ស្ទឹងត្រែង៖ រដ្ឋមន្ត្រីក្រសូងសុខាភិបាលកម្ពុជាលោក ម៉ម ប៊ុនហេង បានលើកឡើងថាកម្ពុជាមិនអាចយកឈ្នះជំងឺកូវីដ-១៩បានទាំងស្រុងនោះទេបើប្រទេសជិតខាងកម្ពុជានៅតែមានជំងឺរាតត្បាតនេះ ដូច្នេះហើយការជួយដល់ប្រទេសជិតខាងដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺគឺមានភាពចាំបាច់ណាស់ក្នុងការបញ្ជាក់ពីការជួយគ្នានៃប្រទេសជិតខាង ក៏ដូចជាបញ្ជៀសនៃការឆ្លងរាលដាលពីប្រទេសទាំងនោះចូលកម្ពុជាវិញផងដែរ។
ថ្លែងប្រាប់អ្នកសារព័ត៌មានបន្ទាប់ពីប្រគល់វ៉ាក់សាំងចំនួន៥០ម៉ឺនដូស និងឡានដឹកវ៉ាក់សាំងការពារជំងឺកូវីដ-១៩ចំនួន៣គ្រឿងដល់សាធារណរដ្ឋប្រជាមានិតឡាវនៅព្រឹកនេះលោក ម៉ម ប៊ុនហេង បានថ្លែងថា ការផ្ដល់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ដល់ប្រទេសឡាវជាលើកទី៣នាពេលនេះជាកាយវិការសប្បុរសធម៌របស់កម្ពុជាដែលបង្ហាញភាពជាមិត្ត និងការចែករំលែកការលំបាកជាមួយអ្នកជិតខាងខ្លួន ក៏ដូចជាការពារដល់ដល់ខ្លួនឯងផងដែរ។
លោកថ្លែងថា៖ «យើងមិនអាចនៅសុខបានទេប្រទេសដែលជាប់ៗគ្នានេះបើប្រទេសជាប់គ្នាមានបញ្ហា។ ឧទាហរណ៍ដូចកូវីដអញ្ចឹងមនុស្សមានការឡើងចុះ។ អញ្ចឹងយើងធ្វើយ៉ាងមិចជួយឱ្យប្រជាជនឡាវបានចាក់វ៉ាក់សាំងគ្រប់គ្នាហើយយើងធ្វើទំនាក់ទំនងគ្នាកុំឱ្យមានការឆ្លងចុះឆ្លងឡើងនូវជំងឺកូវីដនេះ ទើបយើងអាចពង្រីកនូវទំនាក់ទំនងសេដ្ឋកិច្ចសង្គមដោយសុវត្ថិភាព» ។
ថ្លែងក្នុងពិធីប្រគល់និងទទួលវ៉ាក់សាំង និងឡានដឹកវ៉ាក់សាំងនៅព្រឹកនេះនៅព្រំដែនកម្ពុជា-ឡាវក្នុងខេត្តស្ទឹងត្រែង រដ្ឋមន្ត្រីសុខាភិបាលឡាវលោក Bounfeng Phoummalaysith បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា និងប្រជាជនកម្ពុជាដែលបានផ្ដល់អំណោយដល់ប្រទេសឡាវក្នុងការប្រយុទ្ធនឹងជំងឹកូវីដ-១៩ជាបន្តបន្ទាប់។ លោកបន្ថែមថាការផ្ដល់ជំនួយពីកម្ពុជាដល់ឡាវជាបន្តបន្ទាប់នាពេលនេះជាការបង្ហាញនូវសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការណ៍យ៉ាងជិតស្និតក្នុងនាមជាអ្នកជិតខាងល្អ។
លោកថា៖ «ជំនួយនេះមានសារៈសំខាន់ក្នុងការទប់ស្កាត់ និងប្រឆាំងជំងឺកូវីដ-១៩ ដែលឡាវជួបប្រទះនិងការការពារដល់សហគមន៍ និងធ្វើឱ្យសម្រេចបាននូវការចាក់វ៉ាក់សាំងដល់ពលរដ្ឋឡាវឱ្យបានយ៉ាងហោច៥០%នៅចុងឆ្នាំ២០២១ និងធ្វើឱ្យមានការរស់នៅតាមរបៀបថ្មី និងស្ដារសេដ្ឋកិច្ចសង្គមឡើងវិញ» ។
ក្នុងជំនួបពិភាក្សាទ្វេភាគីជាមួយនាយករដ្ឋមន្ត្រីឡាវ កាលពីថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ ២០២១ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានផ្តល់វ៉ាក់សាំងស៊ីណូហ្វាក់ចំនួន៥០ម៉ឺនដូស និង រថយន្តដឹកវ៉ាក់សាំងចំនួន៣គ្រឿង ជូនសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ។ ទន្ទឹមនឹងនេះរាជរដ្ឋាភិបាលកម្ពុជាក៏បានផ្តល់នូវទឹកប្រាក់ចំនួន ១៣លានដុល្លារសហរដ្ឋអាមេរិក ដែលក្នុងនោះ ៣លានដុល្លារ ជាថវិការបស់រាជរដ្ឋាភិបាលកម្ពុជា និង១០លាន ដុល្លារ ជាថវិការបស់សប្បុរសជន ជូនដល់រដ្ឋាភិបាលឡាវ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩។
នេះជាការផ្ដល់ជំនួយជាលើកទី៣ហើយដែលកម្ពុជាផ្ដល់ដល់ប្រទេសឡាវ បន្ទាប់ពីជំនួយជាម៉ាស់២លាន១សែន និងបរិក្ខារពេទ្យ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ និងអំណោយវ៉ាក់សាំងប្រភេទស៊ីណូវ៉ាក់ចំនួន២សែនដូសកាលពីខែកញ្ញាកន្លង។
ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ និងប្រព័ន្ធចម្រោះទឹកកខ្វក់នៅក្នុងខេត្តព្រះសីហនុកាលពីថ្ងៃទី២ ខែធ្នូ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជាជាជាប្រទេសដឹងគុណអ្នកដែលបានជួយខ្លួន ដោយសម្ដេចបានរំលឹកដល់ការលំបាករបស់កម្ពុជាកាលពីឆ្នាំ១៩៧៩បន្ទាប់ពីការដួលរលំនៃរបបខ្មែរក្រហម កម្ពុជាបានទទួលបានការគាំទ្រនិងជំនួយពីប្រទេសឡាវនិងវៀតណាមដើម្បីជួយដល់ពលរដ្ឋ ក្នុងពេលដែលពេលនោះពលរដ្ឋប្រទេសទាំងពីរនោះក៏លំបាកដូចគ្នាដែលនេះហើយដែលសម្ដេចថាជាទឹកចិត្តដែលកម្ពុជាមិនអាចបំភ្លេចបាននោះទេ៕