វិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ា (ERIA) ប្ដេជ្ញាបន្តជំរុញ ពង្រឹង និងពង្រីក កិច្ចសហប្រតិបត្តិការរវាង ERIA និងរាជរដ្ឋាភិបាលកម្ពុជា ឱ្យកាន់តែរឹងមាំបន្ថែមទៀត | ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់៖ រដ្ឋាភិបាលអាល្លឺម៉ង់នឹងបន្តការគាំទ្រដល់ការរីកចម្រើន និងការអភិវឌ្ឍរបស់កម្ពុជា ស្របតាមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា | ក្រុមហ៊ុន Lee Li Holdings Group បង្ហាញចំណាប់អារម្មណ៍វិនិយោគលើវិស័យសក្តានុពលមួយចំនួននៅព្រះរាជាណាចក្រកម្ពុជា | ឯកអគ្គរាជទូតម៉ាឡេស៊ី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា​ ប្ដេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាឱ្យកាន់តែល្អប្រសើរបន្ថែមទៀត |

រដ្ឋមន្រ្តីក្រសួងព័ត៌មាន ជំរុញទៅអ្នកសារព័ត៌មានចូលរួមលុបបំបាត់នូវដំណឹងក្លែងក្លាយ

សៀមរាប៖ រដ្ឋមន្ត្រីក្រសួងព័ត៌មានលោក ខៀវ កាញារីទ្ធ បានលើកឡើងថា ដំណឹងក្លែងក្លាយ បានធ្វើឲ្យប្រជាពលរដ្ឋបាត់បង់ការទុកចិត្តមកលើរដ្ឋាភិបាល ដូច្នេះការចូលរួមរបស់អ្នកសារព័ត៌មាន បានចូលរួមយ៉ាងសំខាន់ក្នុងការលុបបំបាត់ដំណឹងក្លែងក្លាយនេះ តាមរយៈការផ្សាយព័ត៌មានពិតដែលខ្លួនមាន ។

ថ្លែងក្នុងសិក្ខាសាលាស្តីពីផលប៉ះពាល់ នៃដំណឹងក្លែងក្លាយ និងដំណោះស្រាយរបស់រដ្ឋាភិបាលនៅខេត្តសៀមរាប នៅព្រឹកថ្ងៃទី០៣ខែធ្នូ ឆ្នាំ២០២១ លោករដ្ឋមន្ត្រី ខៀវ កាញារីទ្ធិ បានថ្លែងថាក្នុងអំឡុងពេលនៃការរីករាលដាលនៃជំងឺកូវីដ-១៩ មានការបង្កើតដំណឹងក្លែងក្លាយជាច្រើនក្នុងគោលបំណងធ្វើឱ្យមហាជន បាត់បង់ទំនុកចិត្តលើរដ្ឋាភិបាល ទោះជាយ៉ាងណារដ្ឋាភិបាលបានឆ្លើយតបបានភ្លាមៗដែលអាចរក្សាស្ថេរភាពសង្គមបាន។

លោករដ្ឋមន្ត្រីលើកឡើងថា៖ «ក្រៅពីការបង្កើតដំណឹងក្លែងក្លាយដោយក្រុមអមិត្ត ក្នុងគោលបំណងធ្វើឱ្យមហាជន បាត់បង់ទំនុកចិត្តលើរដ្ឋាភិបាល និងការចែករំលែកបន្តដោយមិនបានមើលគ្រប់ជ្រុងជ្រោយពី សំណាកអ្នកអានមួយចំនួននោះ អ្នកសារព័ត៌មានយើង គឺមានតួនាទីសំខាន់ ក្នុងការលុបបំបាត់នូវ ដំណឹងក្លែងក្លាយទាំងនោះ ក្នុងការជួយណែនាំ និងជួយធានានូវទំនុកចិត្តរបស់ប្រជាពលរដ្ឋលើរដ្ឋាភិបាល តាមរយៈផ្សាយព័ត៌មានពិតដែលខ្លួនមាន» ។

