ភ្នំពេញ៖ ក្រសួងសុខាភិបាលសម្រេច លុបចោលការហាមឃាត់អ្នកដំណើរ និងអ្នកដែលបានឆ្លងកាត់ប្រទេសចំនួន១០ នៅទ្វីបអាហ្វ្រិក ដោយជំនួសមកវិញដោយវិធានការថ្មីសម្រាប់ចូលកម្ពុជា។
ក្នុងសេចក្ដីប្រកាសព័ត៌មានចុះថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២១ រដ្ឋមន្ត្រីសុខាភិបាលបានសម្រេចកែតម្រូវវិធានការសុខាភិបាលដល់អ្នកដែលធ្វើដំណើរ និងមានប្រវត្តិធ្វើដំណើរពីប្រទេស ប៊ូស្វាណា អ៉ីសវ៉ាន់ទីណា ឡេសូតូ ម៉ូហ្សង់ប៊ិច ណាមីប៊ី អាហ្វ្រិកខាងត្បូង ម៉ាឡាវី អង់ហ្គោឡាខាងត្បូង និងហ្សាមប៊ី និងប្រទេសផ្សេងទៀតដែលត្រូវ បានចាត់ទុកថាជា "ប្រទេសដែលមានការព្រួយបារម្ភ" អំឡុងពេល២សប្ដាហ៍មុនធ្វើដំណើរចូលប្រទេសកម្ពុជា ក្រៅពីបង្ហាញកាតចាក់វ៉ាក់សាំង និងវិញាបនបត្របញ្ជាក់ថាគ្មានជំងឺកូវីដ-១៩ដែលធ្វើដោយធ្វើតេស្ត PCR test និងលើកទឹកចិត្តទិញធានារ៉ាប់រង ត្រូវធ្វើសំណាកតេស្តរហ័សនៅពេលចូលដល់កម្ពុជា និងមានវិធានការចត្តាឡីស័ក៧ថ្ងៃ។
ក្នុងសេចក្ដីប្រកាសនោះបញ្ជាក់ទៀតថា ក្នុងករណីតេស្តរហ័សរកឃើញវិជ្ជមាន ត្រូវបញ្ជូនទៅធ្វើសំណាក់PCRបន្តទៀត ហើយបើរកឃើញអវិជ្ជមានត្រូវបន្តធ្វើចត្តាឡីស័កចំនួន៧ថ្ងៃ ខណៈបើរកឃើញវិជ្ជមានត្រូវបញ្ជូនទៅព្យាបាល។
ក្នុងសេចក្ដីប្រកាសនោះសរសេរថា អ្នកដំណើរជាជនបរទេសត្រូវកក់សណ្ឋាគារសម្រាប់ការធ្វើចត្តាឡីស័ករយៈពេល៧ថ្ងៃ។ ក្នុងករណី អ្នកដំណើរមិនបានកក់សណ្ឋាគារត្រូវទៅកាន់បញ្ជរធនាគារ ដើម្បីតម្កល់ប្រាក់ ១ ០០០ ដុល្លារអាមេរិក។ សម្រាប់ធានាចំណាយទាំងអស់ពាក់ព័ន្ធនឹងការធ្វើចត្តាឡីស័ក ក្នុងអំឡុងពេលធ្វើចត្តាឡីស័ករយៈពេល៧ថ្ងៃ នៅទីកន្លែងដែលកំណត់ដោយក្រសួងសុខាភិបាល ឬអាជ្ញាធរមូលដ្ឋាន។
ចំពោះអ្នកដែលមិនទាន់បានចាក់វ៉ាក់សាំង ក្រៅពីធ្វើតេស្តគឺត្រូវដាក់ធ្វើចត្តាឡីស័ក១៤ថ្ងៃ។
ការសម្រេចរបស់ក្រសួងសុខាភិបាលពេលនេះ គឺបន្ទាប់ពីនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី២ ខែធ្នូ បញ្ជាដល់រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងក្រសួងសេដ្ឋកិច្ច ពិភាក្សាគ្នាលើការកែតម្រូវវិធានការសម្រាប់ប្រទេស១០នៅអាហ្វ្រិកដែលកម្ពុជាសម្រេចហាមឃាត់កាលពីថ្ងៃទី២៩ វិច្ឆិកាកន្លងទៅ ដោយថាមិនគួរទុកឱ្យអាហ្វ្រិកឯការនោះទេ៕