
សម្ដេចតេជោអំពាវនាវឱ្យមានការគាំទ្រឱ្យកម្ពុជាសម្រេចបានការរួចផុតពីការគំរាមកំហែងនៃគ្រាប់មីននៅឆ្នាំ ២០២៥
ភ្នំពេញ៖ នាយករដ្ឋមន្រ្តីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានអរគុណដល់ដៃគូអភិវឌ្ឍ ប្រទេសជាមិត្ត និងអង្គការសប្បុរសធម៌ទាំងអស់ ដែលបាននិងកំពុងផ្តល់វិភាគទាន ក៏ដូចជាអ្នកប្រតិបត្តិករដោះមីនទាំងអស់នៅកម្ពុជាដែលបានខិតខំក្នុងការជួយធ្វើឱ្យកម្ពុជាជោគជ័យក្នុងវិស័យសកម្មភាពមីន មកដល់ពេលបច្ចុប្បន្ន។
សម្ដេចបានអំពាវនាវទៅដល់ប្រទេសជាមិត្ត ដៃគូអភិវឌ្ឍន៍ វិស័យឯកជន អង្គការសប្បុរសធម៌ បន្តការជួយគាំទ្រ ផ្ដល់កិច្ចសហការ និងភាពជាដៃគូឱ្យកាន់តែខ្លាំងក្លា ជាមួយរាជរដ្ឋាភិបាលលើវិស័យមីន ដើម្បីឱ្យកម្ពុជាបានរួចផុតពីការគំរាមកំហែងដោយសារគ្រាប់មីនត្រឹមឆ្នាំ២០២៥ដូចការគ្រោងទុកផងដែរ។
សម្ដេចតេជោលើកឡើងថា៖ «ខ្ញុំសូមអំពាវនាវយ៉ាងទទូចដល់ដៃគូអភិវឌ្ឍ ប្រទេសជាមិត្ត អង្គការសប្បុរសធម៌ ក៏ដូច ជាវិស័យឯកជនបន្តការជួយគាំទ្រ ផ្ដល់កិច្ចសហការ និងភាពជាដៃគូឱ្យកាន់តែខ្លាំងក្លា ជាមួយអាជ្ញាធរមីនដែល ជាសេនាធិការរបស់រាជរដ្ឋាភិបាលលើវិស័យមីន ដើម្បីឱ្យកម្ពុជាបានរួចផុតពីការគំរាមកំហែងដោយសារគ្រាប់មីន ត្រឹមឆ្នាំ២០២៥ ដូចការតាំងចិត្តដែលមានចែងនៅក្នុងផែនការយុទ្ធសាស្ត្រជាតិសកម្មភាពមីន ២០១៨-២០២៥ » ។
ចាប់ពីខែមករា ឆ្នាំ១៩៧៩ ដល់ខែកក្កដា ឆ្នាំ២០២១ មានជនរងគ្រោះដោយសារយុទ្ធភណ្ឌគ្រឿងផ្ទុះចំនួន ៦៤ ៩៥០នាក់ ដែលបានកត់ត្រាដោយមន្ត្រី-បុគ្គលិកប្រមូលទិន្នន័យរបស់ការិយាល័យ CMVIS។ ក្នុងចំណោមជនរងគ្រោះចំនួន ៦៤ ៩៥០នាក់ រួមមាន ជនរងគ្រោះដោយសារមីន ៥១ ១៤២នាក់(៧៩%) និងសំណល់ជាតិផ្ទុះពីសង្គ្រាម ១៣ ៨០៨នាក់(២១%)។
ជនរងគ្រោះស្លាប់ ១៩ ៨០៦នាក់(៣០% របួស ៣៦ ០៧៧នាក់(៥៦%) និងពិការអវៈយវៈ ៩ ០៦៧នាក់(១៤%)៕