
សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោបញ្ជាទិញឱសថព្យាបាលជំងឺកូវីដ-១៩របស់អាមេរិកចំនួន៤លានគ្រាប់
ភ្នំពេញ៖ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោហៅកាត់ថា TYDA បានចុះហត្ថលេខាបញ្ជាទិញឱសថ ម៉ុលនុយពីរ៉ាវា (MOLNUPIRAVIR) ប្រើប្រាស់ក្នុងការព្យាបាលជំងឺកូវីដ-១៩ ចំនួន៤លានគ្រាប់សម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ ចំនួនដប់ម៉ឺននាក់។
ឱសថនេះ នឹងសម្រាប់ប្រើប្រាស់តាមមន្ទីរពេទ្យរដ្ឋ និងចែកចាយដល់វិស័យឯកជន រួមមានតាមឱសថស្ថាន និងគ្លីនិកឯកជន។
ក្រសួងសុខាភិបាលអនុញ្ញាតប្រើឱសថឈ្មោះ ម៉ុលនុយពីរ៉ាវា(MOLNUPIRAVIR) ដែលជាផលិតផលរបស់សហរដ្ឋអាមេរិកសម្រាប់ប្រើប្រាស់ក្នុងការព្យាបាលជំងឺកូវីដ-១៩ក្នុងពេលបន្ទាន់នៃគ្រោះអាសន្នសុខភាពសាធារណៈនៃជំងឺកូវីដ-១៩។
យោងតាមវិញ្ញាបនបត្រអនុញ្ញាតប្រើប្រាស់ក្នុងលក្ខខណ្ឌបន្ទាន់ រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង បានបញ្ជាក់ថា ឱសថនេះជាប្រភេទឱសថគ្រាប់ប្រើតាមមាត់ប្រឆាំងនឹងមេរោគកូវីដ-១៩ ដែលមានសុវត្ថិភាព និងប្រសិទ្ធភាពខ្ពស់សម្រាប់ព្យាបាលជំងឺកូវីដ-១៩។
ឱសថ Molnupiravir ជាផលិតផលរបស់ក្រុមហ៊ុន Merck របស់សហរដ្ឋអាមេរិកក្នុងការអភិវឌ្ឍនិងផលិតសម្រាប់ព្យាបាលជំងឺកូវីដ-១៩៕