើជាប្រធានប្ដូរវេនអាស៊ាន២ដងរួចមកហើយគឺនៅឆ្នាំ២០០២ និងឆ្នាំ២០១២៕