នាយករដ្ឋមន្ត្រីកម្ពុជាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានផ្ញើសារជូនកងកម្លាំងនគរបាលជាតិក្នុងឱកាសរំឭកខួបអនុស្សាវរីយ៍លើកទី ៧៦ថ្ងៃកំណើតនគរបាលជាតិកម្ពុជា។
ក្នុងសារលិខិតនេះ សម្តេចតេជោបានចូលរួមសម្ដែងនូវការសោកស្តាយចូលរួមរំលែកមរណទុក្ខជាមួយក្រុមគ្រួសារ បងប្អូន សាច់ញាតិមន្ត្រីនគរបាលដែលបានពលីជីវិតក្នុងបេសកកម្ម ក៏ដូចជាទទួលមរណភាពដោយប្រការផ្សេងៗ និងដោយសារជំងឺកូវីដ-១៩។
សម្តេចតេជោបានផ្តាំផ្ញើសាកសួរសុខទុក្ខដល់បងប្អូនមន្ត្រីនគរបាល ព្រមទាំងក្រុមគ្រួសារដែលកំពុងសម្រាកព្យាបាល និងធ្វើចត្តាឡីស័កនៅតាមមន្ទីរពេទ្យ តាមគេហដ្ឋានឬតាមមណ្ឌលនានាឆ្លងផុតពីគ្រោះភ័យនៃជំងឺដ៏កាចសាហាវនេះ និងឆាប់បានជាសះស្បើយ មានសុខភាពជាប្រក្រតីឡើងវិញ។
បន្ថែមលើសពីនេះសម្តេចតេជោបានសង្កត់ធ្ងន់ថាវឌ្ឍនភាពដែលត្រូវបានកត់សម្គាល់បន្ថែមទៀតនោះគឺ ការប្រែប្រួលប្រកបដោយភាពវិជ្ជមាន ក្នុងការផ្តល់សេវាសន្តិសុខ និងសេវាតម្រូវការចាំបាច់ជូនប្រជាពលរដ្ឋ របស់មន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាល ដែលជាកម្លាំងស្នូលនៃ ការជំរុញចលនាអនុវត្តគោលនយោបាយជាតិ ស្ដីពី « ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព »។
សម្តេចតេជោ ហ៊ុន សែន បន្តទៀតថា ការពង្រឹងសីលធម៌ វិន័យ ការកែប្រែឥរិយាបថធ្វើការងារ និងការពង្រឹងសមត្ថភាពជំនាញដល់មន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាល ព្រមទាំងការអនុវត្ត របៀបរបបធ្វើការងារតាមរបត់នគរបាល និងសហគមន៍ បានធ្វើឲ្យប្រជាពលរដ្ឋផ្លាស់ប្តូរផ្នត់គំនិត ពីការថ្នាំងថ្នាក់ រិះគន់ បែរមកកោតសរសើរ គាំទ្រ និងចូលរួមសហការ។
នាយករដ្ឋមន្ត្រីកម្ពុជាថា ស្ថិតក្នុងកាលៈទេសៈប្រកបដោយហានិភ័យ នៃការបង្ការទប់ស្កាត់ការឆ្លងរាតត្បាតជំងឺកូវីដ-១៩ កងកម្លាំង នគរបាលជាតិ បានចូលរួមយ៉ាងផុលផុស ជាមួយគ្រប់គណៈកម្មការប្រយុទ្ធប្រឆាំងការឆ្លងរាតត្បាតជំងឺកូវីដ-១៩ ដោយបានសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ធ្វើការផ្សព្វផ្សាយអប់រំដល់ប្រជាពលរដ្ឋ ការពារគោលដៅ ធ្វើចត្តាឡីស័ក មន្ទីរពេទ្យ ឬ មណ្ឌលព្យាបាលជំងឺកូវីដ-១៩ ស្រាវជ្រាវស្វែងរកបុគ្គលគេចវេសពីការព្យាបាល ឬ ការធ្វើចត្តាឡីស័ក ទប់ស្កាត់ការជ្រៀតចេញ-ចូលឆ្លងកាត់ព្រំដែនគេចវេសពីការធ្វើចត្តាឡីស័ក និងការដាក់ពង្រាយកម្លាំង អនុវត្តវិធានការហាមឃាត់ការឆ្លងកាត់ភូមិសាស្ត្ររវាងខេត្ត និងខេត្ត ក៏ដូចជាវិធានការបិទខ្ទប់ភូមិសាស្ត្ររាជធានី ភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល។
ឆ្នាំ២០២១ និងឆ្នាំ២០២២ ខាងមុខនេះ ស្របពេលដែលសង្គ្រាមប្រឆាំងជំងឺកូវីដ-១៩ នៅតែបន្តនិងពុំអាចកំណត់ពេលវេលាបញ្ចប់បានច្បាស់លាស់នោះ សភាពការណ៍សន្តិសុខសកលលោក ក៏នៅតែបន្តប្រែប្រួលស្មុគស្មាញ ពោរពេញដោយគ្រោះថ្នាក់ ហើយនឹងជះឥទ្ធិពលជាអវិជ្ជមាន ដល់បរិយាកាសសន្តិសុខនៅកម្ពុជាយើងជាក់ជាមិន ខានឡើយ។
សម្តេចតេជោ បានថ្លែងនូវការកោតសរសើរ លើកទឹកចិត្តបន្ថែមទៀតចំពោះពលិកម្មប្រកបដោយស្មារតីអង់អាចក្លាហានរបស់កងកម្លាំងនគរបាលជាតិក្នុងកិច្ចការពារសុខភាពសាធារណៈ ក៏ដូចជាអាយុជីវិតប្រជាពលរដ្ឋ និងសង្គមជាតិ៕