សម្តេចតេជោ ហ៊ុន សែន ៖ កងកម្លាំងនគរបាលជាតិត្រូវរក្សាស្ថិរភាពសន្តិសុខ ទប់ស្កាត់ និងបង្ក្រាបរាល់ឧបាយកលរបស់ក្រុមឧទ្ទាមសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ខាងមុខ
ភ្នំពេញ ៖ ព្រះរាជាណាចក្រកម្ពុជានឹងត្រូវត្រៀមលក្ខណៈសម្បត្តិរៀបចំដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២។ នាយករដ្ឋមន្ត្រីកម្ពុជាបានប្រមើលឃើញថានោះជាគោលដៅនៃការប៉ុនប៉ងវាយប្រហាររបស់ក្រុមឧទ្ទាមក្បត់ជាតិដើម្បីបំផ្លាញកិច្ចដំណើរការនៃព្រឹត្តិការណ៍នយោបាយដ៏សំខាន់នេះ។ ដូចនេះស្ថានការណ៍នាពេលខាងមុខ ទោះបីតិចឬច្រើន ផ្ទាល់ឬប្រយោលសុទ្ធតែមានផលប៉ះពាល់ដល់សន្តិសុខផ្ទៃក្នុងយ៉ាងពិតប្រាកដ។
ក្នុងន័យនេះសម្តេចតេជោ ហ៊ុន សែន បានរំលឹកដល់កងកម្លាំងនគរបាលជាតិត្រូវបន្តពង្រឹងស្មារតីប្តេជ្ញាចិត្តខ្ពស់បំពេញកាតព្វកិច្ច ក្នុងនាមជាកម្លាំងស្នូល រក្សាឲ្យបាននូវស្ថិរភាពសន្តិសុខ ទប់ស្កាត់ និងបង្ក្រាបឲ្យបានទាន់ពេលវេលានូវរាល់ឧបាយកលសកម្មភាពរបស់ក្រុមឧទ្ទាមក្បត់ជាតិ និងបក្ខពួកដោយមិនឲ្យពួកគេសម្រេចផែនការទុច្ចរឹតទាំងនេះបានជាដាច់ខាត។ នេះបើតាមសារលិខិតរបស់នាយករដ្ឋមន្ត្រីកម្ពុជាសម្តេចតេជោ ហ៊ុន សែន ផ្ញើជូនកងកម្លាំងនគរបាលជាតិក្នុងឱកាសរំឭកខួបអនុស្សាវរីយ៍លើកទី៧៦ ថ្ងៃកំណើតនរគបាលជាតិកម្ពុជា។
ទន្ទឹមគ្នានេះសម្តេចតេជោ ហ៊ុន សែន ការបានបញ្ជាក់ផងដែរថា ការគំរាមកំហែងដោយអំពើភេរវកម្មអន្តរជាតិ ការរីករាលដាលនៃឧក្រិដ្ឋកម្មឆ្លងដែន ការបន្តកើតឡើងនូវបទល្មើសព្រហ្មទណ្ឌ បទល្មើសគ្រឿងញៀន អំពើជួញដូរមនុស្ស ពិសេសស្ត្រី និងកុមារ បទល្មើសបច្ចេកវិទ្យា ការនាំចូលចរាចរណ៍ឱសថ និងផលិតផលក្លែងក្លាយខូចគុណភាព អំពើហិង្សាក្នុងគ្រួសារ សកម្មភាពក្មេងទំនើង។ល។ នៅតែជាប្រធានបទស្មុគស្មាញដែលត្រូវតែបន្តខិតខំរិះរកវិធានការគន្លឹះដោះស្រាយឆ្លើយតបប្រកបដោយប្រសិទ្ធភាពខ្ពស់ដើម្បីធ្វើឲ្យវិស័យសន្តិសុខសណ្តាប់ធ្នាប់សាធារណៈក្លាយជាសសរស្ដម្ភដ៏រឹងមាំបម្រើឲ្យការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ។
ពិតណាស់កិច្ចការទាំងអស់នេះគឺជាអម្រែកដ៏ធ្ងន់ធ្ងរ និងមានភាពស្មុគស្មាញសម្រាប់កងកម្លាំងនគរបាលជាតិ ប៉ុន្តែនាយករដ្ឋមន្ត្រីកម្ពុជានៅតែមានក្តីសង្ឃឹមប្រកបដោយសុទិដ្ឋិនិយមចំពោះមនសិការស្នេហាជាតិ មាតុភូមិ និងភក្តីភាពរបស់កង កម្លាំងនគរបាលជាតិ និងបានលើកទឹកចិត្តដល់បងប្អូនបន្តសកម្មភាព បង្កើតស្នាដៃប្រែក្លាយការប្រឈមទៅជាកាលានុវត្តភាពដើម្បីបង្កើតនូវសក្តានុពលរួមចំណែករក្សាសន្តិភាព និងភាពសុខសាន្តរុងរឿងជូនប្រទេសជាតិ៕