រដ្ឋមន្ត្រីក្រសួងព័ត៌មាន បន្តថាការអនុវត្តតួនាទីស្របតាមវិជ្ជាជីវៈរបស់ខ្លួនរបស់អ្នកសារព័ត៌មាន ជាពិសេសនៅក្នុងស្ថានភាពតានតឹង ដូចជាការឆ្លងរាលដាលនៃជំងឺកូដ-១៩ វាមានភាពចាំបាច់ដោយសារបានចូលរួមចំណែកជាមួយរដ្ឋាភិបាល ក្នុងការផ្សព្វផ្សាយគោលការណ៍បន្ទាន់ៗឆ្លើយតបទៅនឹងព្រឹត្តិការណ៍ថ្មីៗទៅកាន់ប្រជាពលរដ្ឋ ក៏ដូចជាផ្ដល់នូវព័ត៌មានសំខាន់ជូនប្រជាពលរដ្ឋនិងពាំនាំនូវតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋជូនរដ្ឋាភិបាលវិញ។

សាធារណរដ្ឋប្រជាមានិតចិន តាមរយៈកិច្ចសហប្រតិបត្តិការអនុតំបន់ មេគង្គ-ឡានឆាង បានផ្តល់ជំនួយក្រោមមូលនិធិពិសេស ដល់បណ្តាប្រទេសតាមបណ្ដោយទន្លេមេគង្គមានដូចជា មីយ៉ាន់ម៉ា ថៃ ឡាវ កម្ពុជា និងវៀតណាម។ ក្រសួងព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជា តាមរយៈជំនួយនេះបានសម្រេចនូវគម្រោងស្រាវជ្រាវក្រោមប្រធានបទ ផលប៉ះពាល់នៃព័ត៌មានមិនពិត និងដំណោះស្រាយរបស់រដ្ឋាភិបាល ដែលនឹងបានប្រកាសផ្សព្វផ្សាយនូវសៀវភៅស្តីពី ផលប៉ះពាល់នៃព័ត៌មានមិនពិត និងដំណោះស្រាយរបស់រដ្ឋាភិបាល ដែលជាលទ្ធផលនៃការស្រាវជ្រាវនេះផងដែរ។

ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានព័ត៌មាននិងសោតទស្សន៍ លោក ផុស សុវណ្ណ បានលើកឡើងថាដើម្បីឆ្លើយតបនឹងព័ត៌មានក្លែងក្លាយ ក្រសួងព័ត៌មានបានបង្កើតនូវគណៈកម្មការតាមដានការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ដែលគណៈកម្មការនេះ អនុវត្តកិច្ចសហប្រតិបត្តិការជាមួយអគ្គស្នងការនគរបាលជាតិនៃក្រសួងមហាផ្ទៃ និងនិយ័តករទូរគមនាគមន៍កម្ពុជា នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។ ជាលទ្ធផល ករណីមួយចំនួន ត្រូវបានភាគីពាក់ព័ន្ធចូលរួមដោះស្រាយនិងលុបបំបាត់បានទាន់ពេលវេលា ក៏ប៉ុន្តែក៏នៅមានដំណឹងក្លែងក្លាយមួយចំនួនទៀតនៅតែចែកចាយដដែល មូលហេតុបណ្ដាលមកពីថ្នាលបណ្តាញសង្គមដែលដំណឹងក្លែងក្លាយនោះបានផ្សព្វផ្សាយមិនស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាល។

បើតាមលោករដ្ឋមន្ត្រី ខៀវ កាញារីទ្ធ ប្រទេសសិង្ហបុរីជាប្រទេសឈានមុខគេក្នុងតំបន់អាស៊ាន ដែលមាននូវច្បាប់ប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ខណៈម៉ាឡេស៊ី ធ្លាប់បានអនុម័ត និងដកចេញវិញ។ រីឯប្រទេស ចំនួនទៀត ត្បិតមិនមានច្បាប់ប្រឆាំងព័ត៌មានក្លែងក្លាយដោយឡែក ប៉ុន្តែមានច្បាប់ដទៃទៀត ដែលមានភាពពាក់ព័ន្ធការបង្កើតឱ្យមាននូវដំណឹងក្លែងក្លាយ ដែលមានបង្កផលប៉ះពាល់ដល់សង្គមជាតិ។ សម្រាប់កម្ពុជាមិនទាន់មានយន្តការបង្កើតច្បាប់ដូចសិង្ហបុរីនោះទេ ដោយសារតែកម្ពុជាគ្រប់គ្រងបានល្អ ទោះជាយ៉ាងណាច្បាប់មួយចំនួនទៀតដែលមានភាពពាក់ព័ន្ធអាចនឹងត្រូវបានអនុម័តដូចជាច្បាប់ឧក្រិដ្ឋកម្មបច្ចេកវិទ្យាជាដើម៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក