ភ្នំពេញ៖ សមាជិកនៃគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជាលោក ជា សុផារ៉ា បានយល់ស្របតាមគំនិតរបស់សម្ដេចតេជោ ហ៊ុន សែន ដែលបានគាំទ្រលោក ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីកម្ពុជានាពេលអនាគត ដោយថាលោក ហ៊ុន ម៉ាណែត គឺជាបញ្ញាវន្តខ្មែរមួយរូបដែលមានចំណេះដឹង បទពិសោធន៍ និងលក្ខណៈគ្រប់គ្រាន់ជាអ្នកបន្តវេនកាន់កិច្ចការប្រទេសជាតិ។
ក្នុងញាត្តិគាំទ្រចុះថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១ លោក ជា សុផារ៉ា បានលើកឡើងថា «ឯកឧត្តម ហ៊ុន ម៉ាណែត គឺជាបញ្ហាវន្តខ្មែរមួយរូប និងជាថ្នាក់ដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាដែលមានចំណេះដឹង បទពិសោធន៍ សមត្ថភាព និងលក្ខណៈសម្បត្តិគ្រប់គ្រាន់សក្កិសមបំផុតក្នុងការបំពេញតួនាទីនិងភារកិច្ចបន្តវេនដឹកនាំប្រទេសជាតិនៅថ្ងៃអនាគត»។
ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់នូវហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្តព្រះសីហនុកាលពីព្រឹកមិញ សម្ដេចតេជោ ហ៊ុន សែន បានប្រកាសគាំទ្រកូនប្រុសច្បងរបស់សម្ដេចគឺលោក ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីតពីសម្ដេច។ ការប្រកាសនេះធ្វើឱ្យមានការសាទរជាបន្តបន្ទាប់ពីជួរថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៅកម្ពុជា។
លោក ហ៊ុន ម៉ាណែត អាយុ៤៤ឆ្នាំ គឺជាកូនប្រុសច្បងរបស់នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេច តេជោ ហ៊ុន សែន។ លោកជាជនជាតិកម្ពុជាដំបូងដែលបញ្ចប់ការសិក្សានៅឯបណ្ឌិតសភាយោធា West Point របស់សហរដ្ឋអាមេរិក និងជាបណ្ឌិតសេដ្ឋកិច្ចនៃសកលវិទ្យាល័យ Bristol របស់ចក្រភពអង់គ្លេសផងដែរ។ បច្ចុប្បន្ន លោក ហ៊ុន ម៉ាណែត មានឋារន្តរស័ក្កិជាឧត្តមសេនីយ៍ឯកផ្កាយ៣ កាន់តួនាទីជាអគ្គមេបញ្ជារងទ័ព និងជាមេបញ្ជាការកងទ័ពជើងគោកនៃកងយុទ្ធពលខេមរភូមិន្ទ៕