ភ្នំពេញ៖ គណៈសង្ឃនាយក និងតាងនាមឱ្យសម្តេច ព្រះរាជាគណៈ ព្រះមេគណ ព្រះអនុគណ មន្ត្រីសង្ឃ គ្រប់ឋានានុក្រម គណៈមហានិកាយ បានប្រកាសគាំទ្រការលើកឡើងរបស់នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ដែលបានប្រកាសគាំទ្រលោក ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៅពេលអនាគត។
ក្នុងញាត្តិគាំទ្រនៅថ្ងៃនេះ គណៈសង្ឃនាយកគណៈមហានិកាយបានចាត់ទុកលោក ហ៊ុន ម៉ាណែត ជាមនុស្សម្នាក់ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ទាំង ចំណេះដឹង សមត្ថភាព ទេពកោសល្យ សីលធម៍ ដែលទទួលបានការគោរពកោតសរសើរ និងការស្រឡាញ់រាប់អាន ពីសំណាក់ពុទ្ធសាសនិកជន និងព្រះសង្ឃខ្មែរ ហើយបាននឹងកំពុងរួមចំណែកដឹកនាំយ៉ាងសកម្មក្នុង បេសកកម្ម ដើម្បីជាតិ សាសនា ព្រះមហាក្សត្រ និងប្រជាជនកម្ពុជា។
គណៈសង្ឃនាយកជឿជាក់លើការសម្រេចរបស់សម្ដេចតេជោក្នុងការគាំទ្រលោក ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនាថ្ងៃអនាគត។
ក្នុងញាត្តិគាំទ្រនោះគណៈសង្ឃនាយកលើកឡើងថា៖ «គណៈសង្ឃនាយក សម្តេច ព្រះរាជាគណៈ ព្រះមេគណ ព្រះអនុគណ មន្ត្រីសង្ឃគ្រប់ ឋានានុក្រម សូមធ្វើការប្តេជ្ញាចិត្ត ចូលរួមគ្រប់សកម្មភាពដោយឥតងាករេ ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ឧត្តុង្គឧត្តមរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបាននាំមកនូវសុខសន្តិភាព ស្ថិភាពសង្គម សណ្តាប់ធ្នាប់សាធារណៈ ឯករាជ្យភាព អធិបតេយ្យភាពជាតិ និងបន្តអភិវឌ្ឍសេដ្ឋកិច្ច សង្គមប្រកបដោយចីរភាពនៅព្រះរាជាណាចក្រកម្ពុជា ព្រមទាំងមានជំនឿយ៉ាងមុតមាំថា ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែតពិតជាឥស្សរជនខ្មែរដែលសក្តិសមជា នាយករដ្ឋមន្ត្រីនៃកម្ពុជា នាពេលអនាគត» ។
ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់នូវហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្តព្រះសីហនុកាលពីព្រឹកមិញ សម្ដេចតេជោ ហ៊ុន សែន បានប្រកាសគាំទ្រកូនប្រុសច្បងរបស់សម្ដេចគឺលោក ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីតពីសម្ដេច។
លោក ហ៊ុន ម៉ាណែត អាយុ៤៤ឆ្នាំ គឺជាកូនប្រុសច្បងរបស់នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន។ លោកជាជនជាតិកម្ពុជាដំបូងដែលបញ្ចប់ការសិក្សានៅឯបណ្ឌិតសភាយោធា West Point របស់សហរដ្ឋអាមេរិក និងជាបណ្ឌិតសេដ្ឋកិច្ចនៃសកលវិទ្យាល័យ Bristol របស់ចក្រភពអង់គ្លេសផងដែរ។ បច្ចុប្បន្នលោក ហ៊ុន ម៉ាណែត មានឋារន្តរស័ក្កិជាឧត្តមសេនីយ៍ឯកផ្កាយ៣ កាន់តួនាទីជាអគ្គមេបញ្ជារងទ័ព និងជាមេបញ្ជាការកងទ័ពជើងគោកនៃកងយុទ្ធពលខេមរភូមិន្ទ៕