ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានកំណត់យកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១ នេះជាថ្ងៃកាន់ទុក្ខជាតិនៅការសោយទីវង្គតរបស់សម្ដេចក្រុមព្រះនរោត្តមរណឫទ្ធិ។
ក្នុងសារាចរណែនាំចុះថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២១នេះ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជា គ្រប់ក្រសួង ស្ថាប័ន សាលារៀន មន្ទីរពេទ្យរបស់រដ្ឋ ឯកជនទាំងអស់ និងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ គ្រប់ទីវត្តអារាម ព្រមទាំងប្រជាជនទូទាំងប្រទេស ត្រូវ បង្ហូតទង់ជាតិត្រឹមពាក់កណ្តាលនៃដងទង់ជាតិ នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១ ជាមួយគ្នានោះគ្រប់ស្ថានីយ៍វិទ្យុ និងទូរទស្សន៍ជាតិ និងឯកជនទាំងអស់ ត្រូវផ្អាកការសម្ដែង និងចាក់ផ្សាយនូវទស្សនីយភាពផ្សេងៗ ដែលមានលក្ខណៈសប្បាយ៍គគ្រឹកគគ្រេងផងដែរដើម្បីចូលរួមគោរពវិញាណក្ខន្តដល់សម្ដេចក្រុមព្រះ ។
សម្ដេចតេជោថា៖ «ទទួលបានសារាចរណែនាំនេះ គ្រប់ក្រសួង ស្ថាប័ន គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ អន្តរជាតិ និងរដ្ឋបាលដែនដីគ្រប់លំដាប់ថ្នាក់ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ព្រមទាំងជនរួមជាតិទាំងអស់ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវចូលរួមអនុវត្តឱ្យមានប្រសិទ្ធភាព ខ្ពស់ ដើម្បីជាកិច្ចចូលរួមមរណទុក្ខដ៏ក្រៀមក្រំបំផុតនេះ» ។
សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បានយាងចូលទីវង្គតនៅព្រះជន្មាយុ៧៧វស្សា ដោយព្រះរោគាពាធ ក្នុងប្រទេសបារាំងកាលពីព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា។
ព្រះអង្គប្រសូតនៅថ្ងៃទី២ ខែមករា ឆ្នាំ១៩៤៤ គឺជាបុត្រទី២របស់សម្ដេចព្រះនរោត្តម សីហនុ និងអ្នកម្នាង ផាត់ កាញ៉ុល។ ព្រះអង្គធ្លាប់ធ្វើជានាយករដ្ឋមន្ត្រីទី១ ពីឆ្នាំ១៩៩៣ ដល់ឆ្នាំ១៩៩៧ និងបានក្លាយជាប្រធានសភាជាតិពីឆ្នាំ១៩៩៨ ដល់ឆ្នាំ២០០៦៕